ជាតិ
ក្រសួងវប្បធម៌ បង្កើតក្រុមប្រឹក្សាពិន័យនិងលើកសរសើរ ដើម្បីតាមដានសកម្មភាពសិល្បៈ
× ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្កើតក្រុមប្រឹក្សាពិន័យនិងលើកសរសើរ ដើម្បីពិនិត្យវាយតម្លៃ ចំពោះសកម្មភាពទាំងឡាយ ដែលពាក់ព័ន្ធនឹងសិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌សង្គម សំដៅចូលរួមលើកស្ទួយអត្តសញ្ញាណវប្បធម៌ សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។ ក្រុមប្រឹក្សានេះមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាប្រធាន។ នេះបើតាមសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដែលចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
បើតាមសេចក្ដីប្រកាសដដែល ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ មានភារកិច្ចប្រឹក្សាយោបល់ និងផ្ដល់អនុសាសន៍ដល់ក្រុមលេខាធិការដ្ឋាន ក្នុងការអនុវត្តការដាក់ពិន័យ និងការលើកសរសើរ ចំពោះសកម្មភាពទាំងឡាយ ដែលពាក់ព័ន្ធនឹងសិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌សង្គម។
សេចក្ដីប្រកាស បានបញ្ជាក់ថា ការបង្កើតក្រុមលេខាធិការដ្ឋាន ត្រូវបានបង្កើតឡើង ដើម្បីជាជំនួយការឱ្យ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ។ ក្រុមលេខាធិការដ្ឋាន មានតួនាទី ពិនិត្យតាមដាន ប្រមូលព័ត៌មាន និងសកម្មភាពទាំងឡាយ ជាពិសេសការសិក្សាលើអង្គហេតុ អង្គច្បាប់ និងលើកយោបល់ជូនក្រុមប្រឹក្សាពិន័យនិងលើកសរសើរ ដើម្បីពិនិត្យ និងសម្រេច។
សេចក្ដីសម្រេចដែលចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដដែល ក៏បានបញ្ជាក់ដែរថា ក្រុមលេខាធិការដ្ឋាន មានសិទ្ធិផ្ដល់លិខិតសរសើរ និងគ្រឿងឥស្សរិយយស លើកទឹកចិត្តជូនអ្នកដែលបានធ្វើសកម្មភាពរួមចំណែកលើកកម្ពស់សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ និងសីលធម៌សង្គម តាមការសម្រេចរបស់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ។
ក្រុមលេខាធិការដ្ឋាន ត្រូវសហការនិងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ក្នុងការប្រមូលព័ត៌មាន ការវិភាគ ការវាយតម្លៃ ការអប់រំផ្សព្វផ្សាយ និងការអនុវត្ត។ មានតួនាទីតាមដាននិងដោះស្រាយវិវាទផ្សេងៗពាក់ព័ន្ធសកម្មភាពសិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌សង្គម។ ធ្វើរបាយការណ៍អំពីសភាពការណ៍ និងវឌ្ឍនភាពការងារ ជូនក្រុមប្រឹក្សាពិន័យនិងលើកសរសើរ រួមទាំងបំពេញការងារផ្សេងទៀត ដែលប្រធានក្រុមប្រឹក្សាពិន័យនិងលើកសរសើរប្រគល់ជូន៕
Tag:
ក្រសួងវប្បធម៌
សិល្បៈ
ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ
© រក្សាសិទ្ធិដោយ thmeythmey.com