សេចក្តីព្រាងច្បាប់​ថ្មី ហាម​បុរស​ដោះអាវ និង​ស្ត្រី​ស្លៀកពាក់​ស៊ិ​ច​ស៊ី នៅតាម​ទីប្រជុំជន​
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សេចក្តីព្រាងច្បាប់​ថ្មី ហាម​បុរស​ដោះអាវ និង​ស្ត្រី​ស្លៀកពាក់​ស៊ិ​ច​ស៊ី នៅតាម​ទីប្រជុំជន​
03, Aug 2020 , 5:34 pm        
រូបភាព
លោក អ៊ុក គឹម​លេខ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អះអាងថា ការតាក់តែង​ច្បាប់​នេះ មិនមែន​រឹតបន្តឹង​សេរីភាព​ពលរដ្ឋឡើយ
លោក អ៊ុក គឹម​លេខ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អះអាងថា ការតាក់តែង​ច្បាប់​នេះ មិនមែន​រឹតបន្តឹង​សេរីភាព​ពលរដ្ឋឡើយ
​ភ្នំពេញ​៖ រដ្ឋាភិបាល កំពុង​រៀបចំ​ច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​រៀបចំ​របៀបរៀបរយ​ស​ង្គ​ម​។ ក្នុង​សេចក្តីព្រាងច្បាប់​នោះ ក៏​ហាម​ពលរដ្ឋ​ស្លៀកពាក់​ស៊ិ​ច​ស៊ី នៅតាម​តំបន់​ទីប្រជុំជន​ផងដែរ​។ តែ​អ្នកជំនាញ​ផ្នែក​វប្បធម៌ យល់ថា រដ្ឋាភិបាល​មិនគួរ​រៀបចំ​កំណត់​ចេញ​ជា​ច្បាប់ លើ​ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​នេះឡើយ​។​



​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ បាន​បញ្ជាក់ថា ការហាម​ពលរដ្ឋ មិនឱ្យ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​នៅតាម​ទីសាធារណៈ ដែល​មានចែង​ក្នុង​សេចក្តីព្រាងច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ នេះ គឺ​ដើម្បី​រក្សា​ការពារ​តម្លៃ​ប្រពៃណី និង​វប្បធម៌​ជាតិ​។ សម្រាប់​លោក អ៊ុក គឹម​លេខ ការតាក់តែង​ច្បាប់​នេះ ក៏​មិនមែន​រឹតបន្តឹង​សេរីភាព​ពលរដ្ឋ​ដែរ​។ 

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អ៊ុក គឹម​លេខ ដែល​ដឹកនាំ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ បាន​បញ្ជាក់ថា​៖«​យើង​បង្កើត​ច្បាប់​នេះ​ឡើង ដើម្បី​រៀបចំ​របៀបរៀបរយ​ស​ង្គ​ម និង​រក្សា​សេចក្តីថ្លៃថ្នូរ​ជាតិ​។ ដូច្នេះ​ទើប​យើង​ហាម​ពលរដ្ឋ​មិនឱ្យ​ស្លៀកពាក់​ហួសហេតុ​នេះ ដើម្បីឱ្យ​ពួកគេ​ស្លៀកពាក់​ឱ្យបាន​សមរម្យ​»​។​

សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ មាន​៨​ជំពូក និង​៤៨​មាត្រា​។ ត្រង់​ជំពូក​ទី​៥ មាត្រា​៣៦ បាន​ចែងថា «​ហាម​ស្លៀកពាក់​ដែល​ប៉ះពាល់​ប្រពៃណីជាតិ និង​សេចក្តីថ្លៃថ្នូរ នៅ​ទីសាធារណៈ​ជាអាទិ៍​៖​ក​- បុរស​ស្លៀក​តែ​ខោ​អត់​អាវ​នៅ​ទីប្រជុំជន ឬ​ស្លៀក​តែ​ខោ​ទ្រនាប់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ​។ ខ​-​នារី​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម ឬ​ស្លៀកពាក់​ស្ដើង​មើលឃើញ​កេរ​ភេទ ឬ​ស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ​។ ការអនុវត្ត​ក​ឋា​ខណ្ឌ​ខាងលើ ត្រូវបាន​លើកលែង​ចំពោះតែ​វិស័យ​ទេសចរណ៍ សិល្បៈ កីឡា ប្រពៃណី​ឬ​តំបន់ ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។​

