កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldinho មានសេរីភាពវិញហើយ ក្រោយជាប់ឃុំនៅប៉ារ៉ាហ្គាយជិត៥ខែ
× Ronaldinho ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីការឃុំខ្លួននៅប្រទេសប៉ារ៉ាហ្គាយអស់រយៈពេលជិត ៥ ខែ ជុំវិញការប្រើលិខិតឆ្លងដែនក្លែងក្លាយ។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃទី២៥ ខែសីហានេះ។
អតីតខ្សែបម្រើឆ្នើមក្រុម Barcelona, AC Milan និង Paris Saint-Germain រូបនេះ ត្រូវជាប់ឃុំខ្លួនជាមួយបងប្រុសរបស់គេលោក Roberto de Assis Moreira កាលពីថ្ងៃទី៦ ខែមីនាដោយរងការចោទប្រកាន់ថា បានចូលប្រទេសប៉ារ៉ាហ្គាយដោយកាន់លិខិតឆ្លងដែនក្លែងក្លាយ។
បន្ទាប់ពីអ្នកទាំងពីរ ជាប់ពន្ធនាគាររយៈពេលជាង១ខែ ដើម្បីរង់ចាំការជំនុំជម្រះលើបទចោទប្រើប្រាស់លិខិតឆ្លងដែនមិនពិតនេះ មេធាវីបានបង់ប្រាក់ធានាចំនួន ១,៦ លានដុល្លារ សម្រាប់ឲ្យពួកគេបានចេញពីទីឃុំឃាំង ដើម្បីអាចទៅឃុំខ្លួនក្នុងសណ្ឋាគារមួយនៅកណ្តាលក្រុង Asuncion វិញ។
យ៉ាងក៏ដោយ ក្រោយចៅក្រមលោក Gustavo Amarilla បានកំណត់កាលបរិច្ឆេទនៅថ្ងៃទី២៤ ខែសីហា ដើម្បីបើកសវនាការលើរឿងក្តីនេះ បងប្អូនប្រុសទាំងពីរក៏ត្រូវបានសម្រេចឲ្យដោះលែងពីការឃុំខ្លួនក្នុងផ្ទះ ដើម្បីឲ្យពួកគេមានសេរីភាពធម្មតាវិញ។
ការដោះលែងនេះ កើតឡើងក្រោយរដ្ឋអាជ្ញាបានដាក់សំណើទៅចៅក្រមដោយឲ្យ អតីតតារាឆ្នើម Barcelona បង់ប្រាក់ពិន័យជុំវិញករណីបន្លំខាងលើនេះ ហើយអនុញ្ញាតឲ្យរូបគេវិលត្រឡប់ទៅប្រេស៊ីលវិញ ដោយត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមរៀងរាល់ ៣ខែម្តង ក្នុងរយៈពេលមួយឆ្នាំ។
ជុំវិញការចោទប្រកាន់នេះដែរ ម្ចាស់ពាន Ballon d'Or ឆ្នាំ២០០៥ ដែលសព្វថ្ងៃឈានដល់វ័យ៤០ឆ្នាំ បានបដិសេធថាខ្លួនមិនមានសមត្ថភាពឯណាដើម្បីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយនោះទេ។
បើទោះជាត្រូវដោះលែងមែន តែ Ronaldinho ដែលជាផ្នែកមួយដ៏សំខាន់ក្នុងជួយក្រុមជម្រើសជាតិប្រេស៊ីលដែលឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០០២ នឹងត្រូវបង់ប្រាក់ពិន័យចំនួន ៩ម៉ឺនដុល្លារ ខណៈបងប្រុសរបស់គេត្រូវបង់ ១១មឺនដុល្លារ លើលក្ខខណ្ឌធ្វើដំណើរពួកគេទាំងពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com