ព្រះសីហនុ៖ ខេត្តព្រះសីហនុ ដែលកំពុងរីកចម្រើនខាងសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ ត្រូវបានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ជ្រើសរើសជាខេត្តដំបូងគេបង្អស់បន្ទាប់ពីភ្នំពេញដើម្បីរៀបចំវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់។
នេះជាការចាប់ផ្តើម នៃយុទ្ធនាការទ្រង់ទ្រាយធំមួយ កម្រិតទូទាំងប្រទេស របស់ក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីអាមេរិកមួយនេះ ក្នុងការបង្កើតឱកាសការងារ និងវិនិយោគសម្រាប់ទីផ្សារដីធ្លីដល់បងប្អូននៅទូទាំងប្រទេសកម្ពុជា ក្រោមប្រធានបទ «បណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់»។
អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានថ្លែងនៅក្នុងសិក្ខាសាលាកាលពីថ្ងៃសុក្រទី ២៤ កក្កដាឆ្នាំ ២០២០ ថា ខេត្តព្រះសីហនុ ជាខេត្តជាប់សមុទ្រដែលមានសក្តានុពល ប្រហាក់ប្រហែលទីក្រុងសិនជិន នៃខេត្តក្វាងទុង ប្រទេសចិន ដែលជាទីក្រុងឧស្សាហកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្មអន្តរជាតិ ទីក្រុងកំពង់ផែ និងជាទីកំណើតនៃតំបន់សេដ្ឋកិច្ចពិសេស ដ៏ល្បីល្បាញលើពិភពលោក។ អ្នកស្រីបន្តថា អំណោយផលនេះ រួមផ្សំនឹងគោលនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់លាស់ របស់រដ្ឋាភិបាលកម្ពុជា បានទាក់ទាញវិនិយោគបរទេសជាច្រើនមកខេត្តព្រះសីហនុ ជាពិសេសវិនិយោគិនចិន។
អ្នកស្រីថ្លែងថា ខេត្តព្រះសីហនុនាពេលអនាគត អាចក្លាយទៅជាទីក្រុងពាណិជ្ជកម្មអន្តរជាតិ ដូចសិនជិន ហើយនេះជាអ្វីដែលបងប្អូន ក្នុងវិស័យអចលនទ្រព្យគួរស្វែងយល់ ហើយនេះក៏ជាឱកាស ដែលបងប្អូនគួរចាប់យកអាជីពនេះ ដើម្បីក្លាយជាអ្នកឯកទេសដីធ្លី ប្រចាំខេត្តព្រះសីហនុ»។ អ្នកស្រីបន្តថា អាជីពក្នុងវិស័យដីធ្លីមានឱកាសល្អ ដោយសារកម្ពុជា ជាប្រទេសមានការអភិវឌ្ឍន៍លឿន ហើយទទួលបានកំណើនវិនិយោគបរទេសជាប្រចាំ។ អ្នកស្រីបញ្ជាក់ថា៖«បន្ទាប់ពីខេត្តព្រះសីហនុទៅ ក្រុមហ៊ុនយើងនឹងធ្វើកម្មវិធីនៅទូទាំង ១៤ ខណ្ឌនៅភ្នំពេញ និង២៤ ខេត្តនៅទូទាំងប្រទេសដើម្បីផ្តល់ឱកាសការងារ និងវិនិយោគដល់បងប្អូននៅតាមបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា»។
កម្មវិធីដែលបានរៀបចំឡើង កាលពីថ្ងៃសុក្រទី ២៤ កក្កដា បានធ្វើឡើងនៅសណ្ឋាគារ Sokha Beach Resort Sihanouk Ville ដែលមានវាគ្មិនជំនាញ ៤រូប សុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងភាពជាអ្នកដឹកនាំ។ វាគ្មិនទាំងនោះរូមមាន អ្នកស្រីហ្គ្រែស រចនី លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ព្រាប កុល គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment និងលោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំក្រុងព្រះសីហនុ។
