អត្ថបទពាណិជ្ជកម្ម
យុទ្ធនា​ការផលិត​វីដេអូ​សម្រាប់​សិស្ស​ថ្នាក់​ទី ១២ នឹង​ចាប់ផ្ដើម​ដាក់​ឲ្យ​ប្រើប្រាស់​ក្រោម​កិច្ចសហការ​ត្រីភាគី​
02, Sep 2020 , 2:25 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០ - ក្រសួង​អប់រំ យុវជន និង​កីឡា វិទ្យាស្ថាន​បើកទូលាយ និង ក្រុមហ៊ុន Smart Axiata បានប្រកាស​ពី​ការចាប់ផ្ដើម​ផ្សព្វផ្សាយ​វីដេអូ​មេរៀន​អន​ឡាញ​ពី​កម្មវិធី «Smart 1,000 Grade 12 Video Collection» ដោយ​ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ​បស់​ក្រុមហ៊ុន Smart Axiata ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ 

​ក្រោយពី​ការប្រកាស​របស់​ក្រុមហ៊ុន Smart Axiata កាលពី​ចុងខែ​ឧសភា​ថា ក្រុមហ៊ុន​នឹង​គាំទ្រ​ស្ថាប័ន​ទាំងពីរ​នេះ​មក ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​បើកទូលាយ បានរៀបចំ​ស្ទូ​ឌី​យោ​ចំនួន​ពីរ​ដែលមាន​បំពាក់​បរិក្ខារ​ពេញលេញ សម្រាប់​ផលិត​វីដេអូ​អន​ឡាញ បង្រៀន​សិស្ស​ថ្នាក់​ទី ១២ ដើម្បី​ជួយ​ឲ្យ​ពួកគេ​អាច​បន្ត​ការសិក្សា​ពី​ចម្ងាយ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ឆ្នាំ​សិក្សា​នេះ ស្របពេល​មានការ​បិទទ្វារ​សាលារៀន​ទូទាំងប្រទេស​ដោយសារតែ​មេរោគ​រាតត្បាត​កូ​វីដ​១៩​។ 
 
​កម្មវិធី Smart 1,000 Grade 12 Video Collection នឹង​ក្លាយជា​ធនធាន​ដ៏​សំខាន់​សម្រាប់​សិស្ស​ថ្នាក់​ទី ១២ នា​ឆ្នាំនេះ ក៏ដូចជា​ពេលអនាគត ហើយ​បណ្ណាល័យ​ឌីជីថល ដែលមាន​ផ្ទុក​វីដេអូ​អន​ឡាញ​នេះ ក៏​នឹង​ជួយ​ដល់​ការត្រៀមខ្លួន​ជាស្រេច​របស់​ក្រសួង​អប់រំ សម្រាប់​ពេលអនាគត​ផងដែរ​។ មូលនិធិ​នេះ​បាន​ជួយ​គុណ​តម្លៃ​យ៉ាងច្រើន​បន្ថែមទៀត ដល់​កិច្ចសហការ និង​ភាពជា​ដៃគូ​យូរអង្វែង​រវាង​ក្រុមហ៊ុន Smart Axiata ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​បើកទូលាយ​។ 
 
​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​៖ «​ខណៈដែល​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុងតែ​ពង្រីក​កាលានុវត្តភាព​នៃ​ការសិក្សា​ពី​ចម្ងាយ ដូច្នេះ​មូលនិធិ​របស់​ក្រុមហ៊ុន Smart Axiata គឺជា​ជំនួយ​យ៉ាង​ធំធេង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង ដោយបាន​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​។ គំនិត​ផ្ដួចផ្ដើម​នេះ​ផ្ដោតលើ​សិស្ស​ថ្នាក់​ទី ១២ ពីព្រោះ​សិស្ស​ដែល​កំពុង​រៀន​ឆ្នាំ​ចុងក្រោយ​សម្រាប់​មធ្យមសិក្សា ចាំបាច់​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​ការប្រឡង​បញ្ចប់ ហើយ​បន្ត​ចូលទៅ​រៀន​នៅ​សកល​វិទ្យាល័យ​»​។​
 
​រហូតមក​ទល់នឹង​ពេលនេះ មាន​វីដេអូ​ចំនួន​ជាង ៤០០ ហើយ​ដែល​បាន​ផលិតឡើង​។  ខណៈ​ដែលមាន​វីដេអូ​ជាច្រើន​ទៀត​កំពុង​ស្ថិតក្នុង​ដំណើរ​ការផលិត ក្នុងពេល​នេះដែរ ក្រសួង​អប់រំ នឹង​ចាប់ផ្ដើម​សម្ពោធ​ឲ្យ​ប្រើប្រាស់​វីដេអូ ដែល​បានរៀបចំ​យ៉ាង​មាន​របៀបរៀបរយ​។ វីដេអូ​ទាំងនោះ​នឹង​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួង រួមមាន​នៅលើ​ទំព័រ Facebook និង​ទំព័រ YouTube របស់​ក្រសួង​ផ្ទាល់ ក៏ដូចជា​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​កម្ពុជា ២ ( ប៉ុស្តិ៍​អប់រំ TVK 2) ផងដែរ​។​


