អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន RMA Cambodia ប្រារព្ធ​ពិធី​«​ប្រគល់​រថយន្ត Ford​ចំនួន​៤​គ្រឿង និង​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល​បច្ចេកវិទ្យា​រថយន្ត Ford» នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​
02, Sep 2020 , 4:35 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group) បាន​ប្រារព្ធ​ពិធី​«​ប្រគល់​រថយន្ត Ford ចំនួន​៤​គ្រឿង និង​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល​បច្ចេកវិទ្យា​រថយន្ត Ford» ជូនទៅ​ដល់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ហុង ជឿន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​នៅ​កម្ពុជា​។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត Ford ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ជុស​ជុល និង​ថែទាំ​រថយន្ត Ford ដែល​ត្រូវបាន​បង្កើតឡើង សម្រាប់​ប្រើប្រាស់​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ដែលមាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​ជិត​វត្ត​ទឹកថ្លា​)​។​
 



 
​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិ​ម អេ បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ៥០​ម៉ឺន​ដុល្លារ សម្រាប់​ការវិនិយោគ​លើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​ជំនាញ​ផ្សេងៗ​ដល់​បុគ្គលិក និង​សិស្ស​និស្សិត តាម​សាលា​បច្ចេកទេស​នានា ដើម្បី​ទទួលបាន​ឱកាស​មក​សិក្សា និង​អនុវត្តន៍​ផ្ទាល់ ជាមួយ​អ្នកឯកទេស​របស់ខ្លួន នៅតាម​បណ្ដា​ក្រុមហ៊ុន​នានា ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​។ 
 

 
​តាមរយៈ​ការវិនិយោគ ទៅលើ​វិស័យ​ធនធានមនុស្ស ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះហើយ ដែលជា​កត្តា​ជុំរុញ ឲ្យ​កកើតឡើង​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស​រថយន្ត Ford នេះ​លេចចេញ​ជា​រូបរាង​ឡើង​។ នៅក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស​រថយន្ត ហ្វ​ដ នេះ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ឧបត្ថម្ភ​ក្នុងការ​ជួសជុល និង​កែលំអ​រោង​ជាង​ទាំងមូល ព្រមទាំង​បំពាក់​នូវ​ម៉ាស៊ីនត្រជាក់ សម្ភារ​បច្ចេកទេស​សម្រាប់​ជួសជុល​រថយន្ត គ្រឿង​បរិក្ខា​សម្រាប់​សិក្សា គ្រឿង​តុបតែង​លំអ និង​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​នានា សម្រាប់​ផ្ដល់ឱកាស​ដល់​សិស្ស និស្សិត​សិក្សា​រៀនសូត្រ ហ្វឹកហាត់​ការងារ ដោយ​អនុវត្ដ​ន៍​ផ្ទាល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស និង​គ្រូ​បង្គោល​របស់​ក្រុមហ៊ុន អ អិ​ម អេ​។ វគ្គ​បណ្តុះបណ្តាល គឺធ្វើឡើង​តាមរយៈ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ក្រុមហ៊ុន អ អិ​ម អេ និង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ 
 


 
​នៅក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន អ អិ​ម អេ បានផ្តល់​នូវ​រថយន្ត Ford Pickup ចំនួន ១​គ្រឿង និង​ត្រាក់ទ័រ John Deere ចំនួន ២​គ្រឿង​ជូន​ដល់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហើយ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​តែប៉ុណ្ណោះ​។ ដោយឡែក​នៅក្នុង​ឆ្នាំ ២០២០ នេះ​ក្រុមហ៊ុន អ អិ​ម អេ ក៏​នៅតែ​បន្តសកម្មភាព​នេះ​ដដែល នោះ​គឺ​ការបន្ត​ប្រគល់​នូវ​រថយន្ត Ford Pickup ឲ្យ​បាន​ចំនួន ១០​គ្រឿង ជូន​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ដែល​ក្នុងនោះដែរ​ប្រគល់ជូន​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ចំនួន ៤​គ្រឿង​បន្ថែម វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ចំនួន ២​គ្រឿង វិទ្យាស្ថាន​បច្ចេកទេស​បាត់​ដំបង (BIT) នៅ​ខេត្តបាត់ដំបង​ចំនួន ២ គ្រឿង និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ​(NPIA) នៅ​ខេត្តសៀមរាប​ចំនួន ២​គ្រឿង​។​
 

