ជាតិ
CCJ៖ កង្វះខាត​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​អ្នកកាសែត ធ្វើឱ្យប៉ះពាល់​តម្លៃ ខណៈ​បទ​ចោទ​អាជ្ញាធរ​ខ្លះ មិនទាន់​ស្របច្បាប់​ព័ត៌មាន​
01, May 2020 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកសារព័ត៌មាន ភាគច្រើន​កំពុង​បំពេញការងារ និង​តួនាទី​តាម​វិជ្ជាជីវៈ​បាន​យ៉ាង​ល្អ ខណៈដែល​អ្នកសារព័ត៌មាន​មួយចំនួន​តូច កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ ។ នោះ​ក៏​ព្រោះតែ​ពួកគេ​នៅ​ខ្វះខាត​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ។ រីឯ​អាជ្ញាធរ​ខ្លះទៀត ក៏​ចោទប្រកាន់​អ្នកសារព័ត៌មាន មិនទាន់​ស្របតាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ដែរ​។ នេះ​ជា​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ក្នុង​សេរីភាព​សារព័ត៌មាន ដែល​ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) បាន​មើលឃើញ​។​


​ក្លិប​អ្នកកាសែត​កម្ពុជា ពិត​ជាមាន​មោទកភាព ដែល​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា មានការ​រីកដុះដាល​គួរឱ្យកត់សម្គាល់​ទាំង​សារព័ត៌មាន​បែប​ប្រពៃណី (​កាសែត វិទ្យុ និង​ទូរទស្សន៍​) និង​សារព័ត៌មាន​បែប​ថ្មី​(​អន​ឡាញ​) ដែល​បានផ្ដល់​ជម្រើស​កាន់តែ​ងាយស្រួល និង​សម្បូរបែប​ដល់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹង​ភាព​រីកដុះដាល​នៃ​វិស័យ​សារព័ត៌មាន​នេះ ក្លិប​អ្នកកាសែត ក៏បាន​សង្កេតឃើញ​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​របស់​អ្នកសារព័ត៌មាន រួមទាំង​អាជ្ញាធរ​ផងដែរ​។​
 
​មុននឹង​និយាយ​ពី​ភាពអវិជ្ជមាន ក្លិប​អ្នកកាសែត​បាន​សង្កេតឃើញ​ថា អ្នកកាសែត​ទាំងអស់ បាន​បំពេញការងារ​យ៉ាងសកម្ម ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ ទោះបីជា​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​COVID-19 ក៏ដោយ ក៏​អ្នកសារព័ត៌មាន នៅតែ​ពុះពារ​គ្រប់បែបយ៉ាង ដោយ​ជម្នះ​គ្រប់​ឧបសគ្គ ក្នុង​បព្វ​ហេតុ​រាយការណ៍​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​។​
 
​ក្លិប​អ្នកកាសែត បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១ ឧសភា ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា ដូច្នេះ​ថា​៖«​សារព័ត៌​មានបាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ​សារ​អប់រំ​នានា​ស្តីពី​COVID-19 ជូន​ដល់​ប្រជាពលរដ្ឋ​»​។​
 
​មិនតែប៉ុណ្ណោះ​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន និង​អ្នកនាំពាក្យ​រដ្ឋាភិបាល សុទ្ធតែ​បានផ្ដល់​កិច្ចសហការ និង​សម្របសម្រួល​ដល់​អ្នកកា​សែត ក្នុងការ​រៀបចំ​សន្និសីទកាសែត ដើម្បីឱ្យ​អ្នកកាសែត​ងាយស្រួល​ប្រមូល​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​នេះ​ជាការ​មើលឃើញ​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​។ 
 
​ក្លិប​អ្នកកាសែត​កម្ពុជា បានបញ្ជាក់​ដូច្នេះ​ថា​៖«​នេះ​ជាស​ញ្ញា​វិជ្ជមាន​ដ៏​គួរឱ្យ​លើកទឹកចិត្ត​ដែល​បាន​បើក​លំហរ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​»​។​
​ចូលដល់​ចំណុច​អវិជ្ជមាន​វិញ ក្លិប​អ្នកកាសែត​កម្ពុជា បាន​សង្កេតឃើញថា កង្វះខាត​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​មួយចំនួន នៅតែ​ជា​ចំ​ណោ​ច​ដ៏​ធំ ដែល​បង្ក​ផលប៉ះពាល់​ដល់​តម្លៃ​សារព័ត៌​មាននៅ​កម្ពុជា និង​សណ្ដាប់ធ្នាប់​សង្គម ស្រប​ពេលដែល​ចំណាត់ការ ក៏ដូចជា​បទ​ចោទ​របស់​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​មកលើ​អ្នកសារព័ត៌មាន នៅ​មិនទាន់​សមស្រប​តាមច្បាប់​ស្តី​របប​សារព័ត៌មាន​នៅឡើយ​ទេ​។​
 
«​សូម​អំពាវនាវ​ដល់​អ្ន​ក​សារព័ត៌មាន​ទាំងអស់​ត្រូវ​រួមគ្នា​ការពារ និង​លើកស្ទួយ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា តាមរយៈ​ការគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដែលជា​តម្លៃ​មិនអាច​ខ្វះ​បាន​របស់​អ្នកសារព័ត៌មាន និង​ត្រូវ​រួមគ្នា​ការពារ​វិជ្ជាជីវៈ​របស់​ខ្លួន​ពី​ការបំពាន​គ្រប់​រូបភាព​។ ទន្ទឹមនឹងនេះ ក្លិប​អ្នកកាសែត​កម្ពុជា​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច តុលាការ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ សូម​គោរព​និង​ផ្ដល់​តម្លៃ​ដល់​អ្នកសារព័ត៌មាន និង​សូម​រួមគ្នា​អនុវត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ឱ្យមាន​ប្រសិទ្ធភាព​»​។ នេះ​ជាការ​លើកឡើង​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​។​

© រក្សាសិទ្ធិដោយ thmeythmey.com