ពលរដ្ឋ​ក្រីក្រ​ដែលមាន​ម៉ូតូ​ចាស់ ព្រួយបារម្ភ​ការផាកពិន័យ​ធ្ងន់ធ្ងរ ខណៈ​មិនមាន​លទ្ធភាព​ទិញ​ម៉ូតូ​ថ្មី​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​ក្រីក្រ​ដែលមាន​ម៉ូតូ​ចាស់ ព្រួយបារម្ភ​ការផាកពិន័យ​ធ្ងន់ធ្ងរ ខណៈ​មិនមាន​លទ្ធភាព​ទិញ​ម៉ូតូ​ថ្មី​
21, May 2020 , 1:39 pm        
រូបភាព
លោក គង់​ សារ៉ាយ អ្នកលក់ដូង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ២០២០។ (ធីតា វីន/VOA)
លោក គង់​ សារ៉ាយ អ្នកលក់ដូង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ២០២០។ (ធីតា វីន/VOA)
ដោយ: VOA
​ខេត្តកំពត ៖ ប្រទេស​កម្ពុជា​កាលពី​ទសវត្សរ៍​១៩៨០​និង​១៩៩០​ជាពិសេស​នៅតាម​បណ្តា​ខេត្ត ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ជីវភាព​ខ្វះខាត​ប្រើ​កង់​ជា​មធ្យោបាយ​ធ្វើដំណើរ​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ប្រជាពលរដ្ឋ​តែងតែ​ស្វះ​សែ្វ​ង​រក​មធ្យោបាយ​ដែល​ងាយស្រួល​និង​ឆាប់រហ័ស​ក្នុងការ​ធ្វើដំណើរ​ដើម្បី​ឲ្យ​ការប្រកប​របរ​រកស៊ី​របស់ខ្លួន​កាន់តែ​ប្រសើរឡើង​។​

 
​អ្វី​ទាំងអស់នេះ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​ព្យាយាម​ទិញ​ម៉ូតូ​ចាស់ៗ​កែច្នៃ ដែលមាន​តម្លៃ ថោក​បើទោះបីជា​មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់ ស្របទៅតាម​ស្តង់ដារ​សុវត្ថិភាព​ចរាចរណ៍ ក៏ដោយ​។ ស្របពេល​ជាមួយគ្នានេះដែរ កាលពី​ខែមីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​បាន​ដំឡើងថ្លៃ​ផាកពិន័យ​បទល្មើស​ចរាចរណ៍ និង​ចាប់ផ្តើម​ចាត់វិធានការ​តឹងរ៉ឹង​ចាប់តាំងពី​ខែឧសភា​។​
 
​វិធានការ​នេះ​នាំ​ឲ្យ​ពួកគេ​មានការ​ព្រួយបារម្ភ និង​មិនអាច​មានលទ្ធភាព​ទិញ​ម៉ូតូ ដែល​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ ការផាកពិន័យ​តាម​អនុក្រឹត្យ​ថ្មី​លេខ​៣៩​នេះ​មាន​ចំនួន​ទឹកប្រាក់​យ៉ាងច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមក ពោលគឺ​ច្រើនជាង​មុន​៤​ទៅ​៥​ដង​។ បើតាម​អនុក្រឹត្យ​ថ្មី អ្នកបើក​ម៉ូតូ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៦​ម៉ឺន​រៀល​ចំពោះ​ការបើកបរ​ដោយ​គ្មាន​កញ្ចក់​មើលទៅ​ក្រោយ និង​គ្មាន​មួកសុវត្ថិភាព ឬ​ពាក់មួក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ឬ​ពាក់មួក​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព​។ អ្នក​ល្មើស​ត្រូវ​ពិន័យ​១០​ម៉ឺន​រៀល​សម្រាប់​ការមិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​ចរាចរណ៍ និង​១២​ម៉ឺន​រៀល បើ​យានជំនិះ​គ្មាន​ស្លាក​លេខ​។​
 
