ជាតិ
សង្គមជាតិ
ក្រុមហ៊ុនចិនមួយចង់សង់សា្ថនីយចំណតយានយន្តធុនធំនៅជាយក្រុង ដោយប្រើទុន១៦០លានដុល្លារ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបជាមួយនឹងអ្នកតំណាងក្រុមហ៊ុន China Good Cars Holding Ltd ក្នុងកិច្ចពិភាក្សាស្តីពីគម្រោងសាងសង់ស្ថានីយចំណតយានយន្ត
× ភ្នំពេញ៖ ក្រុមហ៊ុន China Good Cars Holding Ltd បានបង្ហាញបំណងសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញ ដែលនឹងចំណាយទុនប្រមាណ១៦០លានដុល្លារ។ គម្រោងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី៥ ខែឧសភា។
នៅក្នុងជំនួបនេះ តំណាងក្រុមហ៊ុនចិន បានប្រាប់លោករដ្ឋមន្ត្រីក្រសួងសាធារណការ ថាស្ថានីយចំណតនេះ នឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ។
ទាក់ទងនឹងគម្រោងនេះ លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារការ និងដឹកជញ្ជូន បានប្រាប់អ្នកសារព័ត៌មានថ្មីៗបន្ថែមតាមទូរសព្ទថា គម្រោងសង់ចំណតរថយន្តគ្រប់ធុននេះ កំពុងស្ថិតនៅក្រោមការសិក្សារបស់អ្នកជំនាញនៅឡើយ រួមទាំងទីតាំងផង។ លោក ឈួន វ៉ន់ ថ្លែងដូច្នេះថា៖«ជាជំហានដំបូង យើងអាចធ្វើនៅកម្រិតណាមួយ ដែលអាចឲ្យរថយន្តក្រុងចូលចតនៅទីក្រុងភ្នំពេញ យើងរុញទៅចតនៅជាយក្រុងវិញ។ ធម្មតា វាជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនណា ដែលចង់ប្រើប្រាស់ចំណតហ្នឹង គឺត្រូវតែបង់ថ្លៃ។ និយាយឲ្យចំទៅ យើងអត់ទាន់បានជជែកឲ្យលម្អិតថា យើងអាចធ្វើបានប៉ុន្មានទេ។ ប៉ុន្តែស្ថានីយចំណតដ៏ធំនេះ សម្រាប់ដាក់យានយន្តដែលនៅរាជធានីភ្នំពេញ និងនៅក្នុងបញ្ជីរបស់យើង ដោយចូលចតមិនមានបញ្ហាឡើយ»។
លោក ឈួន វ៉ន់ ក៏មិនទាន់អាចបញ្ជាក់បានពីទំហំផ្ទុករថយន្ត សម្រាប់គម្រោងនេះបានដែរ ប៉ុន្តែលោកអះអាងថា ក្រសួងកំពុងជំរុញ និងស្វែងរកការគាំទ្រពីស្ថាប័នរដ្ឋមួយចំនួនទៀត ដើម្បីពន្លឿនការសម្រេចលើគម្រោងនេះ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្រៅពីចង់សាងសង់ស្ថានីយ៍ចំណតយានយន្តហើយ ក្រុមហ៊ុនចិនដដែលនេះ ក៏មានបំនងវិនិយោគ លើបណ្តាញដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ទៅតាមតំបន់ក្រៅជាយក្រុង និងទៅបណ្តាខេត្តនៅជិតរាជធានីផងដែរ។
៕
Tag:
ស្ថានីយចំណត
យានយន្ត
ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com