ជាតិ
សាលា​មធ្យម​វិចិត្រសិល្បៈ ដែល​ផ្ទេរ​គ្រឹះ​សិល្បៈ តែមួយគត់​នៅ​កម្ពុជា​
02, May 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ជា​គ្រឹះស្ថាន​រដ្ឋ​ដ៏​ធំ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បណ្ដុះបណ្ដាល​មូលដ្ឋានគ្រឹះ​ផ្នែក​សិល្បៈ សាលា​មធ្យម​វិចិត្រសិល្បៈ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា ការពារ បណ្ដុះបណ្ដាល និង​ផ្ទេរ​ចំណេះដឹង​ផ្នែក​សិល្បៈ​អត្តសញ្ញាណ​ជាតិ ក៏ដូចជា​សីលធម៌​ក្នុងការ​រស់នៅ ទៅដល់​ពន្លក​ទំពាំង​។ មាន​បង្រៀន​សិល្បៈ​ច្រើន​ជំនាញ គ្រឹះស្ថាន​មធ្យមសិក្សា​វិចិត្រសិល្បៈ មាន​៥​សាលា​ធំៗ​នៅក្នុង​នោះ រួមមាន សាលា​របាំ សាលា​តូរ្យតន្ត្រី សាលា​សៀក សាលា​សូន​រូប និង​សាលា​ល្ខោន​។ នៅក្នុង​សាលា​នីមួយៗ មាន​បែង​ចែកជា​ជំនាញ​ច្រើន​ទៀត​។


 
​សំណង់​អគារ​ពណ៌​ក្រហម​ចាស់ ដែល​សង់​ទទឹងថ្ងៃ​ខ្លះ​និង​បណ្ដោយ​ថ្ងៃ​ខ្លះ រំលេច​រចនាប័ទ្ម​ខ្មែរ​បុរាណ បាន​ឈរ​បង្អួត​សម្រស់​នៅ​ចន្លោះ​ដើម​ផ្កាត្របែកព្រៃ ដែលមាន​ផ្កា​ពណ៌​ស្វាយ​លា​យស លម្អ​ដោយ​ដើមឈើ​ដទៃ​ជាច្រើន​ទៀត លើ​ផ្ទៃដី ៣៩,៦២៨ ម៉ែត្រក្រឡា ដ៏​ធំ​ល្វឹងល្វើយ​។ សំណង់​ដែល​សរុប​មាន​ចំនួន​២៤​អគារ រួមបញ្ចូល​ទាំង​បណ្ណាល័យ និង​រោង​មហោស្រព​ផង​នោះ គឺជា​គ្រឹះស្ថាន​របស់​សាលា​មធ្យម​វិចិត្រសិល្បៈ​។ 
 
​ស្ថិតក្នុង​ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សាលា​មធ្យម​វិចិត្រសិល្បៈ បាន​បណ្ដុះបណ្ដាល​សិស្ស​១៦​ជំនាន់​រួចមកហើយ ដែល​បានបញ្ចប់​ស្នាតក​ប​ត្រ​សិល្បៈ​សរុប​១,៤០៤​នាក់ ស្រី ៥៤១​នាក់ ក្នុង​ឆ្នាំ​សិក្សា​២០០៤​ដល់​២០១៩​។​

 
 
​អង្គុយ​ក្នុង​បន្ទប់​ទីចាត់ការ លោក សាន ផល្លា នាយក​ស្ដីទី​សាលា​មធ្យម​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដោយសារតែ​សាលា​មធ្យម​វិចិត្រសិល្បៈ មាន​បង្រៀន​ជំនាញ​សិល្បៈ​ច្រើន ដូច្នេះ​ចាំបាច់​ត្រូវ​បែង​ចែកជា​សាលា​៥​ផ្សេងគ្នា ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​និង​បង្រៀន​ទៅតាម​ជំនាញ​ទាំងនោះ​។ សាលា​ទាំង​៥​នោះ​រួមមាន សាលា​របាំ សាលា​តូរ្យតន្ត្រី សាលា​សៀក សាលា​សូន​រូប និង​សាលា​ល្ខោន​។ 
 
​ក្នុង​សាលា​នីមួយៗ មាន​បែង​ចែកជា​ជំនាញ​ច្រើន​ទៀត​ដូចជា សាលា​របាំ មាន​៣​ជំនាញ​គឺ របាំ​បុរាណ របាំ​ប្រពៃណី និង​ល្ខោនខោល ។ ចំណែក​សាលា​សូន​រូប មាន​ឯកទេស​ធំៗ​២ គឺ​គំនូរ និង​ចម្លាក់​។ ចំពោះ​ឯកទេស​គំនូរ មាន​បែង​ចែកជា​គំនូរ​វិចិត្រកម្ម គំនូរ​បុរាណ គំនូរ​ផ្សាយ ផ្នែក​លម្អ​រលើ​កំណាត់​(​សំពត់​) ហើយនឹង​ដេរ​ប៉ាក់​។ ចំណែក​ចម្លាក់​វិញ ចែកចេញជា ចម្លាក់​ពុម្ព កុលាលភាជន៍ ចម្លាក់​ឈើ ចម្លាក់​ប្រាក់ ឬ​ចម្លាក់​ស្ពាន់ ចម្លាក់​ស្មិត នឹង​ចម្លាក់​ខ្មុក​។​
 