 
​ចំណែក​អ្នកបើកបរ​ដោយ​កុង​ទ័​រ​ល្បឿន​មិន​ដំណើរការ​ត្រូវ​ផាកពិន័យ​ចំនួន​៦​ម៉ឺន​រៀល​។​បញ្ហា​សម្រាប់​ម៉ូតូ​ចាស់​និង​កែច្នៃ​នៅ​ប្រទេស​កម្ពុជា​គឺ​កុង​ទ័​រ​ល្បឿន​មិន​ដំណើរការ និង​មិន​ដាក់​កញ្ចក់​សម្រាប់​មើលទៅ​ក្រោយ​។​
 
​បើទោះជា​មានការ​ផាកពិន័យ​ច្រើនយ៉ាង​ណាក៏ដោយ​ក៏មាន​ម៉ូតូ​ឬ​រ៉ឺម៉ក​មួយចំនួន​ដែល​មិនទាន់មាន​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​សុវត្ថិ​ភាព​ចរាចរណ៍​នោះ​នៅតែ​ធ្វើ​ចរាចរណ៍​លើផ្លូវ នៅឡើយ​។​
 
​ជាក់ស្តែង​ម៉ូតូ​មួយគ្រឿង​ដែល​កំពុង​រត់​នៅលើ​ផ្លូវ​គ្រួស​ក្រហម​មួយ ក្នុងស្រុក​ឈូក ខេត្តកំពត ពុំមាន​ស្លាក​លេខ ពុំមាន​កញ្ចក់ កុង​ទ័​រ​មិន​ដំណើរការ ក៏ប៉ុន្តែ​ម្ចាស់​ម៉ូតូ​អះអាងថា​ម៉ូតូ​មួយ​នេះ មាន​សារៈ​សំខាន់បំផុត​សម្រាប់​ក្រុមគ្រួសារ​របស់គាត់​ដែលមាន​គ្នា​៨​នាក់​ក្នុងបន្ទុក​គឺ​រូបគាត់ ប្រពន្ធ ម្តាយ​ចាស់ជរា​និង​កូន​៥​នាក់​។​


លោក សរ រិទ្ធ គឺ​ជា​អ្នកលក់​ប្រហុក​នៅ​ស្រុក​ឈូក ខេត្ត​កំពត ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០។ (ធីតា វីន/VOA)
 
​ម្ចាស់​ម៉ូតូ​គឺ​លោក សរ រិ​ទ្ធ អាយុ​៤៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។ លោក​កំពុង​ជិះ​ម៉ូតូ​នេះ​ដឹក​ប្រហុក​លក់​។ លោក​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ ម៉ូតូ​មួយគ្រឿង​នេះ​តែងតែ​រត់ កាត់​តាម​ភូមិ​ស្រុក​ទីប្រជុំជន​មួយចំនួន​នៅលើ​ផ្លូវ​ប្រហែល​៨០​គីឡូ​ពី​ខេត្តតាកែវ​ទៅដល់​ខេត្តកំពត​។ លោក​ត្រូវ​ចេញពីផ្ទះ​តាំងពី​ម៉ោង​៤​ព្រឹក រហូតដល់​ម៉ោង​៨​យប់ ទើប​លោក​ទៅដល់​ផ្ទះ​វិញ​។​
 
​ម៉ូតូ​ដែល​កំពុងស្ថិត​នៅក្រោម​កា​រ​ប្រមាញ់​របស់​មន្ត្រី​ប៉ូលិសចរាច​រណ៍​នោះ លោក សរ​រិ​ទ្ធ ទិញ​ពី​កន្លែង​លក់​អេតចាយ​តម្លៃ​៥០​ដុល្លារ​អាមេរិក​។ លោក​អះអាង​ថាបើ​លោក​មាន​លុយ​ក៏​លោក​មិន​ជិះ​ម៉ូតូ​បែបនេះ​ដែរ​។​
 
