ជាតិ
សេដ្ឋកិច្ច
បាត់ EBA ២០ភាគរយ ធ្វើឲ្យវិស័យកាត់ដេរ ប៉ះពាល់ខ្លាំងជាងគេ?
14, Aug 2020 , 6:10 pm        
រូបភាព
រូបពី AFP
រូបពី AFP
ទំនិញ ដែលកម្ពុជា នាំទៅទីផ្សារអឺរ៉ុប មានរាប់ពាន់មុខ។ បើតាមតួលេខពីគណៈកម្មការអឺរ៉ុប ការនាំចេញទំនិញពីកម្ពុជា ទៅទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់សរុបជាង៥,៨ពាន់លានដុល្លារ (៥,៤ពាន់អឺរ៉ូ) កាលពីឆ្នាំ២០១៨។ រាល់ការនាំទំនិញទាំងនោះ ទៅទីផ្សារអឺរ៉ុប មិនត្រូវបង់ពន្ធឡើយ ក្រោមប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងតែអាវុធ (EBA)។



តួលេខពីគណៈកម្មករអឺរ៉ុប បានឲ្យដឹងថា ក្នុងចំណោមទំនិញទាំងអស់ ទំនិញផ្នែកសម្លៀកបំពាក់ មានចំនួនច្រើនជាងគេ គឺស្មើនឹងប្រមាណ៣ភាគ៤ទៅហើយ ដែលកម្ពុជា នាំចូលទៅទីផ្សារអឺរ៉ុប។ ប្រភពដដែល បង្ហាញថា គ្រាន់តែទំហំទឹកប្រាក់ ដែលកម្ពុជានាំសម្លៀកបំពាក់តែមួយមុខ ទៅទីផ្សារអឺរ៉ុប គឺមានជាង៤,៣ពាន់លានដុល្លារ (៤ពាន់លានអឺរ៉ូ) ក្នុងឆ្នាំ២០១៨។

តាមរយៈតួលេខនេះ គេ អាចដឹងថា ក្នុងការរកស៊ីជាមួយអឺរ៉ុប កម្ពុជា ពឹងផ្អែកជាចម្បងទៅលើវិស័យវាយនភ័ណ្ឌ។ ដូច្នេះ ក្រោយគណៈកម្មការអឺរ៉ុប សម្រេចផ្តាច់១ភាគ៥ ឬ២០ភាគរយ nSប្រព័ន្ធអនុគ្រោះពន្ធ EBA គេ អាចវាយតម្លៃថា វិស័យដាត់ដេរផ្នែកសម្លៀកបំពាក់ នៅកម្ពុជា នឹងត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

គណៈកម្មការអឺរ៉ុប បញ្ជាក់ថា ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទំនិញកម្ពុជាមួយចំនួន ទៅកាន់ទីផ្សារអឺរ៉ុប ដូចជា ស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និង ស្ករស ហើយជាពិសេសគឺ «សម្លៀកបំពាក់តែម្តង»។

បើអឺរ៉ុប គិតពន្ធលើគ្រប់មុខទំនិញ កម្ពុជា ត្រូវបង់ពន្ធយ៉ាងតិចក្នុងវង្វង់៦០០លានដុល្លារ ក្នុង១ឆ្នាំ។ តែក្រោមការអនុគ្រោះពន្ធស្ទើរ១០០ភាគរយ កម្ពុជា ទទួលបានប្រាក់ចំណេញពីការមិនយកពន្ធ ប្រមាណ៦០០លានដុល្លារ។

ការផ្តាច់ EBA ២០ភាគរយ មានន័យថា កម្ពុជា ត្រូវបង់ពន្ធលើមុខទំនិញប្រមាណ២០ភាគរយ ដែលមានទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារក្នុង១ឆ្នាំ។ អាចនិយាយបានថា ការផ្តាច់ EBA ២០ភាគរយ ធ្វើឲ្យកម្ពុជា លែងចំណេញប្រាក់ពីការមិនបង់ពន្ធប្រមាណ១០០ដុល្លារ ក្នុង១ឆ្នាំ។

មុន EBA ២០ភាគរយ ត្រូវកាត់ផ្តាច់ វិស័យឯកជននានា រួមមាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាគមស្បែកជើងកម្ពុជា និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ព្យាយាមផ្ញើលិខិតរួមគ្នា ទៅគណៈកម្មការអឺរ៉ុបម្តងជាពីរដង ដើម្បីសុំឲ្យពន្យារពេលនៃការផ្តាច់។ តែ សំណើរបស់ពួកគេ មិនទទួលបានលទ្ធផលឡើយ ដោយទីបំផុត គណៈកម្មការអឺរ៉ុប នៅតែផ្តាច់ EBA ២០ភាគពីកម្ពុជា។

