កំណាព្យ
ជាតិ
កវី អ៊ីវ ហួត៖ បានអាន មានប្រាជ្ញា បានសិក្សា មានវិជ្ជា (៣)
× កំណាព្យភាគច្រើនរបស់កវី អ៊ីវ ហួត មិនបានចងក្រងជាសៀវភៅនោះឡើយ ដោយព្រឹទ្ធាចារ្យ គ្រាន់តែចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនប៉ុណ្ណោះ។ ក្នុងសំណួរទី៣នៃបទសម្ភាសជាកំណាព្យ លោក អ៊ឹង ចំរើន នៃសារព័ត៌មានថ្មីៗ បានស្នើឲ្យកវីដងប៉ាកកាប្រាក់រូបនេះ រៀបរាប់ពីស្នាដៃសៀវភៅ «ល្បែងពាក្យ» (Jeux de Mots) ដែលបានបោះពុម្ពផ្សាយលើកទី១នៅឆ្នាំ២០១២ ដោយគ្រឹះស្ថានបឹងទន្លេសាប។
សំណួរទី៣៖ លោកអ៊ំចងក្រង--ចេញជាកម្រង--សៀវភៅ "ល្បែងពាក្យ"
ឬ Jeux de Mots--ទំនោរប្រកៀក--ឃ្លាឃ្លោងជ្រែកច្រៀក
ប្រឡាក់ក្រឡា។
ស្នាដៃមួយនេះ--ផ្តល់ការត្រិះរិះ--ដល់កម្រិតណា
សូមអ៊ំសង្ខេប--បទបែបខ្លឹមសារ--ក្មួយៗយល់ការណ៍
រកជាវទុកអាន។
កវី អ៊ីវ ហួត៖ 'បានអានមានប្រាជ្ញា បានសិក្សាមានវិជ្ជា'
១. ខ្ញុំមានបញ្ហា--មធ្យមប្រាជ្ញា--ប្រាថ្នាចារជ័យ
'មេកាព្យ'ឆាបចិត្ត--ដិតស្និទ្ធសិរី--អ្នកអានប្រុសស្រី
មេត្រីកាព្យខ្មែរ។
២. 'អានមានប្រាជ្ញា'--ចេញជាចេតនា--ច្បារច្បាស់ហូរហែ
ចិត្តចង់តែងបាន--ចំណានឋានស្នេហ៍--គ្រប់តែកូនខ្មែរ
បែរមករករៀន។
៣. ព្រោះមានអារម្មណ៍--ថាគ្រាណាខំ--សន្សំនិទាន
ចង់សាកសរសេរ--រិះរេគ្នេរហ៊ាន--ចេះគិតជាស្ពាន
បង្រៀនខ្លួនឯង។
៤. ដូចក្នុងយល់សប្តិ--ប្រាណប្រែប្រសប់--ប្រសព្វសព្វស្តែង
ជាកវីប្រាជ្ញ--អង់អាចចារចែង--រៀបចំកន្លែង
រមែងរែងរស់។
៥. រៀបមន្តខន្តី--ក្មេងចាស់ប្រុសស្រី--លៃលាភជ្រាបយស
កាព្យខ្មែរប្រែប្រាណ--បានថែកេរ្តិ៍ឈ្មោះ--រៀបពាក្យពិគ្រោះ
ពីរោះល្បះល្បែង។
៦. សុបិនឃើញគ្រូ--មកស្និទ្ធគិតគូរ--ស៊ូប្រាប់ក្តែងៗ
'អានមានប្រាជ្ញា'--ចេះចារខ្លួនឯង--សន្សំពុំក្រែង
'ល្បែងពាក្យ'ច្រៀកពេចន៍។
៧. រៀបពាក្យខ្លីៗ--ជាឃ្លាទារទ័យ--លៃផ្សំរំលេច
ពាក្យចួនស្ទួនណាស់--ភ្លឺច្បាស់ដូចពេជ្រ--ភ្លេកៗជានិច្ច
សេចក្តីន័យល្បែង។
៨. ចួនហើយណែងណង--ហ៊ានសាកច្រើនដង--ក្រងចិត្តឥតក្រែង
ចង់ល្អប្រវាស់--ប្តូរផ្លាស់កន្លែង--បង្កប្រជែង
លែងខ្លាចខន្តី។
៩. ពេលរៀបពាក្យចួន--ប្រាថ្នាចារស្ទួន--ពួនអង្រួនទ័យ
បណ្តែតតាមពេចន៍--រំលេចសេចក្តី--អារម្មណ៍ឃើញថ្មី
