ភ្នំពេញ៖ ស្ថាប័នហិរញ្ញវត្ថុ អាចជួយសម្រាលការលំបាករបស់ពលរដ្ឋ ក្នុងការសងត្រឡប់មកវិញ ប៉ុន្តែមិនអាចលុបគោលការណ៍យកទ្រព្យបញ្ចាំប្លង់ដីពីពលរដ្ឋបានទេ។ ស្ថាប័នហិរញ្ញវត្ថុ ឆ្លើយតបបែបនេះ ទៅកាន់អង្គការសង្គមស៊ីវិល និងសហជីព ដែលចេញរបាយការណ៍រួមមួយ ស្តីពីកម្មករនិងបំណុលថា «ធ្វើការរហូតដល់ជំពាក់បំណុលវ័ណ្ឌក» ដែលស្នើឱ្យស្ថាប័នហិរញ្ញវត្ថុ ឈប់យកទ្រព្យបញ្ចាំជាប្លងដី។
សម្ព័ន្ធសហជីពកម្ពុជា, មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ និងសម្ព័ន្ធខ្មែរជំរឿននិងការងារសិទ្ធិមនុស្ស លីកាដូ កាលពីថ្ងៃទី៣០មិថុនា បានចេញរបាយការណ៍មួយពីកម្មករនិងបំណុលថា «ធ្វើការរហូតដល់ជំពាក់បំណុលវ័ណ្ឌក» ដោយស្នើឱ្យមានកម្មវិធីសម្រាកបន្ទុកបំណុលឱ្យបានឆាប់ពីស្ថាប័នហិរញ្ញវត្ថុ។
សង្គមស៊ីវិលទាំង៣ស្ថាប័ន ក៏បានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ បញ្ឈប់ការយកបណ្ណកាន់កាប់ដីធ្លី ជាទ្រព្យបញ្ចាំទៀតផង។ «សូមស្នើឲ្យគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ កែប្រែគោលការណ៍ផ្ទៃក្នុង ដោយបញ្ឃប់យកបណ្ណកាន់កាប់ដីធ្លីធ្វើជាទ្រព្យសម្រាប់កម្ចីឥណទានខ្នាតតូច និងផ្អាកការបង់សងបំណុលឥណទានខ្នាតតូចនិងការប្រាក់ក្នុងរយៈពេលយ៉ាងតិច៣ខែ និងលើសពីនេះ ដល់អ្នកខ្ចីប្រាក់ទាំងអស់ដែលរងផលប៉ះពាល់សេដ្ឋកិច្ចដោយសារការរីករាលដាលនៃកូវីដ-១៩»។ នេះបើតាមរបាយការណ៍រួមនេះ។
សមាគមហិរញ្ញវត្ថុ បដិសេធនឹងសំណើរបស់អង្គការសង្គមស៊ីវិល និងសហជីពនេះ។ លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ បានអះអាងថា ការស្នើឱ្យកែប្រែគោលការណ៍ផ្ទៃក្នុង ដោយបញ្ឈប់ការយកប្លង់ដីធ្វើទ្រព្យធានា គឺមិនអាចទៅរួចឡើយ ព្រោះវាជាគោលការណ៍ស្ថាប័ហិរញ្ញវត្ថុជាតិ និងអន្តរជាតិ។ «កន្លងមកមានឥណទានប្រភេទខ្លះមិនតម្រូវឲ្យមានដាក់ប្លង់ដីឡើយ ដូចជាឥណទានជាក្រុម។ ប៉ុន្តែឥណទានខ្លះតម្រូវឲ្យមាន តាមលក្ខខណ្ឌរបស់ស្ថាប័នហិរញ្ញវត្ថុកំណត់និងប្រភេទឥណទាន»។ នេះជាការបញ្ជាក់របស់លោក កាំង តុងងី។
ងាកមកការស្នើឲ្យផ្អាកការសងកម្ចីនិងការប្រាក់វិញ លោក តុងងី បានបញ្ជាក់ថា ស្ថាប័នហិរញ្ញវត្ថុបានអន្តរាគមន៍ដោះស្រាយជូនពលរដ្ឋហើយ ប៉ុន្តែមិនមែនអ្នកខ្ចីទាំងអស់ សុទ្ធតែទទួលបានការពន្យារពេលសងការប្រាក់ និងប្រាក់ដើមនោះទេ។ លោក តុងងី សង្កត់ធ្ងន់ថា ៖«បើពន្យារពេលសងគ្រប់គ្នា គឺខុសលក្ខខណ្ឌដែលតម្រូវឱ្យអ្នកជាប់កម្ចីទាំងអស់ដាក់ពាក្យស្នើសុំ ហើយអ្នកទាំងនោះទៀតសោត ត្រូវតែជាអ្នកជួបបញ្ហាសេដ្ឋកិច្ចឬបាត់ប្រភពចំណូល ទើបខាងស្ថាប័នហិរញ្ញវត្ថុអនុគ្រោះលើការបង់ការប្រាក់និងដើម»។
របាយការណ៍រួមរបស់សង្គមស៊ីវិល និងសហជីព ស្តីពី«ធ្វើការរហូតដល់ជំពាក់បំណុលវ័ណ្ឌក» នេះ បានស្ទង់មតិកម្មកររោងចក្រដែលព្យួរការងារប្រមាណ១៥០នាក់ ក្នុងនោះមាន៤នាក់ប៉ុណ្ណោះ ដែលគ្មានជាប់បំណុល។ របាយការណ៍បានបញ្ជាក់ថា បញ្ហាបំណុលទាំងនេះ បានបង្ខំឱ្យកម្មករលក់ទ្រព្យសម្បត្តិនិងខ្ចីគេបន្ថែម ដើម្បីសងបំណុលដល់ស្ថាប័នហិរញ្ញវត្ថុ។ របាយការណ៍ដដែល បានបញ្ជាក់ថា កម្មកររាប់ម៉ឺននាក់នឹងប្រឈមការលំបាកកាន់តែខ្លាំង ក្នុងជីវភាពរស់នៅនិងការសង់ប្រាក់ត្រឡប់ទៅស្ថាប័នហិរញ្ញវត្ថុវិញ ខណៈមានរោងចក្រព្យួរការងារជាបន្តបន្ទាប់។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានបញ្ជាក់ថា