​សាលា​តូរ្យតន្ត្រី មាន​ឯកទេស​២​ធំៗ​គឺ ភ្លេង និង​ចម្រៀង​។ ភ្លេង ចែកចេញជា​ភ្លេងបុរាណ ឬ​ភ្លេង​ប្រពៃណី  និង​ភ្លេងសម័យ​។ ភ្លេងបុរាណ ឬ​ភ្លេង​ប្រពៃណី មាន​ភ្លេងពិណពាទ្យ ភ្លេង​មហោរី ភ្លេង​អា​យ៉ៃ​។ ចំណែក​ចម្រៀង​មាន​៤​ឯកទេស មាន​ចម្រៀង​បុរាណ ចម្រៀង​អា​យ៉ៃ ចម្រៀង​មហោរី និង​ចម្រៀង​សម័យ​។ ចម្រៀង​សម័យ មាន​ចម្រៀង​ជា​ពួក ចម្រៀង​ទោល និង​ចម្រៀង​ឆ្លងឆ្លើយ​។​
 
​សាលា​ល្ខោន មាន​៣​ជំនាញ​ធំៗ​គឺ ល្ខោន​យីកេ ល្ខោនបាសាក់ និង​ល្ខោននិយាយ​។ សាលា​សៀក មាន​ច្រើន​ជំនាញ មាន​ជំនាញ​អា​ក្រូ​បាត ជំនាញ​លំនឹង ជំនាញ​ត្រេស ជំនាញកា​យស​ម្ព័​ន ជំនាញ​អត្តពលកម្ម និង​ជំនាញ​រហ័ស​សកម្ម​។​
 
​បើតាម​ការសង្កេត​រប​ស់លោក​នាយក​ស្ដីទី សាន ផល្លា ក្នុងចំណោម​សាលា​ទាំង​៥ មានតែ​សាលា​របាំ​តែប៉ុណ្ណោះ​ដែលមាន​សិស្ស​រៀន​ច្រើនជាងគេ បន្ទាប់មក​សាលា​ភ្លេង ព្រោះ​ជំនាញ​ទាំងនេះ​មាន​ទីផ្សារការងារ​ច្រើន​។ ចំណែក​សាលា​ដែលមាន​សិស្ស​រៀន​តិចជាងគេ គឺ​សាលា​សៀក  បន្ទាប់មក​សាលា​ល្ខោន​។ 
 
​លោក សាន ផល្លា ពន្យល់​បន្ថែម​ដូច្នេះ​៖«​ខាង​របាំ​គាត់​មានការ​សម្ដែង​ច្រើន ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​អន្តរជាតិ​។ ក្រៅពីនោះ​នៅតាម​អង្គការ​ឬ​ស្ថាន​ប័ន​នានា​ក៏​គេ​អញ្ជើញ​ទៅ​សម្ដែង​ច្រើន​។ ចំណែក​ភ្លេង​ក៏មាន​ទីផ្សារ​ច្រើន​គួរសម​ដែរ​។ តែបើ​ខាង​សៀក​វិញ រៀន​ចប់​ហើយគ្នា​ពិបាក​នឹង​រក​ការងារ​ធ្វើ​ណាស់​។ បើ​នៅ​ប្រទេស​ដែល​រដ្ឋ​គេ​មានលទ្ធភាព គេ​ជួយ​ជ្រោមជ្រែង​ក្រុមសិស្ស​ដែល​ងាយ​ប្រឈម​បែបនេះ​»​។​
 