ន័យរត់មកផ្សំ។
១០. រឿងធំចម្បង--ពិស្តារសាសង--ចងក្រងជាក្រុម
ចំនួនពាក្យឃ្លា--ទារកើនរីកធំ--បួនឃ្លាល្បះផ្តុំ
ន័យពុំបានព្រាង។
១១. ចេញពីពាក្យមួយ--ឃ្លាបួនបោះពួយ--រញ្ជួយទាំងរាង
តាមពាក្យបង្កៀក--វិភាគផ្ទឹមផ្ទៀង--ជួនស្រស់ស្អាតជាង
កៀងរកភស្តុតាង។
(ខាងក្រោមនេះ ជាល្បះខ្លះៗដកស្រង់ចេញពីសៀវភៅ'ល្បែងពាក្យ' រក្សាទុកជាឧទាហរណ៍ជាក់ស្តែង
១- កម្លាំងកាយ នៅអាយកម្លាំងចិត្ត
កម្លាំងគំនិត ឋិតជិតកម្លាំងប្រាជ្ញា
កម្លាំងសៀវភៅ នៅជាប់ពិសោធន៍សាវតារ
កម្លាំងស្នេហាស្ថាបនាសង្ខារលោកនិងបរលោក។
២- ខំប្រឹង នឹងគំនិត
ខំប្រព្រឹត្ត ពិនិត្យលទ្ធផល
ខំព្យាយាម ត្រៀមដើរទៅដល់
ខំពន្យល់ យោបល់ជាស្ពាន ឈានឆ្លងដងទន្លេពិសោធន៍។
៣- គិតខុស ចុះមកខាត
គិតមិនស្អាត ប្រមាទប្រយោជន៍ធំ
គិតស្ទាក់ស្ទើរ ទង្វើស្ទូចឥតសូវចំ
គិតលាយឡំ មិនសំណំមានលាភសោះឡើយ។
៤- គូររូបខ្លា បង្ការគោព្រើល
គូររូបមើល ស្រមើលស្រមៃ
គូររូបស្រីស្រស់ ស្រណោះទាំងថ្ងៃ
គូររូបចរណៃ អាល័យជាប់ចិត្ត..ចង់ជួប។
៥- ឃើញល្មុត ស្លុតចិត្តល្មោភ
ឃើញថាសម្ហូប ស្រូបក្លិនសិន
ឃើញបាយខ្លោច អាណោចបានឆ្អិន
ឃើញបាយបិណ្ឌ មិនបោះបង់ចាយបាត្រ។..
១២. ល្បះលើកខ្លះៗ(នៃ'ល្បែងពាក្យ')
បញ្ជាក់ពុំច្បាស់ ដេរដាសសំណាង
ទម្រាំរកឃើញ អញ្ជើញអំណាង
មកស្នេហ៍ក្បែរខាង ត្រដាង'ស្នាដៃ'។
១៣. ពិតពុំងាយសោះ
ខន្តីដូរដោះ ស្មោះសរចរច្នៃ
ប្រាជ្ញាមធ្យម ទោះភ្ជុំស្មារតី
ខ្ញុំពុំស្រមៃ
ថាថ្ងៃនេះមាន។
១៤. ហ៊ានក្តោបឧបសគ្គ
មករារាំងស្ទាក់ ថ្នាំងថ្នាក់វិញាណ
ភារៈអ្នកប្រាជ្ញ អង់អាចនិទាន
កវីជាស្ពាន ហ៊ានចារឹកទុក។
១៥. ប្រាជ្ញាប្រាណតិច
ធ្វើម្ត៉េចអាចថ្ពេច រំលេចក្តីសុខ
ដូចកាលអង្គរ បង្កទំនុក
ចារឹកនាំមុខ សម្បុកវប្បធម៌។
១៦. ឥន្ទ្រទេវី
បញ្ញាសម្ភី សព្វទីបង្ក
ទាំងកាព្យាដែរ ស្និទ្ធស្នេហ៍ស្មោះសរ
វិទ្យាទារ..ត អង្គរទ្រលោក។
១៧. ខ្ញុំកោតស្ញប់ស្ញែង
គោរពក្រៃលែង បែងចិត្តគិតជោគ
តើធ្វើយ៉ាងណា ប្រាជ្ញាជួយចូក
គំនិតជាស្នូក គរគោកលទ្ធផល។
១៨. ហេតុកោសល្យតិច
ពិនិត្យជានិច្ច ដាំពេជ្រយោបល់
ផ្នែកអក្សរសិល្ប៍ រមិលដិតដល់
ស្វែងរកឃើញថ្នល់ តម្កល់សិរី។
១៩. ណឺរ៉ូនខួរក្បាល
ពេលកើតដុះដាល ត្រកាលរាល់ន័យ