ធម្មតា​ប្រទេសមួយ ត្រូវតែ​មានច្បាប់​សម្រាប់​គ្រប់គ្រង​។​ប៉ុន្តែ​ក្នុង​ករណីខ្លះ​ក៏​មិនចាំបាច់​ចែង​ជា​ច្បាប់​ដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ឈ​ត ប៊ុនថង ដែល​បាន​បន្ថែមថា ករណី​នៃ​ការ​ស្លៀកពាក់​នេះ គួរតែ​ត្រូវ​អប់រំ​ផ្នត់គំនិត​ពលរដ្ឋ ប្រសើរ​ជាង​តាក់តែង​ច្បាប់​ដាក់ទោស​ទណ្ឌ ឬ​ផាកពិន័យ​។​

​ប្រធាន​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ​និង​ទេសចរណ៍​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បាន​បកស្រាយ​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​គិតថា វា​ហាក់ដូចជា​មិនគួរ​ឈានដល់​ការចេញ​ច្បាប់​ទេ គ្រាន់តែ​ការ​ស្លៀកពាក់​។ យើង​អាច​បណ្ដុះ យើង​អាច​អប់រំ​ខាង​សីលធម៌ យើង​ពន្យល់​ប្រជាពលរដ្ឋ ឬ​កម្រិត​បទបញ្ជាផ្ទៃក្នុង​រឿង​វិន័យ​តាម​កន្លែង​ជាក់លាក់​ណាមួយ​ទៅ ឧទាហរណ៍ ទាហាន ប៉ូលិស គេ​ស្លៀក​យ៉ាងម៉េច សិស្សសាលា​ស្លៀក​យ៉ាងម៉េច គ្រូបង្រៀន​ស្លៀក​យ៉ាងម៉េច​…​អី​ប៉ុណ្ណឹង​។ ខ្ញុំ​គិតថា​ប្រហែលជា​បាន​ហើយ មិនគួរ​ឱ្យ​(​ឈាន​)​ទៅដល់​មានច្បាប់​»​។​

កន្លងមក​រដ្ឋាភិបាល តាមរយៈ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ហាម​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម ចូល​តំបន់​អង្គរ និង​តំបន់​បុរាណ​ផ្សេងទៀត​ដែរ​។
ត្រង់ចំណុច​នេះ​លោក ឈ​ត ប៊ុន​ថង គាំទ្រ​ឱ្យមាន​ការហាម​បែបនេះ ប៉ុន្តែ​មិនគួរ​អនុវត្ត​ការហាម​ជា​លក្ខណ​ទូទៅ​ទេ ព្រោះ​វា​នាំឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​។​

