ជាតិ
ត្រីមាសទី១ ឆ្នាំ២០២០ មានរោងចក្របង្កើតថ្មីជាង៧៧ និង៦រោងចក្របានស្នើសុំបិទ លោក សុខគង់ (រូបពីទំព័រហ្វេសប៊ុក Royal Government Spokesperson Unit)
× ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ មានរោងចក្របង្កើតថ្មីចំនួន៧៧នៅកម្ពុជា ដែលអាចបង្កើតការងារជាង២៧,៩០០កន្លែង។ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះតាមទូរសព្ទ កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២០ កន្លងទៅ។ តាមលោក ហេង សុខគង់ មានតែរោងចក្រចំនួន៦ ប៉ុណ្ណោះដែលបានស្នើសុំបិទទ្វារ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០នេះ។
លោក ហេង សុខគង់ បញ្ជាក់ទៀតថា ក្នុងចំណោមរោងចក្របង្កើតថ្មីទាំង៧៧នេះ មាន៧៤រោងចក្រ ដែលទទួលបានការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និង១រោងចក្រ ពីសាលារាជធានីភ្នំពេញ។ ចំណែករោងចក្រ២ទៀត គឺបើកដំណើរការឡើងវិញ។
កម្ពុជា មានរោងចក្រធុនធំ ១៨០១រោងចក្រ ដែលមានកម្លាំងពលរដ្ឋបម្រើការងារសរុបចំនួន ១,០៦៣,០៣១នាក់។ នេះបើតាម លោក ហេង សុខគង់។
ក្នុងឆ្នាំ២០១៩ តម្លៃសរុបនៃបរិមាណផលិតផល ដែលកម្ពុជាផលិតបានមានជាង ១៤,៨៧៥លានដុល្លារ កើនឡើង១៣% បើធៀបនឹងឆ្នាំ២០១៨។ ជាមួយគ្នាដែរ បរិមាណផលិតផលនាំចេញមានជាង ១១,១៨៥លានដុល្លារ កើនឡើងប្រមាណ១៤% ខណៈតម្លៃសរុបនៃបរិមាណផលិតផលលក់ក្នុងស្រុក មាន៣,៦៩០លានដុល្លារ កើនឡើងប្រមាណ១១%។ វិស័យឧស្សាហកម្ម បានចូលរួមចំណែកជាង៣០ភាគរយ ក្នុងសេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់របសលោក ហេង សុខគង់៕
Tag:
រោងចក្រ
កម្មករ
ហេង សុខគង់
© រក្សាសិទ្ធិដោយ thmeythmey.com