អន្តរជាតិ
ទោះមានវ័យ៩៤ឆ្នាំហើយ លោក មហាធៀ ថា នៅចង់បន្តបម្រើប្រទេសជាតិ front-លោកអតីតនាយករដ្ឋមន្ត្រូីម៉ាឡេស៊ី មហាធៀ មហាម៉ាត់
× អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បង្ហាញអារម្មណ៍ថា លោកសប្បាយចិត្តខ្លាំងដែលនៅមានជីវិតរហូតដល់អាយុ ៩៤ឆ្នាំ ដែលជាក្ដីសុខមួយ ហើយនៅមានបំណងចូលរួមបម្រើប្រទេសជាតិលោក។ បន្ថែមពីនេះ លោកបណ្ឌិតក៏និយាយដល់ក្តីសុខក្នុងជីវិតលោកមួយទៀត ហើយនោះគឺការរៀបការជាមួយភរិយាលោក។
ក្នុងកិច្ចសម្ភាសផ្សាយផ្ទាល់មួយតាមហ្វេសប៊ុក នៅថ្ងៃទី៣ ខែមិថុនា អតីតប្រមុខរដ្ឋាភិបាលវ័យចំណាស់ជាងគេលើពិភពលោករូបនេះ បញ្ជាក់ថា លោកធ្លាប់តែរំពឹងរស់នៅរហូតដល់អាយុ៧៥ឆ្នាំប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកនិយាយដូច្នេះថា៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះខ្ញុំរស់នៅលើសអាយុដែលខ្ញុំរំពឹងទុក។ ខ្ញុំធ្លាប់គិតថា អាយុ ៧៥ឆ្នាំ គួរតែគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ប៉ុន្តែឥឡូវនេះ ខ្ញុំអាយុ ៩៤ឆ្នាំ ។ នេះគឺជាអំណោយបន្ថែម»។ លោក មហាធៀ សង្កត់ធ្ងន់ថា ដោយសារនៅមានជីវីតបែបនេះ លោកគិតថា លោកគួរប្រើប្រាស់ជីវិតនេះឲ្យមានប្រយោជន៍សម្រាប់បម្រើប្រទេសជាតិលោក។
ម្យ៉ាងទៀត លោក មហាធៀ ដែលនឹងឈានចូលវ័យ៩៥ឆ្នាំនាខែក្រោយខាងមុខនេះ ក៏បានលើកឡើងពីរឿងសំខាន់មួយទៀតដែលផ្ដល់ពន្លឺស្រស់ថ្លាដល់ជីវិតលោក។ ហើយនោះគឺជាចំណងដៃអាពាហ៍ពិពាហ៍៦៤ជាមួយភរិយាវ័យ៩៤ឆ្នាំ គឺលោកស្រីបណ្ឌិត Siti Hasmah Mohamed Ali ។ គូស្វាមីភរិយាមួយគូនេះបានរៀបការក្នុងខែសីហា ឆ្នាំ១៩៥៥។ «ខ្ញុំរួមរស់ជាមួយភរិយាខ្ញុំជាង៦០ឆ្នាំហើយ។ ខ្ញុំឃើញប្ដីប្រពន្ធជាច្រើនចាប់ផ្ដើមធុញទ្រាន់គ្នា»។ លោក មហាធៀ និយាយបែបនេះ មុនពេលឈប់មួយភ្លែត ហើយផ្ដើមញញឹម។
គូស្នេហ៍ស្រលាញ់គ្នាដល់វ័យចាស់កោងខ្នងមួយគូនេះ បានជួបគ្នាក្នុងឆ្នាំ១៩៤៧ ដោយកាលនោះអ្នកទាំងពីរគឺជានិស្សិតក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រ King Edward ក្នុងប្រទេសសិង្ហបុរី។ បើមើលតាមប្រព័ន្ធផ្សព្វផ្សាយ និងរូបថតលោកបង្ហោះផ្ទាល់ ប្តីប្រពន្ធមួយគូនេះ តែងបង្ហាញភាពស្និទ្ធស្នាល និងក្តីស្រលាញ់ចំពោះគ្នាខ្លាំង។
អតីតនាយករដ្ឋមន្ត្រី មហាធៀ អះអាងទៀតថា លោកបន្តរក្សាភាពសកម្មខ្លាំងទោះនៅវ័យចំណាស់បែបនេះ ព្រោះថាវាជួយឲ្យលោករក្សាភាពវិជ្ជមាន និងសម្រួចផ្នែកសតិអារម្មណ៍។ លោកនិយាយដូច្នេះថា៖«ភាពភ័យខ្លាច គឺនៅជាប់ខ្លួនជានិច្ច ប៉ុន្តែបើអ្នកគិតតែបារម្ភរឿងនេះជ្រុលហួសហេតុ អ្នកពុំអាចជួយអ្វីបានឡើយ។ ចង់ឬមិនចង់ អ្នកគង់តែស្លាប់ យ៉ាងណានៅមុនពេលស្លាប់ ហេតុអ្វីត្រូវចំណាយពេលអត់ប្រយោជន៍?»។
សូមបញ្ជាក់ថា លោក មហាធៀ ធ្លាប់ក្លាយជានាយករដ្ឋមន្ត្រី២ដង ដែលលើកដំបូងគឺចាប់ពីឆ្នាំ១៩៨១ដល់២០០៣ និងម្ដងទៀតពីឆ្នាំ២០១៨ រហូតដល់ខែកុម្ភៈឆ្នាំ២០២០។ លោកត្រូវកត់សម្គាល់ថា មានសុខភាពល្អមាំមួន និងស្រលាញ់ការអាន ដែលលោកចាត់ទុកជាការហ្វឹកហ្វឺនខួរក្បាលដ៏ល្អ។ លោកនិពន្ធសៀវភៅជាច្រើនក្បាលក្នុងឆាកជីវិតលោក ដូចជា A Doctor in the House: The Memoirs of Tun Dr. Mahathir Mohamad (២០១១), The Wit and Wisdom of Dr Mahathir Mohamad (២០១៥) និង The Malay Dilemma (១៩៧០) ជាដើម៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com