COVID-19
ជាតិ
សង្គមជាតិ
ក្រសួង បញ្ចប់ការត្រួតពិនិត្យសុខភាពលើកម្មករ ដោយរកមិនឃើញវិជ្ជមានកូវីដ-១៩
× គិតមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល រកមិនឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើកម្មករ-កម្មការិនីណាម្នាក់នោះទេ ក្នុងចំណោមកម្មករ-កម្មការិនី ដែលបានសម្រាកក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ហើយទៅស្រុកកំណើត។ ក្នុងចំណោមកម្មករ-កម្មការិនីទាំងនោះ មាន១២៥នាក់ ដែលត្រូវបានយកសំណាក់ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ តែសុទ្ធតែអវិជ្ជមានទាំងអស់។
ដោយយោងលើលទ្ធផលអវិជ្ជមាននៃការធ្វើតេស្ដសំណាកទាំង១២៥ករណីនោះ ក្រសួងក្រសួងការងារ ក្រសួងសុខាភិបាល និង អាជ្ញាធរមូលដ្ឋាន សម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាពលើកម្មករ-កម្មការិនីទាំងនោះ នៅល្ងាចថ្ងៃទី២៤ ខែមេសានេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ។
ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ក្រសួងការងារ បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រៀបចំមណ្ឌលត្រួតពិនិត្យសុខភាព១០កន្លែង និងមណ្ឌលចត្តាឡីស័កចំនួន៣កន្លែង ដើម្បីត្រួតពិនិត្យសុខភាពកម្មករ-កម្មការិនី៥០៤៥នាក់។
បើតាមក្រសួងការងារ ក្នុងចំណោមកម្មករ-កម្មការិនីទាំង៥០៤៥នាក់នោះ ៤,៨២៣នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅតាមផ្ទះឬបន្ទប់ជួលរៀងខ្លួន, ១៩៨នាក់ ត្រូវបានដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១និងកម្រិត២, និង២០២នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលចត្តាឡីស័កកម្រិត១និងកម្រិត២ ហើយទៅដាក់ខ្លួនឲ្យនៅដាច់ពីគេរយៈពេល១៤ នៅតាមផ្ទះឬបន្ទប់ជួលរបស់ពួកគេវិញ។
ក្រសួងការងារ រម្លឹកកម្មករ-កម្មការិនីថា ប្រសិនបើមានអាការសង្ស័យពីការឆ្លងជំងឺកូវីដ-១៩ គឺត្រូវទាក់ទងទៅលេខ ១១៥ ឬ ០១២ ៨២៥ ៤២៤៕ © រក្សាសិទ្ធិដោយ thmeythmey.com