កម្មករ កម្មការិនីរោងចក្រកាត់ដេរ ខិតខំធ្វើការងារយ៉ាងខ្លាំង ដើម្បីមានលទ្ធភាពផ្គត់ផ្គង់អាហារបរិភោគដល់ក្រុមគ្រួសាររបស់ពួកគាត់។ អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្ថែមថា ៖«ពេលនេះ ពួកគាត់ស្ទើរតែមិនអាចមានលទ្ធភាពចិញ្ចឹមខ្លួនឯង ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុល ឬកិច្ចគាំពារផ្នែកសង្គមទេ ខ្ញុំព្រួយបារម្ភថា បញ្ហាទាំងនេះ នឹងនាំឱ្យពួកគាត់ជួបការលំបាកកាន់តែខ្លាំងឡើងៗ» ។
ជុំវិញរបាយការណ៍នេះ លោក អ៊ីន ចាន់នី ប្រធានសមាគមធនាគារឯកជនកម្ពុជាថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃ១កក្កដាថា លោកសុំមិនបកស្រាយតបរបាយការណ៍ដែលចេញដោយសង្គមស៊ីវិលនេះ ព្រោះការស្ទង់មតិធ្វើឡើង គឺមិនមានភាពច្បាស់លាស់។
រីឯលោក កាំង តុងងី បានបញ្ជាក់ថា របាយការណ៍នេះ មិនអាចយកជាផ្លូវការបាននោះទេ ដោយសារការស្ទង់មតិធ្វើឡើងផ្តោតលើតែកម្មកររោងចក្របិទទ្វារនិងព្យួរការងារ ហើយភាគីសហជីពជាអ្នកធ្វើទៀត។ ដូច្នេះមិនអាចយកមកប្រើប្រាស់ ឬទុកចិត្តបាន ដោយគ្មានការផ្ទៀងផ្ទាត់នោះទេ។
«យើងទទួលស្គាល់ថា កូវីដ-១៩ ប្កងផលប៉ះពាល់ច្រើនដល់ពលរដ្ឋកម្ពុជាយើង ប៉ុន្តែយើងមិនមែនឈរឱបដៃមើលទេ យើងកំពុងតែជួយអតិថិជនរបស់យើងហើយ តាមរយៈការរៀបចំឥណទានឡើងវិញ និងតាមវិធីផ្សេងដែលយើងអាចធ្វើបាន អ៊ីចឹងនៅពេលដែលគាត់(សង្គមស៊ីវិល)លើពីហេតុផលសិក្សាផ្សេងអីមក គឺរំខានដល់ការរបស់យើង» ។នេះបើតាមប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ ។
ចាប់ពីវិបត្តិកូវីដ-១៩កើតមាន ដល់ចុងខែមិថុនា អ្នកជាប់កម្ចីនៅមីក្រូហិរញ្ញវត្ថុជិត២៣ម៉ឺននាក់ បានស្នើរៀបចំឥណទានឡើងវិញ។ ក្នុងនោះមានប្រមាណ២២ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ភាគច្រើនទទួលបានការពន្យារពេលបង់ការប្រាក់ និងបង់ទាំងការប្រាក់និងដើម។ ចំណែកអ្នកជាប់បំណុលធនាគារប្រមាណ១០ម៉ឺននាក់ក៏បានរៀបចំឥណទានឡើងដែរ។ អតិថិជនដែលទទួលបានការរៀបចំឥណទានឡើងវិញ ភាគច្រើនជាអ្នកធ្វើផ្នែកទេសចរណ៍ រោងចក្រ សំណង់ និងសេវាដឹកជញ្ជូន។ នេះបើតាមសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា ការរៀបចំឥណទានរៀបចំឡើងវិញនេះ ធនាគារជាតិ បានកំណត់លក្ខខណ្ឌមួយចំនួន ដើម្បីសម្រាលបន្ទុកពលរដ្ឋ ដែលប្រឈមមុខនឹងបញ្ហាជំងឺCOVID-19។ លក្ខខណ្ឌអនុគ្រោះទាំងនោះរួមមាន១៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន,២៖ ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ៣៖ ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់,៤៖ ការពន្យារឥណទានប្រតិទាន,៥៖ ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន, ៦៖ ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន, ៧៖ ការលើកលែង ឬបន្ថយទ្រព្យធានា ,៨៖ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និងចុងក្រោយការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
ត្រឹមចុងឆ្នាំ២០១៩នេះ នៅកម្ពុជាមានអ្នកខ្ចីកម្ចីឥណទានខ្នាតតូចជាង២.៦លាននាក់ ហើយក្នុងនោះបើគិតជាទឹកប្រាក់មានប្រមាណ១០ពាន់លានដុល្លារ ។ នេះបើតាមរបាយការណ៍រួម ដែលចេញដោយអង្គការលីកាដូ៕