ទង្វើវិចិត្រ ជីវិតគិតច្នៃ
ណឺរ៉ូនកើនថ្មី គប្បីប្រើត្រូវ។
២០. បើប្រើត្រូវហើយ
ណឺរ៉ូនមិនស្បើយ រើយៗដើរទៅ
តាមបទបញ្ជា គ្រប់គ្រាតម្រូវ
យុទ្ធសាស្ត្រឆ្លាស់នៅ ជាផ្លូវទម្លាប់។
២១. មានទម្លាប់ល្អ
ទង្វើបង្ក ប្រសើរជាប់លាប់
ហេតុមានពិសោធន៍ គួរកោតគិតគាប់
លទ្ធផលរើសរាប់ ធ្លាប់ស្វ័យប្រវត្តិ។
២២. សង្កេតឃើញដែរ
កំណាព្យល្អខ្មែរ ច្រើនតែទៀងទាត់
សម្តីកវី ស្រមៃមូលមាត់
គិតស្និទ្ឌដើររត់ ឥតភ្លាត់ភ្លេចចួន។
២៣. ចួនមិនតិចទេ
បានអានគិតគ្នេរ រឹតតែរេខ្លួន
រំភើបស្រើបស្រាល ត្រអាលអោបស្ងួន
វិធីមាំមួន ពួនជិតកោសល្យ។
២៤. កវីល្បីឈ្មោះ
ច្រើនតែងពីរោះ ជាយសប្រាណយល់
កំណាព្យឆាបចិត្ត និម្មិតឥទ្ធពល
សម្បូរកុសល សំគាល់សព្វទី។
២៥. រឿងពីរោះហ្នឹង
បើស្យង់ជញ្ជឹង ដឹងថ្លឹងមូលមីរ
កើតពីពាក្យចួន អង្រួននាទី
អារម្មណ៍សំភី ជីវិតចូលចិត្ត។
២៦. យល់ដឹងដូច្នេះ
បន្តត្រិះរិះ ចេះចង់ប្រណីត
សាកល្បងតែងកាព្យ ឆាបចិត្តមិត្តស្និទ្ធ
ឃើញលទ្ធផលពិត ពិនិត្យល្អិតល្អ។
២៧. 'ចួន'លើកជាទិស
រឿងពាក្យរៀបរើស ជ្រើសលើសបន្ត
រៀបរៀងផ្ទៀងន័យ ជ័យចាំកំដរ
ខន្តីស្មោះសរ បវរផលជុំ។
២៨. សន្សំពិសោធន៍
បានច្រើនអន់ឆោត កោតកវីធំ
កោសល្យ.ចំណេះ ស្រែះស្រោបឧត្តម
ស្នាដៃសក្តិសម ពុំសាបម្តងណា។
២៩. ពាក្យចួនណែងណង
កាព្យលោកចម្លង ក្រងចាំផ្តាំសារ
ចេញពីកោសល្យ យល់ស្និទ្ធពិចារណ៍
កើតរឿងអស្ចារ្យ អាណាចក្រខ្មែរ។
៣០. កោសល្យខ្ញុំអន់
ខន្តីលៃទាន់ មិនភាន់ទីស្នេហ៍
រៀបពាក្យនឹងក្បាល ដុះដាលហូរហែ
មួយល្បះឆ្លាស់កែ ទាល់តែពេញចិត្ត។
៣១. រឿងរៀបពាក្យរៀង
ពិនិត្យល្អិតផ្ទៀង ពុំរាងប្រព្រឹត្ត
ប្រែជាទម្លាប់ ចាប់ជាប់រាប់ឫទ្ធ
ក្នុងចិត្តដិតស្និទ្ធ ឥតខ្លាចអាចទៀត។
៣២. ពីតិចទៅច្រើន
ល្បែងល្បះដាស់តឿន ក្រើនចិត្តគិតឆ្លៀត
អំណានជាគ្រូ ពូកែវាស់វាត
វិជ្ជាមាយាទ ឥតឃ្លាតស្មេរស្មោះ។
៣៣. គ្មានពីកំណើត
'កាព្យ'បានបង្កើត មិនឆើតឥតទាស់
ចរចាចែចូវ ត្រូវកែសម្ផស្ស
តុបតែងឲ្យស្រស់ ពុំអស់ចិត្តទេ។
៣៤. ជារឿងពាក្យរើស
ខ្លាចលើសឬទើស មិនល្មើសជ្រើសកេរ
គន់គិតស្និទ្ធកែ ហូរហែថែទ្វេ
គុណភាពគន់គ្នេរ បុព្វេផ្ទេរន័យ។
៣៥. ហេតុតែផ្ចិតផ្ចង់
តម្រូវតម្រង់ សាងសង់ក្នុងទ័យ
ទម្លាប់ល្អហ្នឹង សន្ធឹងពឹងលៃ