​លោក​បាន​ថ្លែងប្រាប់​VOA​ថា​៖ «​អត់​មាន​លុយ​។ បើ​មាន​លុយ​នរណា​សុខចិត្ត​ជិះ​អ៊ីចឹង​? បើ​ចំពោះ​គេ​មាន  គេ​ដាក់​គ្រប់សព្វ​ទាំងអស់​។ បើ​ខ្ញុំ​វា​អត់ ទៅ​ដាក់​ឯណា​? បើ​អត់​ម៉ូតូ​នេះ​ពិបាក​មែនទែន​!​បើ​មួយថ្ងៃ ខ្ញុំ​រកបាន​តែ​១៥.០០០​រៀល​អ៊ីចឹងទៅ​...​បាន​អង្ករ​បាន​អី​ហូប​ដោយសារ​ម៉ូតូ​នេះ​។ ច្បាប់​គេ គេ​ចាប់​តែ​អ្នក​ខុស​ដូច​ខ្ញុំ​អត់​កញ្ចក់​អ៊ីចឹង​។ ប៉ុន្តែ​យើង វា​ក្រ​ពេក​!​ម៉ូតូ​យើង​វា​ចាស់​អ៊ីចឹង​ទៀត​....​តែ​មួក​មិនដឹង​ពាក់​ម៉េច​! តែ​ពាក់​គេ​ហៅ​អត់​ឮ​យើង​ចាស់​»​។​
 
​លោក​បន្តថា ចាប់តាំងពី​មានការ​រឹតបន្តឹង​មក ប្រាក់ចំណូល​របស់លោក​បានមកពី​ការលក់​ប្រហុក​នេះ​ធ្លាក់ចុះ ដោយ​លោក​ត្រូវ​ជិះ​វាង​ពី​ប៉ូលិស​ដែលជា​កន្លែង​អាច​លក់​ប្រហុក​បាន​។​
 
​លោក​យល់ឃើញថា ការដំឡើង​ការផាកពិន័យ និង​ការតម្រូវ​ឲ្យ​យានជំនិះ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​នោះ​ធ្វើ​ឲ្យ​អ្នកមាន​ជីវភាព​ខ្វះខាត កាន់តែ​យ៉ាប់​ថែមទៀត​។​
 
​លោក​មានប្រសាសន៍ថា​៖ «​គេ​ដាក់​ច្បាប់​ថ្មី​ហ្នឹង​ចំពោះ​ខ្ញុំ​ក្រ​អ៊ីចឹង​វា​តឹងតែង​ពិបាក​មាំ ណាស់​។ ជិះ​គេច​អ៊ីចឹងទៅ​! ប្រុង​តែ​ផ្លូវ​ទៅ​ហ្នឹង​បាន​លក់​...​បាន​ដល់​ភូមិ​ហ្នឹង​អ៊ីចឹងទៅ​វា​អត់​បាន​លក់​...​ដល់​ភូមិ ហ្នឹង ត្រូវ​បក​ក្រោយ​វិញ​។ វា​អ៊ីចឹង ពិបាក​...​វា​ខាត​។ លក់​ខាត​!​ដូច​អ៊ីចឹង ត្រូវ​លក់បាន ទៅជា​អត់​បាន​! ត្រូវ​ទៅ ឆ្ងាយ​ទៀត​។​ហើយ អ្នក​កាន់តែ​អត់​កាន់តែ​វេទនា​!​ហើយ បើ​ជិះ​ទៅ​ដូចជា​ស៊យ​អ៊ីចឹងទៅ ប៉ូលិស ចាប់​គេ​យក​ម៉ូតូ​!​មុខរបរ​ចប់​ហើយ​បើ​ក្រ​ម្លឹ​ងៗ​»​។​
 
​បើតាម​របាយការណ៍រ​បស់​អង្គការសិទ្ធិមនុស្ស​លីកាដូ​ចេញផ្សាយ​ក្នុង​ខែឧសភា​នេះ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង​២​លាន​៥​សែន​នាក់ ជាប់ជំពាក់​កម្ចី​ខ្នាតតូច ដែលមាន​អត្រា​កម្ចី​ជា​មធ្យម ៣.៨០០​ដុល្លារ ច្រើនជាង​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​ម្នាក់​ក្នុង​មួយឆ្នាំ ដែលមាន​ប្រមាណ​១.៦៨០​ដុល្លារ​អាមេរិក​។​
 
