COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
សភា​ចិន អនុម័ត​ផែនការ​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង​
28, May 2020 , 3:42 pm        
រូបភាព
កិច្ចប្រជុំសភាប្រជាជនចិនពេញអង្គលើកទី៣ នៃនីតិកាលទី១៣ ដែលបញ្ចប់នៅថ្ងៃទី២៨ ខែឧសភា ។ រូបភាព៖ Xinhua
កិច្ចប្រជុំសភាប្រជាជនចិនពេញអង្គលើកទី៣ នៃនីតិកាលទី១៣ ដែលបញ្ចប់នៅថ្ងៃទី២៨ ខែឧសភា ។ រូបភាព៖ Xinhua
សភា​ប្រជាជន​ចិន នា​ថ្ងៃទី​២៨ ខែឧសភា បានអនុម័ត​លើ​ដំណោះស្រាយ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ហើយ​។ ការអនុម័ត​នេះ នឹង​បើកផ្លូវ​ឲ្យ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន តាក់តែង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ឡើង ទោះជា​មានការ​តវ៉ា​ពី​អ្នកនយោបាយ​នៃ​ហុងកុង និង​ការព្រមាន​របស់​អាមេរិក​ក្ដី​។​


​នា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣ នៃ​នីតិកាល​ទី​១៣ សភា​ប្រជាជន​ចិន បានសម្រេច​អនុម័ត​ដំណោះស្រាយ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ នីតិវិធី​បន្ទាប់ គណៈកម្មការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ហុងកុង និង​គណៈកម្មការ​ច្បាប់​មូលដ្ឋាន​ហុងកុង ដើម្បី​តាក់តែង​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ហុងកុង​ឡើង​។ 
 
​បន្ទាប់ពី​សេចក្តីស្នើច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​រៀបចំ​រួចរាល់ វា​នឹង​ត្រូវគេ​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើប្រាស់ ដោយ​មិន​ឆ្លងកាត់​សភា​ទីក្រុង​ហុងកុង​។ គេ​រំពឹងថា ដំណើរការ​អនុម័ត​នេះ នឹង​ចាប់ផ្ដើម​នៅ​ខែមិថុនា​ខាងមុខ ជា​ពេលដែល​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​បើក​កិច្ចប្រជុំ​រៀងរាល់​ពីរ​ខែម្ដង​។ 
 
​ការអនុម័ត​ដំណោះស្រាយ​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ហុងកុង​នេះ នឹងធ្វើ​ឲ្យ​ប្រជាជន​ហុងកុង​តវ៉ា​ថែមទៀត ខណៈ​ក្រុមបាតុករ កំពុង​តវ៉ា​លើ​ការពិភាក្សា​សេចក្តីស្នើច្បាប់​ភ្លេងជាតិ​ចិន​លើក​ទី​ពីរ​របស់​សភា​ហុងកុង​។ គិត​មក​ត្រឹម​ថ្ងៃទី​២៨ ខែឧសភា បាតុករ​ហុងកុង​យ៉ាងហោចណាស់ ៣៦០​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុងអំឡុងពេល​បាតុកម្ម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post​។ 
 
​ដើម្បី​បង្ការ និង​ទប់ស្កាត់​ក្រុមបាតុករ រដ្ឋាភិបាល​ទីក្រុង​ហុងកុង បាន​ពង្រាយ​កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​នៅក្នុង​ទីក្រុង​ហុងកុង និង​ដាក់​របាំង​ការពារ​ក្រុមបាតុករ​កម្ពស់ ១,៨៣​ម៉ែត្រ​នៅតាម​បរិវេណ​សភា​ហុងកុង​។​
 
​សូមបញ្ជាក់ថា បើទោះបីជា​ក្នុង​កាលៈទេសៈ​COVID-19 ក៏ដោយ ប្រជាជន​ហុងកុង​ជាច្រើន​នាក់​បាន​ចេញមក​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​ហុងកុង​ដែរ ជុំវិញ​ដំណោះស្រាយ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង និង​សេចក្តីស្នើច្បាប់​ភ្លេង​ជាតិចិន ព្រោះ​ប្រជាជន​ហុងកុង​ជឿថា​សេចក្តីស្នើច្បាប់​ទាំងពីរ​នេះ នឹង​លុបបំបាត់​សិទ្ធិសេរីភាព​របស់​ពួកគេ និង​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ ចំណែក​អាមេរិក​ឯណោះ​វិញ ក៏បាន​សម្រេច​ដកហូត​ឋានៈ​ពិសេស​របស់​រដ្ឋ​បា​លហុ​ង​កុង​ក្រោម​ច្បាប់​អាមេរិក​ផងដែរ​៕ 

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com