 
​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​យើង​មានបំណង​ចង់​ធានាថា ការបិទទ្វារ​សាលា​មិនមែនជា​ឧបសគ្គ​ឡើយ​សម្រាប់​ការអប់រំ​សិស្ស​នៅ​កម្ពុជា​។ ក្រុមហ៊ុន Smart តែងមាន​ការប្ដេជ្ញាចិត្ត​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​។ យើង​មាន​ជំនឿ​ចិត្ត​លើ​ការធ្វើការ​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ ដូច្នេះហើយ ទើប​មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ​បស់ ក្រុមហ៊ុន Smart Axiata ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា និង​ជួយ​ដល់​សហគមន៍​ដែល​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​រាតត្បាត​សកល​»​។ 
 
​មូលនិធិ​នេះ​ផ្ដោតលើ​គំនិត​ផ្ដួចផ្ដើម​នានា ដោយ​ផ្អែកលើ​គោលដៅ​ចំនួន​បួន រួមមាន​៖ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​សម្រាប់​ការអប់រំ ការគ្រប់គ្រង​វិបត្តិ គម្លាត​សង្គម និង​អនាម័យ​ផ្ទាល់ខ្លួន​។ កម្មវិធី​កិច្ចសហការ​ជា​ដៃគូ​រវាង​ស្ថាប័នឯកជន និង​រដ្ឋ ត្រូវបាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ដាក់សំណើ​មកកាន់​មូលនិធិ​នេះ ដើម្បី​ទទួលបាន​ជំនួយ​មូលនិធិ​រហូតដល់​ទៅ ២០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​កម្មវិធី​នីមួយៗ ។ 


 
​កាលពី​ខែមីនា គ្រប់​សាលារៀន​ទាំងអស់​ត្រូវបាន​តម្រូវ​ឲ្យ​បិទទ្វារ​ដើម្បី​រារាំង​ការ​រាតត្បាត​នៃ​មេរោគ​រា​កូ​វីដ​១៩​។ ដោយ​មើលឃើញ​ពី​តម្រូវការ​បន្ទាន់​ក្នុង​ការជួយ​គាំទ្រ​សម្ភារៈ​សិក្សា​ពី​ចម្ងាយ សម្រាប់​សិស្ស​ថ្នាក់​ទី ១២ ក្នុងការ​ត្រៀមខ្លួន​ដើម្បី​ការប្រលង​ទុតិយភូមិ វិទ្យាស្ថាន​បើកទូលាយ បានដាក់​សំណើ​មកកាន់​មូលនិធិ​ដើម្បី​អនុវត្ត​គម្រោង​រួមគ្នា​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន Smart Axiata​។ 
 
​ទាក់ទង​នឹង​អត្ថប្រយោជន៍​ពី​គម្រោង​នេះ លោក Javier Sola នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​បើកទូលាយ បាន​មានប្រសាសន៍ថា​៖ «​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ទទួលបាន​ពី​មូលនិធិ​សង្គ្រោះ​នេះ បានផ្ដល់​លទ្ធភាព​ឲ្យ​វិទ្យាស្ថាន​យើងខ្ញុំ​ក្នុងការ​កសាង​ស្ទូ​ឌី​យោ​ថត​ដ៏​ទំនើប​ចំនួន​ពីរ​យ៉ាង​ឆាប់រហ័ស​ដែល​សុទ្ធតែជា​ស្ទូ​ឌី​យោ​ការពារ​សំឡេង និង​បំពាក់​ទៅដោយ​ក្ដារខៀន​វៃឆ្លាត ឧបករណ៍​ថត​សំឡេង និង​ម៉ាស៊ីន​ថត​វីដេអូ​លំដាប់​ខ្ពស់​។ នៅពេលនេះ ស្ទូ​ឌី​យោ​ទាំងពីរ​នេះ​កំពុងដំណើរការ​ប្រកប​ដោយ​ភាព​ពេញលេញ ដូច្នេះ យើង​អាច​ផលិត​វីដេអូ​បាន​ចំនួន​រហូតដល់​ទៅ ៨០ វីដេអូ​បង្រៀន​ក្នុង​មួយថ្ងៃ ។ ក្រុមការងារ​ត្រួតពិនិត្យ​គុណភាព​បានធ្វើការ​យ៉ាង​ម៉ត់ចត់ ដើម្បី​ធានាថា រាល់​វីដេអូ​ដែល​បាន​ថត​គោរព​តាម​បទដ្ឋាន​របស់​ក្រសួង និង​មាន​គុណភាព​ខ្ពស់​សម្រាប់​ការចាក់ផ្សាយ​។ យើង​ពិត​ជាមាន​សេចក្ដីរំភើប​រីករាយ ក្នុងការ​ធ្វើការ​ជាមួយនឹង​លោកគ្រូ​អ្នកគ្រូ​ដ៏​ចំណាន និង​ក្រុមការងារ​ដែល​ឧស្សាហ៍​ព្យាយាម ក្នុង​ការផលិត​វីដេអូ​ទាំងអស់នេះ ដែលជា​ធនធាន​ដ៏​សំខាន់​សម្រាប់​សិស្សានុសិស្ស​ទាំង​នាពេលនេះ​ផង ក៏ដូចជា​ក្រោយពេល​ជំងឺ​រាតត្បាត​កន្លងផុត​ផងដែរ​»​។​
 







(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com