ជាតិ
ស្លាប់​៤​នាក់ និង​សម្រាក​ព្យាបាល​២៧​នាក់ នៅ​បន្ទាយមានជ័យ ដោយសារ​ផឹកស្រា​ថ្នាំ តាំង គួ​យ​
11, Jun 2020 , 4:59 pm        
រូបភាព
ស្រាថ្នាំចិនចិនសែ តាំង គួយ និង អ្នកស្លាប់ដោយពុលស្រា (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
ស្រាថ្នាំចិនចិនសែ តាំង គួយ និង អ្នកស្លាប់ដោយពុលស្រា (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​៤​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ ខណៈ​២៧​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល ដោយសារ​ករណី​ពុល​ស្រាថ្នាំ តាំង គួ​យ ។ ករណី​ពុល​ស្រា​នេះ កើត​នៅ​ថ្ងៃទី​៧ ដល់ទី​៩ មិថុនា នៅ​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត និង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក មែ សុ​ខំ ជំនួយការ​របស់​នាយ​ក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។


​លោក មែ សុ​ខំ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​រសៀល​នេះ​ថា ក្រោយពី​មាន​ហេតុ​ការ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានប្រកាស​ឲ្យ​ពលរដ្ឋ​ផ្អាក ការទិញ​និង​លក់​ស្រាថ្នាំ​ឈ្មោះ «​ស្រា​ថ្នាំចិនសែ តាំង​គួ​យ​» ជាបន្ទាន់ នៅ​ថ្ងៃទី​១១ មិថុនា​នេះ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​របស់​មន្ទីរ​សុខាភិបាល កំពុង​យក​ស្រា​នេះ ទៅធ្វើ​តេ​ស្តេ​រក​សារធាតុ​ផ្សំ​។ 
 
«​អ្នកពុល​ស្រា​ទាំងអស់​៣១ ក្នុងនោះ​មាន​៤​នាក់​ស្លាប់​។ ចំណែក​អ្នក​ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ក្នុងនោះ​មាន​ម្នាក់​សម្រាក​នៅផ្ទះ ដោយ​មិនសូវ​ធ្ងន់ធ្ងរ​។ ហើយ​ក្នុងចំណោម​អ្នកពុល​ស្រា​នេះ មាន​ម្នាក់​ជា​ស្រី្ត​» ។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក មែ សុ​ខំ ដែល​លោក​មិនទាន់​អាច​បញ្ជាក់​ពី​ស្ថានភាព​អ្នក​សម្រាក​នៅ​មន្ទីរ​ពេល​នៅឡើយ​ទេ ដោយ​រង់ចាំ​ព័ត៌មាន​ច្បាស់​ពី​មន្ទីរពេទ្យ​សិន​៕ 

Tag:
 ស្រាថ្នាំ​
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com