ជាតិ
កន្លះឆ្នាំ សមត្ថកិច្ច ចាប់អ្នកពាក់ព័ន្ធគ្រឿងញៀនជាង១ម៉ឺននាក់ គ្រឿងញៀនដែលសមត្ថកិច្ចប្រមូលបាននិងរៀបចំដុតបំផ្លាញ។ (រូបពី អ៊ូ សុខមាន)
× ភ្នំពេញ៖ ឆមាសទី១នៃឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង៥,៤ពាន់ករណី និងឃាត់ខ្លួនមនុស្សបានជាង១ម៉ឺននាក់។ នេះបើតាមរបាយការណ៍ត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ ដែលចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
បើតាមរបាយការណ៍ដដែល អ្នកពាក់ព័ន្ធគ្រឿងញៀនជាង១ម៉ឺននាក់ ដែលត្រូវឃាត់ខ្លួន មានជនបរទេស១៧៧នាក់ (១៥ជនជាតិ)។
បទល្មើសគ្រឿងញៀនជាង៥,៤ពាន់ករណីនេះ បើធៀបនឹងឆមាសទី១ កាលពីឆ្នាំ២០១៩ គឺកើនឡើងជាង៣០ភាគរយ ដែលមានជាង៤,១ពាន់ករណី។ រីឯ អ្នកពាក់ព័ន្ធគ្រឿងញៀន ជាង១ម៉ឺននាក់ ដែលត្រូវឃាត់ខ្លួន ក្នុងឆមាសទី១នៃឆ្នាំ២០២០ គឺកើនឡើងជាង២២ភាគរយ បើធៀបនឹងឆមាសទី១ កាលឆ្នាំ២០១៩ ដែលមានជាង៨,៩ពាន់នាក់។
នៅទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី២៤ ខែកក្កដានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតំណាងក្រសួង រួមទាំងតំណាងស្ថានប័នពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានេះ សមត្ថកិច្ច រឹបអូសបានយកគ្រឿងញៀន២៦១គីឡូក្រាម ក្នុងឆមាសទី១ នៃឆ្នាំ២០២០ ហើយកាលពីឆមាសទី១ ឆ្នាំ២០១៩ សមត្ថកិច្ច រឹបអូសគ្រឿងញៀនបាន៣៤១គីឡូក្រាម ដោយថយចុះ៨០គីឡូក្រាម ស្មើនឹង២៣ភាគរយ។
ចំណែក សម្ភារ មធ្យោបាយ និង ឧបករណ៍ផលិតកែច្នៃគ្រឿងញៀន ដែលសមត្ថកិច្ចដកហូតបានពេលបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវសមត្ថបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com