ក្នុងលិខិតជូនទៅគណៈកម្មការអឺរ៉ុប វិស័យឯកជនទាំងនោះ បង្ហាញក្តីបារម្ភថា វិស័យកាត់ដេរនៅកម្ពុជា អាចប្រឈមនឹងការដួលរលំ ដោយសារត្រូវបង់ពន្ធ ក្រោយបាត់ EBA ២០ភាគរយ ខណៈវិស័យនេះ កំពុងជួបការលំបាក នឹងវិបត្តិកូវីដ-១៩ ស្រាប់ទៅហើយ។

អ្វីដែល វិស័យកាត់ដែរនៅកម្ពុជា កំពុងជួបការលំបាក ក្នុងវិបត្តិកូវីដ-១៩ គឺអ្នកបញ្ជាទិញ មិនព្រមទិញទំនិញផ្នែកសម្លៀកបំពាក់ពីកម្ពុជា តាមកិច្ចសន្យា និងលែងបញ្ជាទិញបន្ថែម។ អ្នកបញ្ជាទិញទាំងនោះ ប្រាប់មកកម្ពុជាថា ពួកគេ ក៏ជួបការលំបាកដោយសារវិបត្តិកូវីដ-១៩ដែរ ហេតុដូច្នេះ ទើបផ្អាកបញ្ជាទិញទំនិញផ្នែកសម្លៀកបំពាក់ពីកម្ពុជា។

សេចក្តីថ្លែងការណ៍រួមរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាគមស្បែកជើងកម្ពុជា និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលចេញកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា រោងចក្រផ្នែកសម្លៀកបំពាក់ និងរោងចក្រផ្នែកស្បែកជើងជាដើម មានជាង៤០០ហើយ ដែលព្យួរការងារ ហើយបណ្តាលឲ្យប៉ះពាល់ដល់កម្មករជាង១៥ម៉ឺននាក់ ដោយក្នុងនោះ ភាគច្រើន គឺជាស្រ្តី។

ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្តីពីការចូលជាធរមាននៃការផ្តាច់ EBA ២០ភាគរយ គណៈកម្មការអឺរ៉ុប ប្រាប់ថា កម្ពុជា នៅមានឱកាសទទួលបាន EBA ២០ភាគរយនោះមកវិញ បើកម្ពុជា គោរពសិទ្ធិមនុស្ស ដូចជា សិទ្ធិនយោបោយ សិទ្ធិស៊ីវិល សិទ្ធិការងារ និង សិទ្ធិដីធ្លីជាដើម។

គេ មិនទាន់ដឹងថា រដ្ឋាភិបាលកម្ពុជា នឹងចរចាដើម្បីបាន EBA ២០ភាគរយនោះមកវិញ ឬក៏មិនចរចានោះទេ។ តែកន្លងមក ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសរួចហើយថា មិនយកអធិបតេយ្យនិងឯករាជ្យ ទៅដោះដូរជាមួយជំនួយឬការអនុគ្រោះពន្ធណាឡើយ។

លើសពីនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ប្រកាសថា កម្ពុជា «មិនលុតជង្គង់សុំទានគេទេ»។ ការប្រកាសរបស់លោក គឺចំថ្ងៃ ដែលការផ្តាច់ EBA ២០ភាគរយ ចូលជាធរមាន។

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីតាំង និងសមិទ្ធផលនានា របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ សីហា ឆ្នាំ២០២០ ថា ការផ្តាច់ EBA ២០ភាគរយ មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងសហភាពអឺរ៉ុបឡើយ។

ក្រៅពីកម្ពុជា  ក្នុងតំបន់អាស៊ាន មានប្រទេសកំពុងអភិវឌ្ឍ២ទៀត គឺឡាវ និង មីយ៉ាន់ម៉ា ក៏ទទួលបានប្រព័ន្ធអនុពន្ធ EBA ដែរ។ ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) គឺអនុញ្ញតឲ្យប្រទេសនោះ នាំទំនិញគ្រប់មុខលើកលែងតែអាវុធ ចូលទៅទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ។

កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA តាំង២០០១មក តែបាត់អស់ ២០ភាគរយទៅវិញ។ ដូច្នេះ កម្ពុជា នៅអាចនាំទំនិញប្រមាណ៨០ភាគរយទៀត ទៅទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ៕

Tag:
 EBA
  វិស័យកាត់ដេរកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com