កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Stuttgart នាំគ្នា​រៃអង្គាស​ប្រាក់​ឲ្យ​បាន​១​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ Messi ពី Barca
01, Sep 2020 , 11:59 am        
រូបភាព
​ព័ត៌មាន​នៃ​ការចង់​ចាកចេញ​របស់ Lionel Messi ពី Barcelona គឺជា​រឿង​ធំ​បំផុត​ក្នុង​ពិភព​កីឡាបាល់ទាត់​នៅ​ឆ្នាំ ២០២០ នេះ​។ កំពូល​តារា​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ពិតជា​បានបង្ហាញ​ជា​ផ្លូវការ​ពី​បំណង​ចង់​ផ្លាស់ប្តូរ​ក្លិប​កាលពី​សប្តាហ៍​មុន​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ប៉ុន្តែ​អ្វីដែល​គួរ​ចាប់អារម្មណ៍​ទៅទៀត​នោះ បន្ទាប់ពី​អ្នកគាំទ្រ​ក្លិប Stuttgart ម្នាក់​ព្យាយាម​យ៉ាងខ្លាំង​ក្លា​ក្នុ្ង​ង​ការរក​វិធីសាស្ត្រ​ដើម្បី​នាំ Messi ទៅ​រួម​ក្រុម​នៅ​អាល្លឺម៉ង់​មួយ​នេះ​ឲ្យ​បាន​។​


អត្ថបទទាក់ទង
 
 Messi ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៣​ឆ្នាំ បានស្នើ​ចាកចេញ​ពី Camp Nou នៅ​រដូវ​កាល​ថ្មី​នេះ ដោយបាន​ផ្ញើ​សារ​ទៅកាន់​ក្លិប​អ្នកមាន​បុណ្យ ឲ្យ​ជួយ​សម្រួល​កិច្ចសន្យា​ដែល​នៅសល់ ដែល​អាច​អនុញ្ញាត​ឲ្យ​រូបគេ​អាច​ចាក​ចេញពី​ក្លិប​ដោយ​គ្មាន​បញ្ហា​។ ប៉ុន្តែ ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ អះអាងថា ពេលវេលា​កំណត់​ដើម្បី​សម្រួល​កិច្ចសន្យា​របស់​ម្ចាស់​ពាន Ballon d’Or ៦ សម័យកាល ដែល​អាច​អនុញ្ញាត​ឲ្យ​រូបនេះ​ចាកចេញ​នៅ​រដូវ​កាល​ថ្មី​ខាងមុខនេះ​បាន​ហួសពេល​ទៅហើយ​។​


 
​ស្របពេល​គ្នា​នោះ ក្របខណ្ឌ La Liga ក៏បាន​អះអាង​ការពារ​ក្លិប​យក្ស Barcelona ផងដែរ​ថា​ក្លិប​នេះ​អាច​ទទួលបាន ៧០០ លាន​អឺរ៉ូ (៨៣៣​លាន​ដុល្លារ​អាមេរិក​) លើ​តម្លៃ​ខ្លួន Messi បើ​មាន​ក្លិប​ណា​ចាប់អារម្មណ៍​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា (Release Clause) ដើម្បី​យក​ខ្សែបម្រើ​ឆ្នើម​រូបនេះ​ទៅ​រួម​ក្រុម​ទៀតផង​។​
 
​លោក Tim Artmann អ្នកគាំទ្រ​ក្រុម Stuttgart នៃ​លី​គ​កំពូល Bundesliga ដោយ​ចង់បាន Messi ទៅ​រួម​ក្រុម​ដែល​ខ្លួន​គាំទ្រ រូបគេ​បាន​បង្កើត​ទំព័រ​រៃអង្គាសប្រាក់​មួយ​ឈ្មោះ GoFundMe ដោយ​ដាក់​គោលដៅ​ធ្វើយ៉ាងណា​រក​ឲ្យ​បាន ៨០៥ លាន​ផោន (១​ពាន់​លាន​ដុល្លារ​) ដើម្បី​ទិញ​ផ្តាច់​កិច្ចសន្យា​របស់​ខ្សែបម្រើ​ឆ្នើម​នេះ​។ ចាប់តាំងពី​បង្កើត​មូល​និ​ធី​អង្កា​ស​ប្រាក់​នេះ​មក ពេលនេះ​ពួកគេ​ទទួលបាន​ប្រាក់​បរិច្ចាគ ៤២៤ ផោន (៥៦៨​ដុល្លារ​)​ហើយ​។​
 
​ទំព័រ GoFundMe របស់​បុរស​សញ្ជាតិ​អាល្លឺម៉ង់ បានសរសេរថា​៖« អ្នកគាំទ្រ VfB Stuttgart កំពុងតែ​ប្រមូល​លុយ​ដើម្បី​បង់ថ្លៃ​ផ្ទេរ​របស់ Lionel Messi ។ ក្នុងករណី​ដែល​ចំនួន​ទឹកប្រាក់​ដែល​បាន​គ្រោងទុក​មិនបាន​សម្រេច​ទាន់ពេល ឬ Messi ត្រូវ​ចូលរួម​ជាមួយ​ក្លិប​ផ្សេង នោះ​ប្រាក់ ១០០ ភាគរយ​ដែល​បាន​ពី​ការ​រៃអង្គាស​នឹងត្រូវ​បរិច្ចាគ​ទៅ​ឲ្យ​សប្បុរសធម៌ Viva con Agua នៅក្នុង​ប្រទេស​អាល្លឺម៉ង់​វិញ​»​។​
 
Stuttgart ជា​ក្រុម​កម្រិត​មធ្យម​មួយ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អាល្លឺម៉ង់​។ សព្វថ្ងៃ​ក្លិប​នេះ​ក៏មាន​កីឡាករ​ឆ្នើម​មួយចំនួន​ផងដែរ​ដូចជា Orel Mangala, Nicolas Gonzalez និង Silas Wamangituka៕
 
 
 

Tag:
 Lionel Messi Barcelona Stuttgart Tim Artmann
© រក្សាសិទ្ធិដោយ thmeythmey.com