ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ​៖ ការបើក​សាលារៀន​ឡើងវិញ មិនមែន​បើក​ទាំង​ប្រថុយប្រថាន​ឡើយ
27, Aug 2020 , 9:29 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ  បាន ដឹកនាំ កិច្ចប្រជុំ ជាមួយនឹងមន្ទីរអប់រំ គ្រប់ ខេត្ត ក្រុង និងនាយកដ្ឋានពាក់ព័័ន្ធដើម្បីធានាឲ្យការ បើកសាលាប្រកបដោយសុវត្ថិភាពខ្ពស់ នាថ្ងៃទី២៦ ខែសីហា  ឆ្នាំ២០២០
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បាន ដឹកនាំ កិច្ចប្រជុំ ជាមួយនឹងមន្ទីរអប់រំ គ្រប់ ខេត្ត ក្រុង និងនាយកដ្ឋានពាក់ព័័ន្ធដើម្បីធានាឲ្យការ បើកសាលាប្រកបដោយសុវត្ថិភាពខ្ពស់ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
ដោយ:
​​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួន ណា​រ៉ុ​ន បាន​អះអាងថា ការសម្រេច​ឲ្យ​បើក​សាលារៀន​ឡើងវិញ មិនមែន​បើក​ទាំង​ប្រថុយប្រថាន​ឡើយ ។ រដ្ឋមន្ត្រី​អប់រំ ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយនឹង​មន្ទីរអប់រំ ខេត្ត​-​ក្រុង និង​នាយកដ្ឋាន​ពាក់ព័ន្ធ នា​ថ្ងៃទី​២៦ ខែសីហា​នេះ​។​

 
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​វិញ​នេះ គឺ​អនុវត្តតាម​ស្តង់ដា សុវត្ថិភាព (SOP) តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ រដ្ឋមន្ត្រី​អប់រំ បាន​សង្កត់ធ្ងន់ថា សាលារៀន​ត្រូវ​ធានាបាន​នូវ​សុវត្ថិភាព អនាម័យ រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេស​ធានា​នូវ​គម្លាត​សុវត្ថិភាព ជៀស​វាស​កុំឱ្យ​សិស្ស​ជួបជុំគ្នា ដោយមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​មុននឹង​សាលារៀន​នីមួយៗ​បើក​ដំណើរការ​វិញ សាលារៀន​នីមួយៗ​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​បន្ទប់រៀន បរិវេណ​សាលា បណ្ណាល័យ អាហា​រដ្ឋា​ន បន្ទប់ទឹក សួន​កុមារ​កម្សាន្ត​លេង និង​សម្ភារ​ចាំបាច់​ផ្សេងៗ​ទៀត​។ សាលារៀន​នីមួយៗ​ត្រូវ​រៀបចំ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។  សាលា​ត្រូវ​រៀបចំ​តុ និង​កៅអី​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា​២​ម៉ែត្រ ហើយ​ត្រូវ​ឲ្យ​សិស្ស​រៀន​ក្នុង​មួយ​ថ្នាក់​តែ​១៥ ទៅ​២០​នាក់​។ សាលា​ត្រូវ​ផ្អាក​កន្លែង​កម្សាន្ត ឬ​ទីលានកីឡា និង​ផ្អាក​កម្មវិធី​ជួបជុំ ឬ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ក្នុង​នៅ​បរិវេណ​សាលារៀន​។ រាល់​ម៉ោង​សិក្សា​មិនត្រូវ​ឲ្យ​មាន​អ្នក​ចេញចូល​សាលា​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ​។ នេះ​បើតាម​រដ្ឋមន្ត្រី​អប់រំ​។​
 
​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា បើទោះបី​សាលារៀន​មួយចំនួន​បើក​ឲ្យ​ដំណើរការ​វិញ ក៏​សិស្សានុសិស្ស​អាច​រៀន​នៅ​សាលា​បានតែ​២ ទៅ​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ចំណែក​ប៉ុន្មាន​ថ្ងៃ​ទៀត​ត្រូវ​រៀន​តាម​អន​ឡាញ​វិញ ។ 
 
​សូមបញ្ជាក់ថា សិស្សានុសិស្ស​បាន​ផ្អាក​ទៅ​សាលារៀន​អស់​រយៈពេល​៥​ខែ​មកហើយ ដោយ​ជំនួស​ឲ្យ​ការរៀន​តាម​អន​ឡាញ​វិញ​៕ 
 
 

Tag:
 សាលា​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com