ខួរក្បាលរួមច្នៃ និស្ស័យសារសព្ទ។
៣៦. បំណងបញ្ជា
ខួរក្បាលពុះពារ ធានាលំដាប់
ជួយតុបតែងកាព្យ ឆាបចិត្តចាំស្តាប់
ចំណានបានគាប់ សព្វទ្រព្យវប្បធម៌។
៣៧. ណឺរ៉ូនធ្វើការ
ជួយពិភាក្សា សាសងបន្ត
កណ្តាលអាទ្រាធ ជួនឆ្លៀតសាទរ
រើសពាក្យត្រូវល្អ កកើតជាឃ្លា។
៣៨. ឃ្លាផ្តុំជាល្បះ
ពិនិត្យល្អិតណាស់ យុទ្ធសាស្ត្រច្បាស់គ្រា
គុណភាពចម្បង ចម្លងវិជ្ជា
កើតកើនជាគ្នា ទារស្និទ្ឌគិតគាប់។
៣៩. ក្បាលគិតចិត្តចាំ
រាល់ថ្ងៃខែឆ្នាំ ផ្តាំឲ្យចារជាប់
តិចឬច្រើនដែរ ត្រូវតែគ្នេរភ័ព្វ
រកពាក្យរៀបរាប់ ទម្លាប់កើតមាន។
៤០. ទម្លាប់ផ្គាប់ខ្លួន
តែងណែងណងចួន ជា'ក្បួន'និទាន
តែងល្អឥតខ្ចោះ ស្មោះសរជំហាន
រចនាបថឈាន ជាយានកវី។
៤១. លំហាត់លំហែ
ហ្វេសប៊ុកថេរថែ ស្ទើរតែរាល់ថ្ងៃ
កាព្យឃ្លោងពិរោះ ព្រោះរិះនិស្ស័យ
ចារជីវិតជ័យ ន័យកំណាព្យខ្មែរ។
៤២. ចូលរួមចំណែក
វប្បធម៌មួយផ្អែក ពឹងផ្អែកចិត្តស្នេហ៍
ពាក្យខ្មែរជួយណាស់ ដេរដាសមកក្បែរ
ចូកជួយហូរហែ រាល់តែល្បះល្បែង។
៤៣. ភាសាខ្មែរល្អ
ឆ្លាក់បានបវរ សាទរភាពស្តែង
សិលាចារឹក ខ្មែរថ្នឹកចារចែង
គ្រាន់គ្រប់កន្លែង ចិត្តស្វែងរក្សា។
៤៤. ភាសាចារចំ
ចិត្តចេះសន្សំ ព្រំព្រាងពិចារណ៍
សង្កេតហេតុផល យល់ដល់សីមា
ជ្រួតជ្រាបលោកា ខេមរាគួរប្រឹង។
៤៥. ចង់ទុក'កេរ'មួយ
'ល្បែងពាក្យ'ចូកជួយ ស្ទួយផ្សំដំណឹង
បានផលចម្លែក ថ្ងៃស្អែកនឹងដឹង
តែចិត្តគិតថ្លឹង ស្មឹងស្មាធប្រមាណ។
៤៦. 'អានមានប្រាជ្ញា'
ជាទិសប្រាថ្នា ចារចិត្តគិតស្មាន
តុបតែងបែងឆ្លាស់ យុទ្ធសាស្ត្រសុខសាន្ត
ប្រាណណាក្លាហាន ចំណានចំណង់។
៤៧. 'អានមានប្រាជ្ញា'
ណឺរ៉ូនធ្វើការ ជាសារសាងសង់
ដុះដាលក្នុងក្បាល ត្រកាលសំណង់
ជំនាញតម្រង់ ពុំបង់បញ្ញា។
៤៨. ជាការសាកល្បង
អានគិតច្រើនដង សាសងចេតនា
'ល្បែងពាក្យ'នាំចិត្ត ឲ្យគិតពិចារណ៍
ហេតុផលព្រឹត្តិការណ៍ សិក្សាសារសព្វ។
៤៩. ចំណែកកវី
គុណភាពជ្រាបទ័យ រាល់ថ្ងៃប្រសព្វ
រៀបពាក្យច្រៀកពេចន៍
រំលេចប្រសប់
រកឃើញកំណប់ រចនាបថប្រាណ។
៥០. ខ្លួនជាគ្រូដែរ
ណែនាំជួយកែ រឹតតែចំណាន
កាព្យឆាបចិត្តខ្លួន មិនពួនសព្វឋាន
ហ្វេសប៊ុកជាឋាន ហាត់ប្រាណខួរចារ៕
(សូមរង់ចាំអានវគ្គ៤ វគ្គបញ្ចប់)
© រក្សាសិទ្ធិដោយ thmeythmey.com