​ការផាកពិន័យ​ខ្លាំង​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​ជិះ​ម៉ូតូ​ដែល​គ្មាន​ស្លាក​លេខ​ឬ គ្មាន​កញ្ចក់​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការប្រកប​របរ​របស់​គាត់ ខណៈ​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​អត់​ការងារ​ធ្វើ និង​បាត់បង់​ចំណូល​ពី​ការងារ​និង​ការរកស៊ី​ផងដែរ​។​
 
​លោក ឈៀង វុ​ធ អាយុ​៤៨​ឆ្នាំ រស់នៅ​ស្រុក​ឈូក ខេត្តកំពត កំពុង​ឈរ​ក្បែរ​ម៉ូតូ​ម៉ាក Wave​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ដែល​ចត​នៅ​ពីមុខ​ផ្ទះ​។ លោក​មានប្រសាសន៍ថា ចាប់តាំងពី​មានការ​រឹតបន្តឹង​ផ្នែក​ចរាចរណ៍​នេះ​មក លោក​មិន​ហ៊ាន​ទៅណា​នោះទេ ពីព្រោះ​ម៉ូតូ​របស់លោក​ទិញ​មិនបាន​បង់ពន្ធ​តាមច្បាប់​។​


លោក ឈៀង វុធ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២០។ (ធីតា វីន/VOA)
 
​ភ្នែក​របស់លោក ឈៀង វុ​ធ ឡើង​ក្រហម និង​មាន​សំណើម​។ ចម្លើយ​របស់គាត់​ដាច់ៗ​។ មាត់​របស់គាត់​រាង​ញ័រ​បន្តិច បន្ទាប់មក​គាត់ បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការផាកពិន័យ​ថ្មី​នេះ​។ គាត់​និយាយ​យ៉ាង​ដូច្នេះ​ថា​៖
 
«​វេទនា​កាន់តែ​ងាប់​តែម្តង​! អានេះ​មិនមែន​សង្កត់ក​ប្រជាជន​ទេ ច្របាច់ក​ប្រជាជន​ហ្មង​!​ចេញ​រកស៊ី​អត់​កើត​! មានតែ​ទុកចោល នៅ​សម្ងំ​ក្នុងផ្ទះ​! ណា​លុយ​ជំពាក់​អង្គការ​ទៀត​.... កាន់តែ​ពិបាកទៅ ហើយ​ប្រជាជន ។​វា​ត្រូវ​កើត​អា​កូ​រ៉ូ​ណា​ហ្នឹង​ទៀត​ចប់​!​វា​ពិបាកៗ​ធ្ងន់​ពីព្រោះ​ចេញ​ទៅណា​អត់ រួច​មិន​អ៊ីចឹង​? យើង​ត្រូវ​ការទិញ​អី​យកមក​លក់ដូរ​វា​អត់​កើត​។ រត់​ម៉ូតូឌុប​អត់​កើត​»​។​
 
​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ដែល​VOA បាន​សាកសួរ​អះអាងថា តម្លៃ​ផាកពិន័យ​ច្រើនជាង​ថ្លៃ​ម៉ូតូ​ចាស់​របស់គាត់​ទៅទៀត​។​
 
​នៅតាម​បណ្តា​យ​ផ្លូវ​នៅ​ម្តុំ​ផ្សារ​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ ម៉ូតូ​មួយគ្រឿង​មិនមាន​ម៉ាក គ្មាន​កញ្ចក់ គ្មាន​ស្លាក​លេខ កែបម៉ូតូ​រហែក​រយ៉ៃ ហើយ​ខ្សែភ្លើង ម៉ាស៊ីន​ម៉ូតូ ច្រវាក់​ម៉ូតូ​គ្មានអ្វី​បិទបាំង​នោះទេ​។​
 
​ម៉ូតូ​នេះ​បាន​សណ្តោង​រ៉ឺម៉ក​ដឹក​ដូង​លក់​នៅក្នុង​រាជធានី​ភ្នំពេញ អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ដោយ​មួយថ្ងៃ​អាច​រកប្រាក់​ចំណេញ​ឲ្យ​ម្ចាស់​បាន​១០​ដុល្លារ​។​
 
