COVID-19
ជាតិ
ក្រសួងផែនការ រកឃើញពលរដ្ឋជាង១៩ម៉ឺននាក់ទៀត ទើបធ្លាក់ខ្លួនក្រ ក្នុងអំឡុងកូវីដ-១៩ ក្រុមការងាររបស់ក្រសួងសង្គមកិច្ចចុះសួរសុខទុក្ខពលរដ្ឋមានបណ្ណសមធម៌នៅមណ្ឌលគិរីកាលពីថ្ងៃទី២៤ មិថុនា ២០២០(រូបពីក្រសួងសង្គមកិច្ច)
× ភ្នំពេញ៖ ក្នុងជុំទី២នៃការចុះធ្វើបណ្ណសមធម៌ជូនពលរដ្ឋក្រីក្រ ក្រសួងផែនការ បានរកឃើញពលរដ្ឋក្រីក្រជាង១៩ម៉ឺននាក់បន្ថែមនាក់ទៀត។ ពលរដ្ឋជាង១៩ម៉ឺននាក់នេះ ស្មើនឹង៥ម៉ឺនគ្រួសារ ដែលភាគច្រើន ជាអ្នកដែលទើបតែធ្លាក់ខ្លួនក្រ ក្នុងអំឡុងវិបត្តិកូវីដ-១៩ និងជាអ្នកចំណាកស្រុក ទើបនឹងមកពីក្រៅប្រទេស។ នេះបើតាមការអះអាងរបស់លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ។
លោក ស្រី ដា បញ្ជាក់ថា ការចុះធ្វើបណ្ណសមធម៌ជុំទី១ មានជាង៥៦ម៉ឺនគ្រួសារ (ជាង២លាន៣សែននាក់) ដែលទទួលបានបណ្ណសមធម៌ ហើយអ្នកទទួលបានបណ្ណសមធម៌ក្នុងជំទី២ បានកើនឡើងជាង៥ម៉ឺនគ្រួសារទៀត (ជាង១៩ម៉ឺននាក់)។
អ្នកនាំពាក្យ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមបែបនេះថា៖«ពលរដ្ឋ១៩ម៉ឺននាក់ ដែលរកឃើញថាក្រីក្រ [ក្នុងជុំទី២នេះ] គឺពួកគាត់ ទើបតែធ្លាក់ខ្លួនក្រ និងអ្នកទើបវិលត្រឡប់មកពីថៃនិងក្រៅប្រទេសវិញ»។
រដ្ឋាភិបាល ប៉ាន់ប្រមាណថា ក្នុង១ខែ អាចចំណាយថវិកា២៥លានដុល្លារ ក្នុងការឧបត្ថម្ភដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ក្នុងអំឡុងវិបត្តិកូវីដ-១៩។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ ក្នុងពិធីចុះសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកក្កដា ថា រដ្ឋ នឹងបន្ថែមថិវកា៣លានដុល្លារទៀត លើគម្រោងថវិកា២៥លានដុល្លារ ដែលត្រូវចំណាយក្នុង១ខែ។ ដូច្នេះ រដ្ឋ អាចចំណាយ២៨លានដុល្លារ ក្នុង១ សម្រាប់ផ្តល់ដល់អ្នកក្រីក្រ។
ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«បើកូវីដ មិនទាន់ថមថយទេ យើង នៅបន្តកម្មវិធីជំនួយសង្គម ប៉ុន្តែមិនមែនបានសេចក្តីថា រដ្ឋ ចិញ្ចឹមរហូតទេ ហើយនេះក៏មិនមែនរដ្ឋចិញ្ចឹមទាំងស្រុងដែរ គឺជាការប៉ះប៉ូវ»។
ពលរដ្ឋក្រីក្រ ដែលមានបណ្ណសមធម៌ ត្រូវបើកប្រាក់ឧបត្ថម្ភប្រចាំខែ ឲ្យបានមុនថ្ងៃទី២៤។ បើហួសពីថ្ងៃ២៤ ពលរដ្ឋរូបនោះ នឹងមិនអាចបើកប្រាក់ឧបត្ថម្ភបានឡើយ ដូច្នេះ ត្រូវបាត់ប្រាក់ឧបត្ថម្ភអស់១ខែ៕
Tag:
ជនក្រីក្រ
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com