កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយមាស​ប៉េតង់​ពិភពលោក កែ ឡេង ប្រកាស​ចូលនិវត្តន៍​
29, May 2020 , 12:10 pm        
រូបភាព
​ម្ចាស់​មេដាយមាស​ប៉េតង់​ពិភពលោក​៤​សម័យកាល​អ្នកស្រី កែ ឡេង ប្រកាស​លាឈប់​ពី​អាជីព​នេះហើយ​ដោយសារ​ហេតុផល​បញ្ហា​សុខភាព​។ នេះ​បើតាម​ការផ្សាយ​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​កម្ពុជា (CAMSOC) នៅ​ថ្ងៃទី​២៩ ខែឧសភា​នេះ​។​

 
អត្ថបទទាក់ទង

វីរ​កីឡាការិនី កែ ឡេង ដែល​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី​(​ផ្កាយ​មួយ​)​ទៅជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​ពីរ​) កាលពី​ចុងឆ្នាំ​២០១៩ បាន​រៀបរាប់​ប្រាប់​ពី​ការសម្រេចចិត្ត​បញ្ចប់​អាជីព​ពី​កីឡា​ប៉េតង់​នេះ​ថា ដោយ​ស្ថានភាព​សុខភាព​របស់លោក​ស្រី​ចុះខ្សោយ​មិនអាច​បន្ត​ស៊ូទ្រាំ​នឹង​ការហ្វឹកហាត់ ដើម្បី​ត្រៀម​ការប្រកួត​ត​ទៅមុខទៀត​បាន​។​
 
​ដោយ​ឈានចូល​ដល់​វ័យ ៥៧​ឆ្នាំ លោកស្រី​បន្តទៀតថា​៖«​បច្ចុប្បន្ន​វ័យ​កាន់តែ​ចាស់​ទៅ ហើយ​ពុំ​អាច​បន្ត​ការចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ដណ្តើម​កិត្យានុភាព​ជាតិ មេដាយមាស ដូច​កាលពីមុនៗ​ទៀតឡើយ ពីព្រោះ​ការត្រៀម​ចូលរួម​ប្រកួត​ម្តងៗ ត្រូវតែ​មានការ ហ្វឹកហាត់​យូរ​ម៉ោង ក្នុង​១​ថ្ងៃៗ​»​។​
 
​មិន​ត្រឹមតែ​បញ្ហា​សុខភាព​ឡើយ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់​នេះ​ចូលនិវត្តន៍​។ ដោយ​ជាប់រវល់​ច្រើន​នៅ​អង្គភាព​របស់ខ្លួន​ក្រោម​ចំណុះ​ក្រសួងការពារជាតិ ក្នុងឋានៈ​ជាម​ន្ត្រី​យោធា​ផ្កាយ​ពីរ​ផង​ទើប​ធ្វើ​ឲ្យ​លោកស្រី​សម្រេចចិត្ត​បែបនេះ​។​
 
​ក្រោយ​ប្រកាស​ភ្លាមៗ​នេះ វីរ​កីឡាការិនី​ដ៏​ឆ្នើម​របស់​កម្ពុជា​រូបនេះ​ក៏​មិនទាន់​បញ្ជាក់ថា ក្រោយពី​បញ្ចប់​អាជីព​ពី​កីឡា​ប៉េតង់​នេះ អ្នកស្រី​នឹង​ត្រឡប់​ទៅធ្វើជា​គ្រូបង្វឹក ឬ​យ៉ាងណា​នោះទេ​។
​សូមបញ្ជាក់ថា វីរ​កីឡាការិនី កែ ឡេង ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង​ឋានន្តរស័ក្តិ​ជា​បន្តបន្ទាប់ ក្រោយ​សាង​ភាពល្បីល្បាញ​ជូន​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។ ជាក់ស្តែង​ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​បារាំង កាលពី​ឆ្នាំ​២០១៣ កីឡាការិនី​រូបនេះ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​អនុសេនីយ៍ទោ​ទៅជា​អនុសេនីយ៍ឯក​នៅក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​។ នៅ​ឆ្នាំ​២០១៥ លោកស្រី កែ ឡេង ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​អនុសេនីយ៍ឯក​ទៅ​វរសេនីយ៍ត្រី ក្រោយ​ដណ្តើមបាន​មេដាយមាស​ពិភពលោក​នៅ​ថៃ​។
រហូតដល់ឆ្នាំ២០១៩ ដែលភាពល្បីល្បាញនេះបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានផ្តល់សិទ្ធិឲ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក។ ក្នុងនាមជាម្ចាស់ផ្ទះជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កីឡាការិនីជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ ដែលជាមេដាយមាសពិភពលោកជំនាន់ទី៤ ចុងក្រោយបង្អស់របស់លោកស្រី៕ 

© រក្សាសិទ្ធិដោយ thmeythmey.com