លោក ត្រាំ គ្រោង​ដក​អាមេរិក​ពី​សន្ធិសញ្ញា​ចំហ​មេឃ​ជាមួយ​រុស្ស៊ី
អន្តរជាតិ
លោក ត្រាំ គ្រោង​ដក​អាមេរិក​ពី​សន្ធិសញ្ញា​ចំហ​មេឃ​ជាមួយ​រុស្ស៊ី
22, May 2020 , 3:28 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមឧត្តមសេនីយ៍អាមេរិក។ រូបភាព AFP
ប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមឧត្តមសេនីយ៍អាមេរិក។ រូបភាព AFP
ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២១ ខែឧសភា ប្រកាស​ផែនការ​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ចំហ​មេឃ (Open Skies Treaty) ជាមួយ​រុស្ស៊ី ដោយ​ចោទ​រុស្ស៊ី​ថា មិន​គោរព​សន្ធិ​ស​ញ្ញ​នេះ​។ សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប បានទាមទារ​ឲ្យ​អាមេរិក​គិតគូរ​ពី​ជំហរ​ខ្លួន​ឡើងវិញ ព្រោះ​សន្ធិសញ្ញា​នេះ ជា​ឯកសារ​សំខាន់​សម្រាប់​ការការពារ​សន្តិសុខ​អឺរ៉ុប​។ ប៉ុន្តែ​ប្រមុខ​ការទូត​អាមេរិក​អះអាងថា អាមេរិក នឹង​ផ្ដើម​នីតិវិធី​ដកខ្លួន​ដោយ​មិន​អែអង់​ឡើយ​។

 
​សន្ធិ​ស​ញ្ញ​ចំហ​មេឃ​ដែល​ចូល​ជាធរ​មាននៅ​ឆ្នាំ​២០០២ ទំនងជា​សន្ធិសញ្ញា​យោធា​ទី​បី​ដែល​លោក ដូ​ណា​ល់ ត្រាំ ដក​អាមេរិក​ចេញ ចាប់តាំងពី​ការឡើង​កាន់តំណែង​នៅ​ឆ្នាំ​២០១៧ មក​។ នៅ​ថ្ងៃទី​២១ ខែឧសភា លោក ត្រាំ និយាយថា លោក​មាន​ផែន​ការដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​នេះ ព្រោះ​រុស្ស៊ី​មិនបាន​អនុវត្តតាម​ឡើយ​។ 
 
«​រុស្ស៊ី មិនបាន​ប្រកាន់ខ្ជាប់​សន្ធិសញ្ញា​នេះឡើយ​។ រហូត​ដល់ពេល​ពួកគេ​គោរព យើង​នឹង​ដកខ្លួន​។​» លោក ត្រាំ និយាយ​បែបនេះ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​។ 
 
​ទាក់ទង​រឿងនេះ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ Jonathan Hoffman បញ្ជាក់ថា រុស្ស៊ី​បាន​បំពាន​សន្ធិសញ្ញា​ម្ដង​ហើយ​ម្ដងទៀត តែបើ​អនុវត្ត​វិញ គឺ​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​អាមេរិក និង​សម្ព័ន្ធមិត្ត​តែម្ដង​។ អ្នកនាំពាក្យ​រូបនេះ​បាន​លើក​ករណី​មួ​យមក​បង្ហាញ គឺ​ការជំទាស់​របស់​រុស្ស៊ី​ក្នុងការ​អនុញ្ញាត​ឲ្យ​មានការ​ហោះហើរ​លើ​តំបន់​ដែល​អាមេរិក​ជឿថា មូ​ស្គូ​កំពុង​ពង្រាយ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​ដែល​អាច​គំរាម​អឺរ៉ុប​ដូចជា​នៅ Kaliningrad និង​នៅ​ព្រំដែន​រុស្ស៊ី​-​ហ្ស​ក​ហ្ស៊ី​។ បើតាម​អាមេរិក ទង្វើ​នេះ​ជាការ​បំពាន​សន្ធិសញ្ញា​។​
 
​ទីក្រុង​មូ​ស្គូ​ឯណោះ​វិញ បាន​ព្រមាន​ថា ការដើរ​ចេញ​របស់​អា​មេ​រិ​ក នឹង​បំផ្លាញ​សន្តិសុខ​អឺរ៉ុប ហើយ​ប៉ះពាល់​ប្រយោជន៍​សម្ព័ន្ធមិត្ត​អាមេរិក​ផងដែរ​។ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Heiko Maas បាន​ទទូច​ឲ្យ​មេដឹកនាំ​អាមេរិក​ពិចារណា​ឡើងវិញ ព្រោះ​អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ និង​បារាំង ធ្លាប់​ពន្យល់​អាមេរិក​រួច​អស់ហើយ​ថា សកម្មភាព​រុស្ស៊ី មិនទាន់​អា​ចក​យក​ធ្វើជា​មូលហេតុ​ដកខ្លួន​ឡើយ​។ លោក​អះអាងថា សមាជិក​សន្ធិសញ្ញា​ទាំងឡាយ នឹងធ្វើ​គ្រប់គ្រង​យ៉ាង​ដើម្បី​ការពារ​សន្ធិសញ្ញា​នេះ​។​
 
​យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បញ្ជាក់ថា អាមេរិក នឹង​ចេញ​លិខិតបញ្ជាក់​បំណង​ដកខ្លួន​ទៅកាន់​រដ្ឋ​សមាជិក​ផ្សេងទៀត​។ ៦​ខែក្រោយ​ការជូនដំណឹង​នេះ បើ​គ្មានអ្វី​ប្រែប្រួល​ទេ អាមេរិក នឹង​ដកខ្លួន​ជា​ផ្លូវការ​តែម្ដង​។ លោក ប៉ុ​ម​ប៉េ​អូ លើកឡើងថា អាមេរិក​នឹង​ពិចារណា​ឡើងវិញ បើ​រុស្ស៊ី​អនុវត្តតាម​សន្ធិសញ្ញា​នេះ​វិញ​នោះ​។​
 
​សន្ធិសញ្ញា​ចំហ​មេឃ គឺជា​សន្ធិ​ស​ញ្ញ​សំខាន់​មួយ​ដែលមាន​គោលដៅ​បង្កើត​តម្លាភាព​ផ្នែក​យោធា និង​ការទុកចិត្ត​រវាង​មហាអំណាច​។ សន្ធិសញ្ញា​នេះ អនុញ្ញាត​ឲ្យ​រដ្ឋ​សមាជិក​មួយ​អាច​ហោះហើរ​ស៊ើបការណ៍​ផ្នែក​យោធា​ក្នុងស្ថានភាព​ជាក់លាក់​ពីលើ​រដ្ឋ​សមាជិក​ឯទៀត​ជាមួយ​ការជូនដំណឹង​ពេល​ខ្លី​។ អ្វីដែល​សំខាន់​នោះ សន្ធិសញ្ញា​នេះ មាន​គោលដៅ​កាត់បន្ថយ​ជម្លោះ​ដែរ ព្រោះ​ភាគី​ទាំងអស់​សុទ្ធតែ​អាច​ស៊ើបការណ៍​ពីគ្នា​ទៅមក​។​
 
​ប្រទេស​ចំនួន​៣៥​ជា​សមាជិក​សន្ធិសញ្ញា​នេះ​មាន រុស្ស៊ី អាមេរិក សមាជិក​ណា​តូ​ទាំងអស់ និង​ប្រទេស​មួយចំនួនទៀត​៕  

Tag:
 អាមេរិក​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម