អន្តរជាតិ
​ឥណ្ឌា​ចាប់ខ្លួន​ស្ត្រី​បារាំង​ម្នាក់​ដែល​ថត​អាក្រាត​នៅលើ​ស្ពាន Laxman Jhula ដ៏​ស័ក្តិសិទ្ធិ​
01, Sep 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
​ស្ត្រី​បារាំង​ម្នាក់​ត្រូវបាន​ប៉ូលិស​ឥណ្ឌា​ចាប់ខ្លួន បន្ទាប់ពី​គាត់​បាន​បង្ហោះ​វីដេអូ​អាក្រាត​នៅលើ​ស្ពាន​ស័ក្ដិសិទ្ធិ​មួយនា​ក្រុង Rishikesh ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។ អ្នកទេសចរ​វ័យ​២៧​ឆ្នាំ​រូបនោះ ប្រឈម​ជាប់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ ក្រោម​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​។​

 
​តាម​ការផ្សាយ​របស់ The Times of India ស្ត្រី​បារាំង​នោះ បាន​ជាប់​នៅ​ប្រទេស​ឥណ្ឌា​តាំងពី​ការបិទ​ប្រទេស​នៅ​ខែមីនា មក​។ គាត់​បាន​ដើរ​នៅលើ​ស្ពាន Laxman Jhula ដែល​ត្រូវបាន​ចាត់ទុកជា​ស្ពាន​ដ៏​ស័ក្ដិសិទ្ធិ​មួយ ហើយ​បាន​ឆ្លៀត​ថត​វីដេអូ​ខ្លួនឯង និង​ស្ត្រី​ម្នាក់ទៀត ដោយ​អាក្រាត​ពាក់កណ្តាល​ខ្លួន​។ 
 
​ក្រោយ​ការ​បង្ហោះ​វីដេអូ លោក Gajendra Singh Sajwan ក្រុមប្រឹក្សា​ក្រុង Rishikesh បាន​ប្តឹងទៅ​ប៉ូលិស​។ «​ខ្ញុំ​ព្យាយាម​ថត​ដើម្បី​ផ្សព្វផ្សាយ​អាជីវកម្ម​ត្បូង​របស់ខ្ញុំ​»​។ គាត់​បាន​សារភាព​ប្រាប់​ប៉ូលិស​យ៉ាង​ដូច្នេះ ហើយ​បើតាម​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម ស្ត្រី​បារាំង​នោះ ទៅ​ក្រុង Rishikesh ដើម្បី​ពង្រីក​របរ​រកស៊ី និង​ហ្វឹកហាត់​យោ​ហ្គា​។​
 
​តាមច្បាប់​ឥណ្ឌា ស្ត្រី​នោះ​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ដោយ​រំលោភ​លើ​ច្បាប់ និង​បទបញ្ជា​ផ្សេងៗ​ទាក់ទង​នឹង​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​នៅក្នុង​ប្រទេស​ឥណ្ឌា ជាពិសេស​ទង្វើ​ដែល​ទាក់ទង​នឹង​វប្បធម៌ សាសនា​ជាដើម​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ស្ត្រី​រូបនោះត្រូវបាន​ដោះលែង ដោយ​ស្ថិតក្រោម​ការឃ្លាំមើល ហើយ​ទូរ​សព្ទ​របស់គាត់​ត្រូវបាន​ដកហូត​។ «​ពិតជា​សោកស្តាយ​ខ្លាំងណាស់​ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ពលរដ្ឋ​សហគមន៍ ខ្ញុំ​មិនបាន​យល់ច្បាស់​ពី​វប្បធម៌​នៅទីនេះ​»​។ គាត់​បាន​សំដែង​ការសុំ​ទោស​។​
 
​តាម​អាជ្ញាធរ​មូលដ្ឋាន ស្ពាន​ថ្មើរជើង Laxman Jhula ជា​គន្លង​ស្ពាន​ដែល​ព្រះរាម ព្រះ​លក្ខណ៍ និង​ព្រះ​នាង​សិ​តា ធ្លាប់​ឆ្លងកាត់ ហើយ​ពលរដ្ឋ​ឥណ្ឌា​ ដែល​កាន់សាសនា​ហិណ្ឌូ​មាន​ជំនឿ​យ៉ាងខ្លាំង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com