​លោក គង់ សា​រ៉ា​យ អាយុ​៣៦​ឆ្នាំ ដែលជា​ម្ចាស់​ម៉ូតូ​នេះ កំពុងតែ​បារម្ភ​ចំពោះ​ការផាកពិន័យ​ច្រើន​។​
 
«​រាល់ថ្ងៃ​ប្រឹងរក​អ៊ីចឹង​។ បើសិន​ពូ​ប៉ូលិស​ចាប់​ផាក​អស់​ច្រើន​អ៊ីចឹង មាន​លុយ​ណា​បង់​គាត់​? មានតែ​តាម​ដំណើរ បើ​គាត់​ចាប់ ម៉ូតូ​។​ឃើញស្រាប់​ហើយ​ទិញ​មក​៨០​រៀល​[​ដុល្លារ​]​បើ​គាត់​ចាប់​ផាក​១០០ ឬ ២០០[​ដុល្លារ​]​មាន​លុយ​ឯណា​ទៅ​លស់​? យើង​ជិះ​ទៅ​តែងតែ​ជួប​ហើយ បើ​គាត់​ចាប់​ពេញ​តែ ផ្លូវ​អ៊ីចឹង ... ពីព្រោះ​អ្នកក្រ​មានអី​ទៅ​ទិញ មានតែ​ទិញ​ម៉ូតូ​អត់​ពន្ធ អត់​អី​អ៊ីចឹង​មក​សណ្តោង​រ៉ឺម៉ក​»​។​


ទិដ្ឋភាព​ទូទៅ​នៃ​ម៉ូតូ​រ៉ឺម៉ក​កំពុង​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ២០២០។ (ធីតា វីន/VOA)
 
​នៅ​សប្តាហ៍​ដំបូង​នៃ​ការ​រឹតបន្តឹង ច្បាប់​ចរាចរណ៍​នោះ ការប៉ះទង្គិច​ពាក្យសម្តី និង​ប្រតិកម្ម​ផ្សេងៗ​រវាង​ប្រជាពលរដ្ឋ និង​ប៉ូលិស​ចរាចរណ៍ ជាពិសេស​អ្នក​ដែលមាន​ជីវភាព​ខ្វះខាត​បានកើត​ឡើង​។​
 
​ជាក់ស្តែង អ្នកបើកបរ​ម៉ូតូ​ចាស់ៗ​ខ្លះ​បានសម្រេច​លក់​ម៉ូតូ ដែល​ត្រូវបាន​ផាកពិន័យ  ដោយសារ​គ្មាន​ស្លាក​លេខ និង​មិនមាន​កញ្ចក់​ជាដើម​។ ចំណែក​ខ្លះទៀត មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​ប៉ុស្តិ៍​ប៉ូលិស​ទេ នៅពេល​មិនមាន​លុយ​គ្រប់គ្រាន់​សម្រាប់​បង់ការ​ផាកពិន័យ​។​
 
​សារព័ត៌មាន​ក្នុងស្រុក​ធ្លាប់បាន​ចុះផ្សាយ​កាលពីដើម​ខែឧសភា​ថា បុរស​ម្នាក់​រស់នៅក្នុង​ខេត្ត​ប៉ៃលិន បាន​ដុត​ម៉ូតូ​ចាស់​របស់ខ្លួន​ចោល​ដែល​គ្មាន​កញ្ចក់ គ្មាន​ស្លាក​លេខ គ្មាន​កុង​ទ័​រ ក្រោយ​ត្រូវ​ដោយ​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ចំនួន​១២​ម៉ឺន​រៀល​ដោយសារ​បើកបរ​អត់​ពាក់មួក​សុវត្ថិភាព និង​អត់​កញ្ចក់ ហើយ​បុរស​នោះ​មិនមាន​លុយ​គ្រប់គ្រាន់​សម្រាប់​ការបង់ប្រាក់​ពិន័យ​។ បើតាម​សេចក្តីរាយការណ៍ ម៉ូតូ​ចាស់​របស់​បុរស​រូបនោះ​ទិញ​តម្លៃ​២៦​ម៉ឺន​រៀល តែ​លោក​ទើបបាន​ឲ្យ​លុយ​គេ​ចំនួន​៦​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​
 