​ការបណ្ដុះបណ្ដាល​នៅក្នុង​សាលា​មធ្យម​វិចិត្រសិល្បៈ ដែល​បង្រៀន​ដោយ​មិន​គិតថ្លៃ និង​មាន​កន្លែង​សម្រាប់​ឱ្យ​សិស្ស​មកពី​តាម​បណ្ដា​ខេត្ត​ស្នាក់នៅ​នេះ ដូចគ្នា​ទៅនឹង​សាលា​រដ្ឋ​ដទៃទៀត​ដែរ គ្រាន់តែ​សាលា​នេះ​មាន​បន្ថែម​ការបង្រៀន​ឯកទេស​សិល្បៈ​ប៉ុណ្ណោះ​។ សិស្ស​ដែល​រៀន​នៅក្នុង​សាលា​មធ្យម​វិចិត្រសិល្បៈ ទំនងជា​ត្រូវ​នឿយហត់​ជាង​សិស្ស​ដែល​រៀន​នៅតាម​សាលា​រដ្ឋ​ធម្មតា ព្រោះ​ពួកគេ​ត្រូវ​រៀន​សិល្បៈ​នៅពេល​ព្រឹក និង​រៀន​ចំណេះដឹង​ទូទៅ​នៅពេល​ថ្ងៃ​។ ការប្រឡង​ក៏​ដូចគ្នា​ដែរ ពួកគេ​ត្រូវ​ប្រឡង​ស្នាដៃ​សិល្បៈ បន្ថែម​លើ​ចំណេះដឹង​ទូទៅ​។ 
 
​បើតាម​លោក សាន ផល្លា សិស្ស​ដែល​រៀន​នៅក្នុង​សាលា​មធ្យម​វិចិត្រសិល្បៈ ភាគច្រើន​មកពី​តាម​បណ្ដា​ខេត្ត និង​មាន​ជីវភាព​ខ្វះខាត​។ ទោះជា​យ៉ាងណា លោកនាយក​ស្ដីទី ដែល​ពាក់អាវ​ស​និង​មាន​បង់ក​ក្រមា​រូបនេះ ថា​សិស្ស​ទាំងនោះ បាន​ចូលរួម​លើកមុខ​មាត់​ប្រទេស តាមរយៈ​ការសម្តែង​សិល្បៈ លើ​ឆាក​ជាតិ និង​អន្តរជាតិ​។ ជាង​នោះ​ទៅទៀត​ពួកគេ​បាន​ជួយ​អភិរក្ស និង​ថែរក្សា សិល្បៈ​វប្បធម៌​ជាតិ​យ៉ាងសកម្ម​។​
 
​ភ្ជាប់​ជាមួយគ្នានេះ​លោក សាន ផល្លា ក៏បាន​លើក​ពី​គុណសម្បត្តិ​របស់​សិល្បៈ​យ៉ាង​ដូច្នេះ​៖«​សិល្បៈ​ជា​អត្តសញ្ញាណ​ជាតិ សិល្បៈ​ជា​ឱសថ ព្យាបាល​ជំងឺផ្លូវចិត្ត​របស់​មនុស្ស ធ្វើឱ្យ​មនុស្ស​សប្បាយចិត្ត​។  សិល្បៈ​នាំមក​នូវ​សន្តិភាព សិល្បៈ​ធ្វើឱ្យមាន​ទំនាក់ទំនង​ល្អ រវាង​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត និង​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយទៀត​។ សិល្បៈ​ជួយ​អប់រំ​កិរិយាមាយាទ​មនុស្ស ឱ្យមាន​ភាពថ្លៃថ្នូរ​»​។​
 
​សាលា​មធ្យម​វិចិត្រសិល្បៈ ដែលជា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​សិល្បៈ​ថ្នាក់ជាតិ មាន​ប្រវត្តិ​វែងឆ្ងាយ ជាប់​ប្រទាក់ក្រឡា​គ្នា​ជាមួយនឹង​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ពោលគឺ​តាំងពី​ការកកើត​សាលា​សិល្បៈ​ដំបូង​នៅ​ឆ្នាំ​១៩១២​មក​ម្លេះ​។ តាំងពី​ឆ្នាំ​១៩១២ សាលា​សិល្បៈ​ដែល​ដំបូង​ឡើយ​បង្កើតឡើង​នៅក្នុង​ព្រះបរមរាជវាំង​ដោយ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ស៊ីសុវត្ថិ បាន​ប្ដូរ​ឈ្មោះ​និង​ទីតាំង​ច្រើន​កន្លែង និង​មិនទាន់បាន​បែងចែក​ច្បាស់លាស់​ពី​កម្រិត​មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា​នៅឡើយ​។ រហូតមកដល់​ឆ្នាំ​២០០៤ ទើប​មានការ​បែងចែក​ច្បាស់លាស់ ទាំង​កម្រិតសិក្សា​និង​ទីតាំង​សាលា ដោយ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​មាន​ទីតាំងនៅ​ខាងជើង​ជិត​ព្រះបរមរាជវាំង ហើយ​សាលា​មធ្យម​វិចិត្រសិល្បៈ ប្ដូរ​ទៅ​ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​វិញ​៕

Tag:
 សាលា​មធ្យម​វិចិត្រសិល្បៈ​
  សិល្បៈ​
  គ្រឹះស្ថាន​
  សិក្សា​
  បណ្ដុះបណ្ដាល​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com