ជាតិ
សម្តេច​ស ខេង ផ្អាក​ការងារ លោក អ៊ុក កុសល ស្នងការ​ខេត្តកំពង់ធំ​ជា​បណ្តោះអាសន្ន​
13, Aug 2020 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១២ ខែសីហា បានសម្រេច​ផ្អាក​ការងារ​លោក អ៊ុក កុសល ស្នងការ​ខេត្តកំពង់ធំ​ជា​បណ្តោះអាសន្ន ក្រោយ​ស្នងការ​រូបនេះ រង​ការចោទប្រកាន់​ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​។ លោក អ៊ុក កុសល ក៏ត្រូវ​បាន​តម្រូវ​ឲ្យ​បង្ហាញខ្លួន​រៀងរាល់​ម៉ោង​ធ្វើការ​នៅ​នាយកដ្ឋាន​បុគ្គលិក​ផងដែរ​។​



​ជាមួយគ្នានេះ លោក អ៊ឹម សុ​គឿន ស្នងការរង​ខេត្ត​ទទួលបន្ទុក​ផែន​ការងារ​ធនធានមនុស្ស ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បុគ្គលិក​ក្រសួងមហាផ្ទៃ​វិញ​។​

​លោក អ៊ិត គឹម​ស្រ៊ន ស្នងការរង​ម្នាក់ទៀត ត្រូវបាន​ប្រគល់​ភារកិច្ច​ជា​ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយ​លោក​ត្រូវ​ទទួលបន្ទុក​ដឹកនាំ​ការងារ​រួម​រហូតដល់​មានការ​សម្រេច​សារជាថ្មី​។​

កាលពី​ថ្ងៃទី​១១ ខែសីហា ក្រោយ​កម្មវិធី​ប្រកាស​ចូលកាន់​តំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បំពាក់​ឋានន្តរស័ក្តិ និង បំពាក់​គ្រឿង​ឥស្សរិយយស សម្ដេច ស ខេង ប្រាប់​ក្រុមអ្នកកាសែត​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបំពាន​ផ្លូវភេទ​របស់​ស្នងការ​ខេត្តកំពង់ធំ​ហើយ ទៅលើ​នគរបាល​ជានា​រី សម្តេច ក៏​ចាត់​ឲ្យ​លោក នេ​ត សាវឿន និង​លោក សុខ លូ ចុះ​ស៊ើបអង្កេត​។​

​សម្ដេច សង្កត់ធ្ងន់ថា​៖«​ព័ត៌មាន​ជាបឋម​ទាក់ទង​នឹង​បញ្ហា​នេះ មិនមែន​រឿង​ថ្មី​ទេ រឿង​យូរ​មកហើយ ក៏ប៉ុន្តែ​អាចមាន​បញ្ហា ពីព្រោះ​នៅក្នុង​ស្នងការដ្ឋាន​កំពង់ធំ​គឺ​វា​មាន​បញ្ហា​។ ដូច្នេះ មកដល់ពេលនេះ ខ្ញុំ​មិនទាន់​សម្រេច​ដោះស្រាយ​យ៉ាងណា​នៅឡើយ រង់ចាំ​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ​»​។​

​បើតាម​លិខិត​មួយច្បាប់​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នគរបាល​ជានា​រី​៤​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ស្នើសុំ​សម្តេច ស ខេង ចាត់វិធានការ​ចំពោះ​លោក អ៊ុក កុសល ពី​ការបំពាន​ផ្លូវភេទ​លើ​ពួកនាង និង​បាន​រៀបរាប់​អំពើ​អសីលធម៌​របស់លោក អ៊ុក កុសល ជូនទៅ​សម្តេច ស ខេង​៕


 



© រក្សាសិទ្ធិដោយ thmeythmey.com