COVID-19
ជាតិ
កម្ពុជា ច្រានចោល​ការផ្សាយ​ថា យុវជន​វៀតណាម​ម្នាក់ ឆ្លង​កូ​វីដ ក្រោយ​ចេញពី​កម្ពុជា​
10, Jun 2020 , 4:44 pm        
រូបភាព
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
​អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​បដិសេធ​នឹង​សារព័ត៌មាន​វៀតណាម ដែល​ចុះផ្សាយ​ថា យុវជន​វៀតណាម​ម្នាក់ រកឃើញ​មាន​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ចេញពី​កម្ពុជា ទៅដល់​វៀតណាម​វិញ​។ អ្នកស្រី ប្រាប់​ក្រុមអ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​ថា​៖«​ក្រសួងសុខាភិបាល បាន​ច្រានចោល​នូវ​ព័ត៌មាន [​ហ្នឹង​] រួចហើយ​»​។


​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​អ្នកស្រី ឱ វណ្ឌ​ឌី​ន និង លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ដែលជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ទាំងពីរ​បានឡើយ ដោយសារ​ពួកគាត់ មិន​លើក​ទូរស័ព្ទ​។ យ៉ាងណា អ្នកស្រី ឱ វណ្ឌ​ឌី​ន បានផ្តល់​បទ​សម្ភាស​ជាមួយ​វី​អូ​ឌី​ដូច្នេះ​ថា​៖«​ករណី​ជនជាតិ​វៀតណាម គឺជា​វៀតណាម​។ គាត់​ជា​វៀតណាម ហើយ​ផ្ទះសំបែង​គាត់​នៅ​វៀតណាម​។ អ៊ីចឹង ករណីនេះ ជា​ករណី កើតឡើង​ក្នុង​ទឹកដី​វៀតណាម​តែម្តង​...»​។ 
 
​យុវជន​ជនជាតិ​វៀតណាម​វ័យ​១៨​ឆ្នាំ​ម្នាក់ បាន​ចេញពី​កម្ពុជា តាម​ច្រកព្រំដែន Thuong Phuoc ហើយ​ចូល​ទៅដល់​វៀតណាម កាល​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០២០​។ ពេលទៅដល់ រូបគេ ក៏ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ឡែក​រយៈពេល​១៤​ថ្ងៃ និង​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។​
 
​សារព័ត៌មាន​វៀតណាម​មួយ​ឈ្មោះ VN Express  ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែមិថុនា​ថា ពេលធ្វើ​តេស្ត​លើកដំបូង យុវជន​នោះ មិនមាន​ជំងឺ​កូ​វីដ​-១៩​ឡើយ ប៉ុន្តែ​ពេលធ្វើ​តេស្ត​លើក​ពីរ ក៏​រកឃើញ​ជំងឺ​កូ​វីដ​-១៩​។ សារព័ត៌មាន​នេះ បាន​ចុះផ្សាយ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​វៀតណាម​។​
 
​មិនមែនជា​លើកទីមួយ​ឡើយ ដែល​វៀតណាម ចុះផ្សាយ​ព័ត៌មាន​បែបនេះ​។ កាលពី​ពាក់កណ្តាល​ខែឧសភា សារព័ត៌មាន​វៀតណាម​មួយ​ឈ្មោះ Viet Nam News ក៏​ធ្លាប់​ផ្សាយ​ដែរ​ថា បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពេល​ចេញពី​កម្ពុជា តែ​ត្រូវ​កម្ពុជា បដិសេធ​៕
 
​គិត​ត្រឹម​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ វៀតណាម មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ៣៣២​នាក់ ជាសះស្បើយ​៣១៧​នាក់ ហើយ​កម្ពុជា មាន​អ្នក​ឆ្លង​១២៦​នាក់ ជាសះស្បើយ​១២៥​នាក់​។ ទាំង​កម្ពុជា​និង​វៀតណាម មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នោះទេ​៕ 

Tag:
 COVID-19
  កម្ពុជា​-​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com