ជាតិ
ទូត​អាមេរិក រំពឹងថា កិច្ចសហប្រតិបត្តិការ​អាមេរិក​-​កម្ពុជា នឹង​ផ្ដល់​លទ្ធផល​ផ្លែផ្កា​ធំធេង នៅ​ឆ្នាំ​២០២០
14, May 2020 , 9:39 pm        
រូបភាព
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជួបលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជួបលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០
ភ្នំពេញ​៖ ទូត​អាមេរិក រំពឹងថា កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក -​កម្ពុជា នឹង​ផ្ដល់​លទ្ធផល​ផ្លែផ្កា​ធំធេង នៅ​ឆ្នាំ​២០២០​នេះ​។ ក្តី​រំពឹង​របស់លោក W. Patrick Murphy នេះ ស្របពេល​អាមេរិក​កំពុង​ពង្រឹង​ការជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា តាមរយៈ​ការផ្ដល់​ជំនួយ​សំខាន់​នានា​។​


​មុននឹង​បង្ហាញ​ក្តី​សង្ឃឹមលើ​លទ្ធផល​ល្អ​នៃ​កិច្ច​សហការគ្នា នៅ​ចំពោះមុខ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នោះ លោក W. Patrick Murphy ក៏បាន​លើក​ពីស​មានចិត្ត​របស់​អាមេរិក ដែល​បាន​ផ្ដល់ជំនួយ​ហិរញ្ញប្បទាន​ជា​បន្តបន្ទាប់ ក្នុង​ទំហំ​ទឹកប្រាក់ ៣ ,៥ លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ជួយ​បង្ការ និង​ទ​ប​ស្កាត់​ជំងឺ​កូ​វីដ​១៩​។ ទូត​អាមេរិក​រូបនេះ បាន​អះអាងថា រដ្ឋាភិបាល​ខ្លួន ក៏​នឹង​បន្ត​ជួយ​គាំទ្រ ហើយនឹង​ទម្លាក់​ហិរញ្ញប្បទាន​បន្ថែមទៀត​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​វិបត្តិ​កូ​វីដ​១៩​ទៀតផង​។​
 
​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​១២ ឧសភា លោក W. Patrick Murphy បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឆ្នាំ​២០២០ គឺជា​ខួប​ទី​៧០​ឆ្នាំ នៃ​ចំណង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។ ក្រៅពី​គម្រោង​អភិវឌ្ឍន៍ សហរដ្ឋអាមេរិក គ្រោង​នឹង​ផ្ដល់ជំនួយ​បច្ចេកទេស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​សិក្សា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ដែល​ត្រូវ​ការជំនាញ​បច្ចេកទេស​ខ្ពស់​។ ក្នុង​ឆ្នាំ​២០២០​នេះ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ នឹង​ផ្ដល់​លទ្ធផល​ផ្លែផ្កា​កាន់តែ​ធំធេង​ថែមទៀត​»​។​
 
​អាមេរិក បានផ្ដល់​ហិរញ្ញប្បទាន​យ៉ាងច្រើន​សម្រាប់​បំពេញតម្រូវការ​អភិវឌ្ឍ​ន៍​នៅ​កម្ពុជា ដោយ​ផ្ដោតលើ​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​។ មិនតែប៉ុណ្ណោះ​អាមេរិក ក៏បានផ្ដល់​ជំនួយ​បច្ចេកទេស​សម្រាប់​ការងារ​កែទម្រង់​ថវិកា ក្រោម​ក្របខណ្ឌ​នៃ​កម្មវិធី​គ្របគ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទៀតផង​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
 
​រដ្ឋាភិបាល​កម្ពុជា មាន​សេចក្តីសោមនស្ស ដែល​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា រួមទាំង​សហរដ្ឋអាមេរិក ដើម្បី​អនុវត្ត​គោលនយោបាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​គាំពារ​សង្គម ។ ជាពិសេស​ផ្ដោតទៅលើ​ការជួយ​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​។ សម្រាប់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ជំនួយ​បច្ចេកទេស និង​ហិរញ្ញប្បទាន​របស់​អាមេរិក​ទាំងនេះ គឺជា​គុណ​តម្លៃ សម្រាប់​កម្ពុជា​។ «​ការជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​គ្រា​ដ៏​លំបាក​នេះ មានតម្លៃ​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក អូន ព័ន្ធមុនីរ័ត្ន​។ 
 