​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ លោក ឆាយ គឹម​ខឿន មានប្រសាសន៍ថា ម៉ូតូ​ចាស់ៗ​ដែល​មិន​គ្រប់​ទៅតាម​លក្ខណៈ​បច្ចេកទេស​នោះ គួរតែ​ឈប់​ប្រើ​។ ហើយ​ជា​បណ្តោះអាសន្ន​ក្នុង​រយៈ​ខ្លី​នេះ ម្ចាស់​ម៉ូតូ​ចាស់ៗ​ទាំងនោះ​គួរតែមាន​ឧបករណ៍​ខ្លះ​បំពាក់​នៅលើ​ម៉ូតូ​ដើម្បី​សុវត្ថិភាព​។​
 
​លោក​ថ្លែងថា​៖ «​ពី​យុទ្ធនាការ​ដំបូង​បំផុត យើង​ក៏បាន​លើកទឹកចិត្ត​គាត់​បើសិន​គាត់​អត់​មានអី​គ្រប់​ទេ​យ៉ាងហោច​គាត់​ត្រូវមាន​ចង្កៀង​។ គាត់​បើកបរ​ពេលយប់​អត់​មាន​ចង្កៀង គួរ​អនុញ្ញាត​ឲ្យ​ទេ​? ហើយ​គាត់​អាច​យក​ភាពក្រីក្រ​នោះ យកមក​ប្តូរ​ជាមួយ​អាយុជីវិត​គាត់​ទេ​? តែបើ​ឥឡូវ​អត់​ទាន់​មានអី​ពាក់មួក​សិន ដើម្បី​ការពារ ថែម​កញ្ចក់​មក ឬក៏​ដាក់​ស្លាក​សញ្ញា​ពីក្រោយ ដើម្បី​មាន​ចំណាំងផ្លាត​។ អានេះ​សុទ្ធតែ​វិធី​ការពារ​គាត់​។ ក៏ប៉ុន្តែ​យើង​អត់​បាន​លើកទឹកចិត្ត​ថា​ឲ្យ​បន្ត​ប្រើ​អាហ្នឹង​ទៀត​ទេ​»​។​
 
​លោក​បញ្ជាក់​បន្ថែមថា ប្រជាពលរដ្ឋ​គួរតែ​បារម្ភ​បញ្ហា​សុវត្ថិភាព និង​ការបាត់បង់​អាយុជីវិត ឬ​គ្រោះថ្នាក់​ឲ្យ​បាន​ច្រើនជាង​ការភ័យខ្លាច​បាត់បង់​មុខរបរ​ចិញ្ចឹមជីវិត​។​
 
​លោក​បន្តថា​៖ «​យានយន្ត​ដែល​គាត់​ផ្គុំ​នេះ វា​គ្រោះថ្នាក់​ដល់​ជីវិត​គាត់​ច្រើនជាង​យានយន្ត​គេ​ដទៃទៀត​។ យើង​ថា អាច​មានតែ​ម៉ូតូ​មួយ​ហ្នឹង​បម្រើ​ជីវភាព អ៊ីចឹង​ត្រូវ​ឲ្យ​ម៉ូតូ​មួយ​ហ្នឹង​រឹងមាំ​ទៅ ដើម្បី​អាយុ ជីវិត​គាត់​ហើយ​ការគោរព​ច្បាប់​នេះ គឺ​ល្អ​បំផុត​សម្រាប់​ពួកគាត់​។ គាត់​ចៀស​ផុតពី​គ្រោះថ្នាក់​។​គាត់​គេច​ផុតពី​សេចក្តីស្លាប់​។ បើសិនជា​គាត់​មិន​ស្លាប់ ក៏​គាត់​ត្រូវ​ពិការ ហើយ​បើសិនជា គាត់​ស្លាប់ អត់​នរណា​ចិញ្ចឹម​គ្រួសារ​? អានេះ​បន្ទុក​កាន់តែ​ធ្ងន់​ថែមទៀត​»​។​
 
