ជាតិ
ក្រសួងពាណិជ្ជកម្ម អនុម័ត E-Commerce Strategy ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​
25, Jul 2020 , 10:29 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ ក្នុងកិច្ចប្រជុំពិនិត្យនិងអនុម័ត E-Commerce Strategy ថ្ងៃទី២៣ កក្កដា ២០២០។ (រូបពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
លោក ប៉ាន សូរស័ក្តិ ក្នុងកិច្ចប្រជុំពិនិត្យនិងអនុម័ត E-Commerce Strategy ថ្ងៃទី២៣ កក្កដា ២០២០។ (រូបពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានអនុម័ត​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(E-Commerce Strategy) ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង របស់​សហគ្រាស​ពាណិជ្ជកម្ម និង​ដំណើ​ន​ការ​អាជីវកម្ម ក្នុង​ប​ដិ​វត្តន៍​ឧស្សាហកម្ម​៤.០​។ បើតាម​ក្រសួងពាណិជ្ជកម្ម E-Commerce Strategy ក៏​នឹង​លើកកម្ពស់​ផលិតភាព បង្កើត​ការនាំចេញ បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ផង​។


 
​រដ្ឋាភិបាល បានរៀបចំ​ខ្លួន​ចាប់យក​ក​ចក្ខុវិស័យ​វែងឆ្ងាយ គឺ​កាលានុវត្តភាព ពី​បរិបទ​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​៤.០ ដើម្បី​ឆ្លើយតប​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តាមរយៈ​ការលើកកម្ពស់​សមត្ថភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក ឲ្យ​ផ្សារភ្ជាប់​ទៅនឹង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកលលោក​។ នេះ​បើតាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋ​ម​ន្រី្ត​ក្រសួងពាណិជ្ជកម្ម ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ប្រកាស​អនុម័ត​យុទ្ធសាស្ត្រ​ (E-Commerce Strategy) ​នៅ​ថ្ងៃទី​២៣ ខែកក្កដា​។ 
 
​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៤ កក្កដា ក្រសួងពាណិជ្ជកម្ម បានរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលជា​វិស័យ​ថ្មី​មួយ​ប្រកបដោយ​សក្តានុពល​ខ្ពស់ ក្នុងការ​បង្កើត​ប្រភព​កំណើន​ថ្មី សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវបាន​រៀបចំឡើង ដោយមាន​លក្ខណៈ​ប្រទាក់ក្រឡា និង​ឆ្លើយតប​ទៅនឹង​វិស័យ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត រួមមាន​ឯកសារ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ឆ្នាំ​២០១៩-២០២៣​។ 
 
​ក្នុង​កិច្ចប្រជុំ លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា​៖ «​នៅ​ដំណាក់កាល​ជំងឺ​កូ​វីដ​-១៩ បាន​បង្ខំ​ឲ្យ​សហគ្រាស និង​អាជីវកម្ម​ជាច្រើន ងាក​មកប្រើប្រាស់​បច្ចេក​វិទ្យា និង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​រក្សាបាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​។ ហើយ​ការងា​កមក​ប្រើ​បច្ចេកវិទ្យា នឹង​រឹតតែ​កើនឡើង​នាពេល​អនាគត ទោះបី​ជាការ​រាតត្បាត មាន​ភាព​ស្រាកស្រាន្ត​ក៏ដោយ​»​។ 
 
​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវបាន​រៀបចំឡើង ស្រប​ពេលដែល​កម្ពុជា មានច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ប្រាស់ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ​។ លោក​បន្តថា ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នឹង​បម្រើ​ជា​មូលដ្ឋាន​គតិយុត្ត ក្នុងការ​ការពារ​ផលប្រយោជន៍ និង​កសាង​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន ក៏ដូចជា​ទាក់ទាញ​វិ​យោគិន ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​វិនិយោគ​ក្នុង​វិស័យ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​។ 
 
​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ បានរៀបចំ​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម ក្រោម​ការឧបត្ថម្ភ​ហិរញ្ញប្បទាន ពី​អង្គការ​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម (Enhanced Integrated Framework – EIF) តាមរយៈ​ការពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​៕ 

Tag:
 E-Commerce Strategy
© រក្សាសិទ្ធិដោយ thmeythmey.com