​គួររំឭកថា ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក មិនសូវ​ល្អ​ឡើយ ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៩​។ នោះ​ក៏​ព្រោះតែ​អាមេរិក តែងតែ​រិះគន់​លើ​ស្ថានភាព​នយោបាយ​កម្ពុជា និង​នយោបាយ​ការបរទេស​កម្ពុជា​ថា ខិតជិត​ទៅរក​ចិន​។ សម្រាប់​កម្ពុជា​វិញ ចាត់ទុក​ការរិះគន់​របស់​អាមេរិក ជាការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​
 
​ប៉ុន្តែ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អាមេរិក ចាប់ផ្ដើម​វិល​មក​ល្អប្រសើរ​បន្តិច​ម្ដងៗ​វិញ ក្រោយពី​លោក Patrick Murphy ដែលជា​ឧបការ​រី​រង​នៃ​ក្រសួងការបរទេស​អាមេរិក ដែល​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ធ្វើជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ចុងឆ្នាំ​២០១៩​មក​។​
​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​លោក ឈាង វណ្ណា​រិ​ទ្ធ ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វត្តមាន​លោក Murphy វា​ក៏​បង្ហាញថា រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ មិន​ព្រងើយកន្តើយ​ចំពោះ​កម្ពុជា​នោះទេ​។ បើតាម​លោក ឈាង វណ្ណា​រិ​ទ្ធ វត្តមាន​លោក Murphy មាន​ទាំង​រឿង​វិជ្ជមាន និង​អវិជ្ជមាន​។​
 
​រឿង​វិជ្ជមាន​ដែល​លោក ឈាង វណ្ណា​រិ​ទ្ធ មើលឃើញ​នោះ គឺ​កម្ពុជា​អាចធ្វើ​ការ​យ៉ាង​ជិតស្និទ​ជាមួយ​លោក Patrick Murphy ដែលជា​មន្ត្រីការទូត​អាមេរិក​មួយរូប យល់ដឹង​ពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ច្បាស់​។ ជាពិសេស​វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា អាច​បកស្រាយ​ទាល់​មុខ​ជាមួយ​អាមេរិក តាមរយៈ​លោក Murphy រាល់​បញ្ហា​នានា ដែល​អាមេរិក​សង្ស័យ​លើ​កម្ពុជា ត្រង់​ទៅ​ត្រង់​មក​។​
 
​ចំណែក​រឿង​អវិជ្ជមាន​វិញ​នោះ លោក ឈាង វណ្ណា​រិ​ទ្ធ នៅតែ​មើលឃើញថា អាមេរិក មិន​បោះបង់​គោលបំណង​ទប់ស្កាត់​ឥទ្ធិពល​ចិន នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះឡើយ តាមរយៈ​វត្តមាន​លោក Murphy ដែល​ស្គាល់​ភូមិសាស្ត្រ​ច្បាស់ នៅ​តំបន់​ឥណ្ឌូចិន​នេះ ។ សម្រាប់​លោក វណ្ណា​រិ​ទ្ធ កម្ពុជា​នឹង​ក្លាយជា​ទីកន្លែង​ប្រកួតប្រជែង​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​មហាអំណាច ដែល​អាច​អូសបន្លាយ​រយៈពេល​យូរអង្វែង​ទៀត ។​
 
​ប៉ុន្តែ​អ្វីដែល​កម្ពុជា អាច​ធ្វើបាន​ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រជែង​អំណាច​របស់​មហា​យក្ស​ចិន និង​អាមេរិក​នេះ គឺ​វា​គ្មានអ្វី​ក្រៅពី​ការបង្រួបបង្រួម​ផ្ទៃក្នុង ដោយ​ប្រកាន់​ជំហរ​រួមគ្នា​តែមួយ ហើយ​ចៀសវាង​ការ​មាន​និន្នាការ​អាមេរិក​និយម ឬ​ចិន​និយម ដែលនាំឱ្យ​កម្ពុជា​ផុងខ្លួន​ក្លាយជា​កូនអុក នៃ​មនោ​គម​វិទ្យា​ពួក​មហាអំណាច​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​៕
 

Tag:
 អាមេរិក​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com