​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក គង់ រតនៈ មានប្រសាសន៍ថា យានយន្ត​ដែល​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់​គួរតែមាន​លក្ខណៈ​ស្របច្បាប់ និង​មាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់ ដើម្បី​សុវត្ថិភាព​ទាំងអស់ គ្នា​។​
 
«​បើសិនជា​គាត់​នៅ​ចរាចរណ៍​ម៉ូតូ​របស់គាត់​ដែលមាន​បង្គុំ​ចាប់​ម៉ាស៊ីន អត់​មាន​កុង​ទ័​រ អត់​មាន​ល្បឿន​អីហ្នឹង​គាត់​អាច​នឹងរង​គ្រោះថ្នាក់​ចរាច​រណ៍ ដោយសារ​យានយន្ត​រប​ស់គា​ត់ អត់​គ្រប់លក្ខណៈ​បច្ចេកទេស​ហើយ​គាត់​អាច​បង្ក​ឲ្យ​អ្នក​ដទៃទៀត មាន​គ្រោះថ្នាក់​ជាមួយ​គាត់​ដែរ​។ អ៊ីចឹង​សម្រាប់​ខ្ញុំ ខ្ញុំ​ទទួលស្គាល់​នូវ​ផល​លំបាក​សម្រាប់​ប្រជាជន​ដែល​គាត់​ក្រីក្រ ក៏ប៉ុន្តែ​ខ្ញុំ​មិន​លើកទឹកចិត្ត​ថា ឲ្យ​នៅ​បន្ត​នោះទេ​»​។​
 
​លោក​បន្ថែមថា​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត គួរតែ​ប្រាប់​ការលំបាក​របស់ខ្លួន​តា​មរយៈ​តំណាងរាស្ត្រ​ទៅ​រដ្ឋាភិបាល​ក្នុងការ​ពិចារណា​រក​ដំណោះស្រាយ​។​
 
«​យើង​មានតែ​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល​សុំ​កំណត់​ពេលវេលា​ពិសេស​ណាមួយ​សម្រាប់​ពួក គាត់​។ បើសិនជា​ពេលនេះ​គាត់​ជួប​ការលំបាក យើង​គួរតែមាន​វិធី​ដោះស្រាយ​របៀប​ម៉េច​។ យើង​ត្រូវមាន​ដំណោះស្រាយ​អី​ផ្សេង​មួយទៀត​សម្រាប់​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​រស់នៅ​បាន​។ បើ​យើង​ដាក់​ទៅ​ឲ្យ​គ្រប់គ្នា​ទាំងអស់​មាន​ប្រសិទ្ធភាព​ក្នុងពេល​តែមួយ​ហ្នឹង​គឺ​យើង​នឹង​មិនបាន​លទ្ធផល​ល្អ​ទេ​»​។​
 
​រហូតមកដល់​ពេលនេះ មិនទាន់មាន​ទិន្នន័យ​ថា តើ​ម៉ូតូ​មិន​ស្របច្បាប់ និង​ម៉ូតូ​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដែល​កើតឡើង​ដោយ​ការរៀប​បង្គុំ​នើ មាន​ប៉ុន្មាន​គ្រឿង​នោះទេ​។​
 
​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​២​ពាន់​នាក់ ដែល​កើនឡើង​ជាង​២០០​នាក់ ឬ​ស្មើនឹង​ជិត​១៣​ភាគរយ បើ​ធៀប​នឹង​តួលេខ​ឆ្នាំ​២០១៨​។ កាលពី​ចុងឆ្នាំ​២០១៩ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លោក ស ខេង លើកឡើងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​លោក​ថា និន្នាការ​នេះ​បង្ហាញ​ពី​សញ្ញា​បរាជ័យ​សម្រាប់​យុទ្ធនាការ​នៃ​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​។ រដ្ឋាភិបាល​បាន​ប្ដេជ្ញា​កាត់បន្ថយ​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅសល់​១.៦០០​នាក់​ត្រឹម​ឆ្នាំ​២០២០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com