ជាតិ
ក្រចេះ​៖ ក្រសួង​វប្បធម៌​ទិញ​ផ្ទះ​សសរ​១០០​ដែលមាន​អ្នករស់នៅ​ត​គ្នា​៧​ជំនាន់ ហើយ​រើ​ទៅ​សង់​នៅ​ទីតាំង​ថ្មី​
24, Jun 2020 , 5:06 pm        
រូបភាព
ទិដ្ឋភាពផ្ទះសសរ១០០ ដែលមានអាយុជាង១០០ឆ្នាំ នៅភូមិកោះកណ្តុរ ស្រុកឆ្លូង ខេត្តក្រចេះ ។ រូបផ្តល់ដោយ លោក ទេព វាសនា
ទិដ្ឋភាពផ្ទះសសរ១០០ ដែលមានអាយុជាង១០០ឆ្នាំ នៅភូមិកោះកណ្តុរ ស្រុកឆ្លូង ខេត្តក្រចេះ ។ រូបផ្តល់ដោយ លោក ទេព វាសនា
​ផ្ទះ​សសរ​១០០ ដែលមាន​អាយុ​ជាង​១០០​ឆ្នាំ នៅ​ភូមិ​កោះ​កណ្តុរ ស្រុក​ឆ្លូង ខេត្តក្រចេះ ត្រូវបាន​ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សម្រេច​ទិញ​ផ្ទះ​នេះ យកទៅ​សាងសង់​ឡើងវិញ​នៅក្នុង​វត្ត​រកា​កណ្ដាល សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ​។ ការសម្រេច​ទិញ​នេះ ដោយសារ​ម្ចាស់ផ្ទះ​មានបំណង​រើ​ផ្ទះ ព្រោះ​ត្រូវយក​ដី​ចែក​ឲ្យ​កូនៗ​បន្តទៀត ខណៈ​ផ្ទះ​នេះ​ក៏មាន​សភាព​ចាស់​ទ្រុឌទ្រោម​ផងដែរ​។

 
​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ លោក ទេព វាសនា ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៤ មិថុនា​នេះ​ថា ក្រសួង​វប្បធម៌​និង​មន្ទីរ​បាន​សុំ​ទិញ​ផ្ទះ​នេះ ក្នុងតម្លៃ​៨​ពាន់​ដុល្លារ ដើម្បី​ឲ្យ​ក្រុម​ជំនាញ​ចុះ​រុះរើ​ដោយផ្ទាល់​និង​រៀប​ឡើងវិញ ដើម្បី​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​។ បើតាម​លោក វាសនា ការរៀប​ឡើងវិញ​នេះ ប្រើពេល​យ៉ាងយូរ​ចុងឆ្នាំ​២០២០​។ 
 
​ប្រធាន​មន្ទីរ​វប្បធម៌​រូបនេះ ថ្លែងថា​៖ «​ខាង​ក្រសួង​បាន​បញ្ចុះបញ្ចូល​មិន​ឲ្យ​គាត់​រុះរើ​ដែរ ប៉ុន្តែ​គាត់​មិន​ព្រម ទើប​ស្នើសុំ​ទិញ​ក៏​គាត់​មិន​លក់ ប៉ុន្តែ​ចុងក្រោយ​បន្ទាប់ពី​មានការ​ពន្យល់​ណែនាំ គាត់​ក៏​ព្រម​លក់ ហើយ​ក្រសួង​បាន​ប្រមូល​ថវិកា​ពី​សប្បុរសជន​៨​ពាន់​ដុល្លារ​ក្នុងការ​ទិញ​ផ្ទះ​នេះ​។ ផ្ទះ​នេះ នឹង​សាងសង់ឡើង​តាម​ទម្រង់​ដើម​ទាំងស្រុង​និង​ជួសជុល​កន្លែង​បាក់បែក​ផងដែរ​»​។ 
 
​ដោយសារ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ប្រមាណ​២៨​គីឡូម៉ែត្រ ពី​ទីតាំង​ផ្ទះ​សសរ​១០០​ទៅ​វត្ត​រកា​កណ្ដាល ខណៈ​សភាព​ផ្ទះ​ចាស់​ទ្រុឌទ្រោម ដោយ​នៅសល់​សសរ​ត្រឹម​៥០​ផង​នោះ ទើប​ក្រុមការងារ​របស់​ក្រសួង​សម្រេច​រុះរើ​ទាំងស្រុង ហើយ​សាង់សង់​ឡើងវិញ​។ ក្រោយ​សាងសង់​ហើយ ផ្ទះ​នេះ នឹង​ក្លាយទៅជា​សារមន្ទីរ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ ជាមួយគ្នានេះ នៅ​វត្ត​រកា​កណ្ដាល ក៏មាន​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​១ បាន​សាងសង់ឡើង​នៅ​ឆ្នាំ​១៨៣៨​ទៀតផង​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក វាសនា​។ 
 
​ផ្ទះ​សសរ​១០០​នេះ ចាប់ផ្ដើម​រើ កាលពី​ថ្ងៃ​២១ មិថុនា ប៉ុន្តែ​មកដល់​ថ្ងៃនេះ រុះរើ​បាន​ត្រឹម​ដំបូល​មួយផ្នែក និង​ជញ្ជាំង​មួយផ្នែក​ប៉ុណ្ណោះ ព្រោះ​ផ្ទះ​ពុកផុយ​ធ្វើ​ឲ្យ​ក្រុមការងារ​ពិបាក​រើ និង​ប្រើពេល​យូរ​។ ផ្ទះ​នេះ មិន​មានការ​បរិច្ឆេទ​ច្បាស់លាស់​នោះទេ ខណៈ​ម្ចាស់ផ្ទះ ដែល​កំពុង​រស់នៅ​បច្ចុប្បន្ននេះ គឺជា​កូនចៅ​ជំនា​ន់ទី​៧ ហើយ​។ ដោយសារតែ​ផ្ទះ​រស់នៅ​ត​កូនចៅ​ជំនា​ន់ទី​៧​នេះហើយ ទើប​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ សន្ម​ត់​ថា ផ្ទះ​នេះ មាន​អាយុកាល​ជាង​១០០​ឆ្នាំ​ហើយ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ លោក ទេព វាសនា​៕

Tag:
 ផ្ទះ​សសរ​១០០
© រក្សាសិទ្ធិដោយ thmeythmey.com