COVID-19
ជាតិ
Covid-19៖ ក្រសួងសុខាភិបាល រំឭក​ពលរដ្ឋ​កុំ​ឲ្យ​ភ្លេចខ្លួន និង​មើលរំលង​លទ្ធភាព​ឆ្លង​ក្នុង​សហគមន៍
25, Jul 2020 , 4:59 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា នាថ្ងៃទី២៧ មេសា ២០២០។
លោកស្រី ឱ វណ្ណឌីន ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា នាថ្ងៃទី២៧ មេសា ២០២០។
ភ្នំពេញ​៖ លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​រំឭក​ពលរដ្ឋ កុំ​ឲ្យ​ភ្លេចខ្លួន ព្រោះ​លទ្ធភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩  ចូល​សហគម​ន៌​យើង​មិនអាច​មើលរំលង​បានឡើយ ទោះជា​ករណី​នាំចូល​ក៏ដោយ​។ ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​២៣​ករណី​ទៀត លើ​ជនជាតិខ្មែរ​១៩​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​៤​នាក់​។​

 
​ដ្បិត​ជា​ករណី​នាំចូល និង​មិនត្រូវ​ចាត់ទុកថា​ជា​រលក​ទី​២ ប៉ុន្តែ​លោកស្រី ឱ វណ្ណឌី​ន អំពាវនាវ​ឲ្យ​ពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច ដោយសារ​លទ្ធភាព​ចម្លង​ក្នុង​សហគមន៍​អាច​កើតមាន​គ្រប់ពេល​។ លោកស្រី បាន​ឆ្លើយ​នឹង​សំណួរ​របស់​សារព័ត៌មាន​ថ្មីៗ នៅក្នុង​ក្រុម​អ្នកសារព័ត៌មាន​តាម​បណ្តាញ​តេ​ឡេ​ក្រាម​ថា​៖ «​លទ្ធភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩  ចូល​សហគមន៍​យើង​មិនអាច​មើលរំលង​បានឡើយ​...​សូមកុំ​ភ្លេចខ្លួន និង​សូមកុំ​សន្តិភាព​និយម ជាមួយ​ជំងឺ​កូ​វីដ​-១៩ នេះ​ឲ្យ​សោះ​»​។​
​លោកស្រី​បាន​សង្កត់ធ្ងន់ ចំពោះ​ពលរដ្ឋ​ដែលមាន​ដំណើរ​កម្សាន្ត ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដោយសារ​ហានិភ័យ នៃ​ការឆ្លង​កូ​វីដ​-១៩​អាច​កើតមាន​គ្រប់ពេល​។​
 
​រយៈពេល​ចុងក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។ គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​ចំនួន​២២៥​ករណី ក្នុងនោះ​មាន​ក្នុងនោះ ១៤៣​នាក់​បានជា​សះស្បើយ និង​៨២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាង​២៣​នាក់ ដែល​ត្រូវបាន​ប្រកាស​ដោយ​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២៥ ខែកក្កដា​នេះ មាន​អ្នកជំងឺ​១៥​នាក់ ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។ ចំណែក​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មាន​អ្នក​សម្រាក​ព្យាបាល​៦​នាក់​, មណ្ឌល​សុខភាព​ចាក់អង្រែ មាន​អ្នក​សម្រាក​ព្យាបាល ៥៩​នាក់ និង​២​នាក់​ទៀត សម្រាក​ព្យាបាល​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​នោះទេ​៕ 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com