ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ៣០នាក់ រួមគ្នាជាមួយសហគមន៍ត្រពាំងសង្កែ និងមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តកំពត រៀបចំកម្មវិធីដាំដើមកោងកាង ចំនួន១០០០ ដើម នៅដៃសមុទ្រ បរិវេណសហគមន៍ត្រពាំងសង្កែ ខេត្តកំពត។ កម្មវិធីនេះ បានប្រព្រឹត្តនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។
កម្មវីធីនេះ រៀបចំឡើងដើម្បីជំរុញឲ្យមានការអភិរក្សបន្តដាំដើមកោងកាង និងដើម្បីអបអរសាទរទៅនឹងទិវាអភិរក្សព្រៃកោងកាងពិភពលោក ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា ដើមកោងកាង ពិតជាតិមានសារសំខាន់ណាស់ សម្រាប់មនុស្សជាតិ។ ក្នុងនោះ ដើមកោងកាងមានតួនាទីជារបាំងការពារខ្យល់ព្យុះ នៅតាមឆ្នេរសមុទ្រ ហើយក៏ជាទីជម្រក របស់ជីវៈមានជីវិត នៅក្នុងទឹក និងព្រមទាំងជាប្រភពទាក់ទាញភ្ញៀវទេសចរទៀតផង។
លោក ព្រំ វិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ការដាំដើមកោងកាងនៅថ្ងៃនេះ ជាការចូលរួមចំណែកដ៏សំខាន់ ពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការជួយអភិរក្សព្រៃកោងកាង និងរួមគ្នាថែរក្សាលើកកម្ពស់បរិស្ថាន។ លោកសង្ឃឹមថា សកម្មភាពនេះ នឹងជំរុញឲ្យមានការចូលរួមបន្ថែម ពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការរួមគ្នាអភិរក្សព្រៃកោងកាងបន្តទៅទៀត។
លោក ជុនហៀង ថាវសិទ្ធិ ក៏បានបន្តទៀតថា៖«ការរួមគ្នាដាំដើមកោងកាងនៅថ្ងៃនេះ បង្ហាញអំពីស្មារតីរួបរួម នៃមនុស្សជាតិ ដើម្បីលើកកម្ពស់បរិស្ថាន និងបង្កើតឲ្យមានការចង់ចាំដ៏ប្រពៃ អំពីការបតស្នងរបស់មនុស្សជាតិ ចំពោះបរិស្ថានវិញ»។
លោកប្រធានគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមយល់ដឹង អំពីអត្ថប្រយោជន៍ដើមកោងកាង និងបន្តរួមគ្នាដាំ និងអភិរក្សដើមកោងកាងទាំងអស់គ្នា ដើម្បីសុខដុមរមនានៃបរិស្ថានជាតិ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ បានតែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសធម៌ជាច្រើន ក្នុងនោះមានការដាំដើមឈើ ការផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និងការៀបចំកម្មវិធីផ្សេងៗជាច្រើនទៀត ដើម្បីសង្គម៕
(អត្ថបទពាណិជ្ជកម្ម)