ថ្លែងក្នុងវេទិកានេះ កាលពីថ្ងៃសុក្រ លោក ច្រឹក សុខនីម ប្រធាន CVEA បានលើកឡើងថាខេត្តព្រះសីហនុ ត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ហើយនារយៈពេលបីឆ្នាំចុងក្រោយនេះ សំណង់អគារខ្ពស់ៗ សកម្មភាពពាណិជ្ជកម្ម និងទីផ្សារអចលនទ្រព្យកំពុងមានការរីកចម្រើន គួរឱ្យកត់សម្គាល់។
លោកបន្តថា៖«សន្ទុះនៃការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ គឺទាមទារឲ្យមានភ្នាក់ងារអចលនវត្ថុ ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅអនាគត»។ លោកបន្តថា៖«នៅពេលក្រុមហ៊ុន Century 21 Zillion Holding អាចចូលរួមបង្កើតអ្នកជំនាញ [ឯកទេសដីធ្លី] ឲ្យកាន់តែច្រើន ក៏ជាការរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ ការផ្តល់សេវាអចលនវត្ថុ ក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត»។
សិក្ខាសាលា បណ្តុះជំនាញឯកទេសខាងវិស័យដីធ្លីរបស់ក្រុមហ៊ុន Century 21 Zillion Holding កាលពីថ្ងៃសុក្រ ២៤ កក្កដានេះ មានការចូលរួមពីអ្នកស្រលាញ់ការងារ ក្នុងវិស័យអចលនទ្រព្យដល់ទៅជិត ២០០ នាក់ ហើយអ្នកចូលរួមភាគច្រើន បានបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាអ្នកឯកទេសដីធ្លី ប្រចាំតំបន់ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Century 21 Zillion Holding។
លោក ព្រាប កុល ដែលបានចូលរួមក្នុងនាមជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលនេះបានជំរុញដល់អ្នករស់នៅក្រុងព្រះសីហនុ ឱ្យចូលរួមការងារជាមួយ Century 21 Zillion Holding ដោយបញ្ជាក់ថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមានម៉ាកយីហោអន្តរជាតិ និងមានកេរ្តិ៍ឈ្មោះល្អ។
លោកថ្លែងថា៖«ក្រុមហ៊ុនដែលមានយីហោដើម ពីសហរដ្ឋអាមេរិក ចាត់ទុកជាក្រុមហ៊ុនដែលមានកាលីបខ្ពស់ មានកេរ្តិ៍ឈ្មោះល្អ ហើយមានការទទួលស្គាល់ជាសកល ដែលនេះបងប្អូនអាចមានឱកាសល្អបំផុត នៅពេលនេះ គ្រាន់តែចុះឈ្មោះក្លាយទៅជាអ្នកឯកទេសដីធ្លី ប្រចាំតំបន់ នៅតាមឃុំ សង្កាត់ដែល បងប្អូនឈរជើង»។ លោកបន្តថា៖«ចូលរួមជាមួយក្រុមហ៊ុន
អន្តរជាតិមួយយ៉ាងខ្ពស់ ហើយបានឱកាសទៅចរចា ជាមួយម្ចាស់ទ្រព្យតម្លៃរាប់លានដុល្លារ ដែលប្អូននឹងអាចបង្កើនប្រាក់ចំណូលរាប់ម៉ឺន ទៅតាមបទពិសោធន៍ និងសមត្ថភាព»។
លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងថាអាជីពជាភ្នាក់ងារអចលនទ្រព្យ ជាអាជីពមួយ ដែលអាចជួយឱ្យសម្រេចបានភាពជោគជ័យក្នុងជីវិតហើយអ្នកចូលរួមក្នុងអាជីពនេះ គួរពិចារណាផ្តោតលើទីផ្សារឱ្យជាក់លាក់ និងយល់ច្បាស់ពីតំបន់ដែលខ្លួនប្រកបរបរ។
លោកថ្លែងថា៖«ការដែលផ្តោតលើទីផ្សារដីធ្លីនេះ ព្រោះដីជាធនធានដែលកម្រ។ ម្យ៉ាងវិញទៀត ទីផ្សារដីធ្លីនេះវាទូលាយ សម្រាប់តម្រូវការវិនិយោគ ដូចជាតម្រូវការដីសម្រាប់ការវិយោគលើលំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងដីសម្រាប់ការធ្វើកសិកម្មជាដើម»៕
(អត្ថបទពាណិជ្ជកម្ម)