ជាតិ
បាត់ដំបង មាន​តំបន់​ទេសចរណ៍​សក្តានុពល​ជាង​៥០​កន្លែង សម្រាប់​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​
15, May 2020 , 8:29 am        
រូបភាព
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍បាត់ដំបង (រូបភាពពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍បាត់ដំបង (រូបភាពពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
ភ្នំពេញ​៖ ខេត្តបាត់ដំបង ជា​ខេត្ត​មួយ​ដែល​សម្បូរ​ដោយ​សក្ដានុពល​ទេសចរណ៍​បែប​ធម្មជាតិ កែច្នៃ និង​បែប​វប្បធម៌ ដោយមាន​តំបន់​ទេសចរណ៍​ចំនួន​៥៤​កន្លែង ក្នុងនោះ​រាប់បញ្ចូល​វត្ត​គំរូ​ចំនួន​១០​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក  អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។​


​នា​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តបាត់ដំបង​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៣ ខែឧសភា លោក អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា បាន​លើកឡើងថា ក្នុង​មួយឆ្នាំ​២០១៩ ខេត្តបាត់ដំបង​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង ១​សែន​នាក់ ហើយ​ចំនួន​ភ្ញៀវទេសចរ​សរុប​កើនឡើង​ជាង​៨​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​ពីមុន​ភ្ញៀវទេសចរ​មាន​និន្នាការ​ថា ចេញពី​ភ្នំពេញ ទៅលេង​តំបន់ឆ្នេរ តំបន់​ភូមិភាគ​ឦសាន ឬ​សៀមរាប ប៉ុន្តែ​បច្ចុប្បន្ននេះ ស្ទើរ​គ្មាន​អ្នក​រំលង​ខេត្តបាត់ដំបង​ទេ  ព្រោះ​គេ​ចេញពី​ភ្នំពេញ​-​សៀមរាប អាច​ចូលមក​បាត់ដំបង ឬ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ក៏​មក​ស្នាក់នៅ​ខេត្តបាត់ដំបង​ដែរ​»​។​
 
​ប្រធាន​មន្ទីរ​ទេសចរណ៍​បាត់ដំបង​រូបនេះ បាន​បន្ថែមថា សម្រាប់​ភ្ញៀវទេសចរ​បរទេស​និយម​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​បែប​ប្រ​វត្ថិ​សាស្ត្រ ដូចជា​ប្រាសាទ​បាណន់ ប្រាសាទឯកភ្នំ ប្រាសាទ​បា​សែត និង​ភ្នំ​សំពៅ​ជាដើម​។ រីឯ ភ្ញៀវ​ជាតិ និយម​ទៅ​កម្សាន្ត​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ កន្លែង​លេង​ទឹក និង​ឡូរី​បាត់ដំបង​។ 
 
​ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បាន​ពង្រឹង​សេវាកម្ម​តំបន់​ទេសចរណ៍​ទាំងអស់ តាម​បណ្ដា​ស្រុក ជាពិសេស​ស្រុក​បាណន់ និង​ស្រុក​សំឡូត ដើម្បី​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ស្នាក់នៅ​ខេត្តបាត់ដំបង​រយៈពេល​យូរ​ផងដែរ​៕
 

Tag:
 បាត់ដំបង​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com