ជាតិ
សុវត្តិភាព ចរាចរណ៍
ករណីរថយន្តមិនទាន់ឆៀក ពុំទាន់ពិន័យឡើយ! មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាបឹងស្នោ រាជធានីភ្នំពេញ
× ភ្នំពេញ៖ រថយន្តដែលផុតសុពលភាព ឆៀក មិនត្រូវពិន័យឡើយ។ នេះជាការបញ្ជាក់របស់ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ទៅស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ កាលពីយប់ថ្ងៃទី១ ខែឧសភានេះថា រថយន្តដែលផុតសុពលភាព ឆៀក មិនត្រូវពិន័យឡើយ។ ការមិនទាន់ផាកពិន័យនេះ ដោយសាររថយន្តច្រើនកំពុងទៅឆៀក បណ្ដាលឲ្យកន្លែងឆៀកណែនគ្រប់កន្លែងរាជធានីខេត្ត។ នេះបើតាមការផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមលោក ហ៊ឹម យ៉ាន អះអាងថា បទល្មើសរថយន្ត៩ចំណុចក្នុងចំណោម៤១ ដែលនឹងត្រួតពិនិត្យក្នុងការរឹតបន្តឹង មិនមានករណីឆៀកឡើយ គឺរង់ចាំការអនុវត្តនៅជំហានខាងមុខទៀត។ លោក ហ៊ឹម យ៉ាង សង្កត់ធ្ងន់ថា៖«រង់ចាំបញ្ជាជាថ្មី ចំណុចនេះកុំទាន់ពិន័យឲ្យសោះ»។
គួរកត់សម្គាល់ថា នៅមុនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋជាច្រើនសម្រុកយករថយន្តរបស់ខ្លួនទៅឆៀក។ ហើយគ្រាន់តែមួយថ្ងៃទី១ ឧសភា មានរថយន្តចំនួន ៤,១៤៥គ្រឿង ត្រូវចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស។
សូមបញ្ជាក់ថា បទល្មើសម៉ូតូចំនួន៧ ក្នុងចំណោម៣៣ ដែលនឹងត្រួតពិនិត្យមុនគេនេះមាន មិនពាក់មួកសុវត្ថិភាព, ស្រវឹង, មិនគោរពភ្លើងនិងស្លាកសញ្ញា, ល្មើសការបត់ និងវ៉ាជែង, ដឹកលើចំណុះ, គ្មានស្លាកលេខ និងប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។
រីឯ បទល្មើសរថយន្តទាំង៩ ក្នុងចំណោម៤១ ដែលត្រួតពិនិត្យមុនគេមាន ល្បឿន, ស្រវឹង, គ្មានបណ្ណបើកបរ, មិនគោរពភ្លើងសញ្ញា, ល្មើសក្នុងការបទនិងវ៉ាជែង, មិនពាក់ខ្សែក្រវាត់, ដឹកលើសចំណុះ, គ្មានស្លាកលេខ និងនិយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង៕
© រក្សាសិទ្ធិដោយ thmeythmey.com