«​ច្បាប់​ប្រៀបដូចជា​ខ្សែ ដូចជា​ច្រ​វ៉ា​ក់ ដូចជា​ចំណង​អ៊ីចឹង បើកាលណា​មានច្បាប់​កាន់តែច្រើន ក៏​កាន់តែ​រឹត​ត្រួត​អ្នក​ដែល​នៅក្រោម​អំណាច​នៃ​ច្បាប់​ហ្នឹងហើយ​។ អ៊ីចឹង​បើសិនជា​ច្បាប់​ហ្នឹង ត្រូវបាន​គេ​អនុវត្ត​លើសពី​អ្វី ដែលជា​គោលបំណង​នៃ​ការពង្រឹង​ច្បាប់​ទៅ ប្រជាពលរដ្ឋ​កាន់តែ​មាន​អារម្មណ៍​ថា​តឹងតែង មាន​អារម្មណ៍​ធុញ មាន​អារម្មណ៍​ថា មិនសូវ​ស្រួល​ទៅ​។ ខ្ញុំ​សរុប​ឡើងវិញ​ថា ខ្ញុំ​ឯកភាព​នៃ​គោលបំណង​នៃ​ការចង់​រក្សា​អត្តសញ្ញាណ រក្សា​តម្លៃ រក្សា​ប្រពៃណី ប៉ុន្តែ​មិនគួរ​ឱ្យមាន​ទោសទណ្ឌ ការផាកពិន័យ​ធ្ងន់ធ្ងរ​ពេក​ទេ គួរតែមាន​ក្នុង​កម្រិត​ណាមួយ​សមរ​ម្យ​បាន​ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ​និង​ទេសចរណ៍​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​

សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ ចាប់ពី​មាត្រា​៣៨ ដល់​៤១ ក៏មាន​ចែង​អំពី​ទោសទណ្ឌ​ផងដែរ​។ តាម​មាត្រា​ទាំងនោះ ចែងថា អំពើ​ល្មើ​សនឹង​ច្បាប់​នេះ ត្រូវ​ផ្ដ​ន្តា​ទោស​ដោយ​ការព្រមាន ការពិន័យ​អន្តរការណ៍ ការដាក់វិន័យ​រដ្ឋបាល ឬ​ការផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ ឬ​/​និង​ពិន័យ​ជា​ប្រាក់​។ ការពិន័យ​នីមួយៗ​ត្រូវ​អនុវត្តតាម​អនុក្រឹត្យ ,​តុលាការ ឬ​តាម​បទ​ប្ប​ញ្ញ​តិ និង​នីតិវិធី​ជា​ធរមាន​។​

បច្ចុប្បន្ន​សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ កំពុង​ស្ថិតនៅ​ក្នុងការ​ស្ទង់​មតិ និង​កែតម្រូវ​បន្ថែម​ពី​មន្ត្រី​មូលដ្ឋាន​រាជធានី​-​ខេត្ត ដើម្បី​ប្រមូល​ធាតុ​ផ្សំ​ចូល​បន្ថែម មុននឹង​ឈានដល់​ការដាក់​ប្រជុំ​ពិគ្រោះ​យោបល់​អន្តរក្រសួង​ក្រសួង សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។

ត្រង់ចំណុច​នេះ​រដ្ឋលេខា​ធិ​ការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ បាន​បញ្ជាក់ថា បើសិនជា​ខ្លឹមសារ​ក្នុង​សេចក្តីព្រាងច្បាប់ ត្រូវបាន​សម្រេច​យល់ព្រម​នោះ សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី​ពិនិត្យ មុននឹង​បញ្ជូនទៅ​នីតិបញ្ញត្តិ​។ ប៉ុន្តែ​បើសិន​ជាមាន​មាត្រា ឬ​ចំណុច​ណា ដែល​ត្រូវបាន​បដិសេធ​នោះ គឺ​នឹងត្រូវ​លុបចោល​វិញ​។​

កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ហាម​ពលរដ្ឋ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ផងដែរ ជាពិសេស​អ្នករកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ​។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ដោយ​បញ្ចេញ​កេរ​ខ្មាស​នេះ វា​នាំឱ្យ​កើតមាន​ករណី​អំពើ​ចាប់រំលោភ ការជួញដូរ​ផ្លូវភេទ និង​ជួញដូរ​មនុស្ស​ជាដើម​។ ក្រោយ​សម្ដេច​ប្រកាស​នោះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​តាម​អន​ឡាញ ដែល​ស្លៀកពាក់​ស៊ិ​ច​ស៊ី យកមក​អប់រំ​ណែនាំ​ទៀតផង​៕


Tag:
 ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com