ជាតិ
សង្គមជាតិ
រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៣០ហិកតាទៀត ឲ្យទៅឯកជន
01, May 2020 , 2:00 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុក Rak sa
រូបពីគណនីហ្វេសប៊ុក Rak sa
ក្រោយទទួលចំណារយល់ព្រមពីនាយករដ្ឋមន្រ្តី ទីស្តីការគណៈរដ្ឋមន្រ្តី បានជូនដំណឹងពីការកាត់ផ្ទៃបឹងតាមោក៣៤ហិកតាបន្ថែមទៀត ដោយក្នុងចំណោម៣៤ហិកតានោះ ៣០ហិកតា ត្រូវផ្តល់ទៅឲ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។



គេ បានដឹងព័ត៌មានពីការកាត់ផ្ទៃបឹងតាមោក ទៅឲ្យអ្នកស្រី គីម ហ៊ាង តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដែលផ្ញើជូនទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រដ្ឋមន្រ្តីក្រសួងដែនដី រដ្ឋមន្រ្តីធនធានទឹក និង អភិបាលរាជធានីភ្នំពេញ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ពុំបានផ្តល់ព័ត៌មានលម្អិតឡើយថា ការផ្តល់ផ្ទៃបឹងតាមោក៣០ហិកតា ទៅឲ្យអ្នកស្រី គីម ហ៊ាង ក្នុងបំណងអ្វី។ ប៉ុន្តែលិខិតនោះ បញ្ជាក់ថា ការផ្តល់ផ្ទៃបឹង៣០ហិកតា ទៅអ្នកស្រី គីម ហ៊ាង គឺត្រូវដោះស្រាយ (ជាមុន) ជាមួយអ្នកកាន់កាប់ផ្ទៃបឹងតាមោក៣០ហិកតានោះ ដោយក្នុង១ម៉ែត្រការ៉េ មានតម្លៃ៥ដុល្លារ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ថា រឿងនេះ ពាក់ព័ន្ធនឹងទីស្តីការគណៈរដ្ឋមន្រ្តី ដូច្នេះ លោក រុញឲ្យទៅសួរអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី។ តែលោក ឯក ថា ជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បែរជាឆ្លើយថា រឿងនេះ មិនត្រូវសួរលោកទេ គឺត្រូវសួរលោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យរដ្ឋាភិបាល។ មុនចុចផ្តាច់ការហៅចូល លោក ឯក ថា  ប្រាប់ឲ្យត្រឡប់ទៅសួរលោក ផៃ ស៊ីផាន វិញ។

ចំណែកលោក គីម សុភៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច មិនលើកទូរស័ព្ទ។ រីឯ លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី ឆ្លើយថា ទាល់តែលោក ស្រាវជ្រាវលម្អិតពីរឿងនេះសិន ទើបអាចនិយាយបាន។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឆ្លើយស្រដៀងនឹងលោក សេង ឡូត ដែរ ថា លោក មិនទាន់បានឃើញលិខិតនោះទេ ដូច្នេះ លោក ពុំទាន់អាចធ្វើអត្ថាធិប្បាយបានឡើយ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីខាងលើដដែល បានឲ្យដឹងថា ដី៣កន្លែងទៀត រួមមាន ដីទំហំ៣ហិកតា ស្ថិតនៅខាងកើតវិមានឈ្នះឈ្នះ ដីទំហំ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្កាឌិនស៊ីធីព្រែកព្នៅ និង ទីលានចាក់សំរាមស្ទឹងមានជ័យពីមុន ដែលមានទំហំដី៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ ត្រូវបានដោះដូរជាមួយផ្ទៃបឹងតាមោក។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី មិនបានលម្អិតឡើយថា ទីតាំងដីទាំង៣កន្លែង ដែលសរុបមាន៩,៨ហិកតា នឹងត្រូវដោះដូរជាមួយផ្ទៃបឹងតាមោកទំហំប៉ុនណា (តែប្រហែលជាមានទំហំ៤ហិកតា ព្រោះរដ្ឋាភិបាល កាត់៣៤ហិកតា ដោយឲ្យទៅអ្នកស្រី គីម ហ៊ាង ៣០ហិកតា ហើយនៅសល់៤ហិកតា​ ឬក៏អាចលើសពី៤ហិកតា ដែលទុកសម្រាប់ដោះដូរជាមួយទីតាំងដី៣កន្លែងនោះ?)។ លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក៏មិនបានពន្យល់ដែរថា ហេតុអ្វី បានជាយកទីតាំងដី៣កន្លែងនោះ មកដោះដូរជាមួយផ្ទៃបឹងតាមោក។ 

នៅមានលិខិត២ទៀត របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលពាក់ព័ន្ធនឹងការកាត់ផ្ទៃបឹងតាមោក។ លិខិត ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ សម្រេចថា រដ្ឋាភិបាល យល់ព្រមផ្តល់ផ្ទៃបឹងតាមោក៧៥ហិកតា ឲ្យទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានជាតិសាធារណៈ។ លិខិត ចុះកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ សម្រេចថា រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា សម្រាប់បង្កើតផ្សារ។

បឹងតាមោកឬបឹងកប់ស្រូវ ដែលស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានផ្ទៃជាង៣,២ពាន់ហិកតា។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

យោងតាមលិខិតទាំង៣លើកពីទីស្តីការគណៈរដ្ឋមន្រ្តី ផ្ទៃបឹងតាមោក ត្រូវបានកាត់ចំនួន៣លើកហើយ ដែលសរុប មាន១២៩ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។ យ៉ាងណា ការអភិវឌ្ឍទាំងប៉ុន្មានលើផ្ទៃបឹងតាមោក ដែលត្រូវកាត់នោះ មិនទាន់លេចជារូបរាងនៅឡើយទេ។

របាយការណ៍ពីសមាគមធាងត្នោត ដែលចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សរសេរថា បឹងទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។

សមាគមធាងត្នោត មើលឃើញថា ការលុបបឹងនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅដ្ឋាន៕

Tag:
 បឹងតាមោក
© រក្សាសិទ្ធិដោយ thmeythmey.com