 
​លោក ង​ន សាំង អគ្គនាយក ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការផ្តល់​នូវ​រថយន្ត Ford Pickup បន្ថែមចំនួន ៤​គ្រឿង ការផ្តល់​គ្រឿង​បរិក្ខារ និង​សម្ភារ​បច្ចេកទេស​សម្រាប់​ជួសជុល​រថយន្ត និង​ការដាក់​ឲ្យ​ដំណើរការ កម្មវិធី​បណ្តុះបណ្តាល​ប​ច្ចេក​វិទ្យា​រថយន្ត Ford នៅក្នុង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ក្នុងថ្ងៃនេះ នឹងធ្វើ​ឲ្យ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត​ហ្វ​ដ​នេះ ក្លាយទៅជា​មជ្ឈមណ្ឌល​មួយ ដែល​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ ផ្នែក​បច្ចេកទេស​យានយន្ត​»​។​

 
​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​សហរដ្ឋអាមេរិក​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ការនាំចេញ​មកកាន់​ទីផ្សា​រ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​មាន​លំនឹង​នៃ​សេដ្ឋកិច្ច ព្រមទាំង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​ផលិតផល និង​សេវាកម្ម​ដែល​មានគុណ​ភាពល្អ​ប្រើប្រាស់​។ ក្នុងនោះដែរ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ក៏បាន​ជួយ ក្នុងការ​នាំចូល​ផលិតផល​ពី​សហរដ្ឋអាមេរិក មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ នោះ​គឺ​រថយន្ត​ម៉ាក Ford ដែលមាន​ដើមកំណើត​មកពី​សហរ​ដ្ឋ​អាមេរិក ដែលជា​ម៉ាក​រថយន្ត​របស់​អាមេរិក ដែល​នាំ​ចូលមក​ប្រទេស​កម្ពុជា ច្រើនជាងគេ​បំផុត​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Ford នូវតែ​រក្សា​ស្តង់ដា សុវត្ថិភាព គុណភាព គិតគូរ​ដល់​បរិស្ថាន និង​មាន​ទំនួល​ខុសត្រូវ​ក្នុង​កិច្ចការ​សង្គម​យ៉ាង​ខ្ជាប់ខ្ជួន​»​។​


 
​លើសពីនេះទៅទៀត គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ របស់​ក្រុមហ៊ុន អ អិ​ម អេ​ខេ​ម​បូ​ឌា នេះ​បានទទួល ការ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពី​សំណាក់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​។ 
 


​លោក ហុង ជឿន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​សម្តែង​នូវ​ការដឹងគុណ និង​កោតសរសើរ​ចំពោះ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា និង​សហការី​ទាំងអស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង គាំទ្រ និង​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម នាពេល​កន្លងមក ដើម្បី​ធ្វើការ​អភិវឌ្ឍ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ដែលជា​កត្តា​សំខាន់បំផុត សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​ប្រទេសជាតិ​យើង​។ ហើយ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នៅតែ​បន្ត​ភាពជា​ដៃគូ​នេះ មាន​លក្ខណៈ​យុទ្ធសាស្ត្រ និង​ស៊ីជម្រៅ​ថែមទៀត ជាមួយនឹង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជួយ​ដល់​យុវជន​កម្ពុជា ឲ្យ​ទទួលបាន​ឱកាស​សិក្សា​ស្របតាម​បច្ចេកវិទ្យា​ទំនើប និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​»​។​


 
​ក្រៅពី​ការវិនិយោគ ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្រុមហ៊ុន អ អិ​ម អេ ក៏បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​សកម្មភាព​មនុស្សធម៌ និង​កិច្ចការ​សង្គម​នានា​ដូចជា ការផ្តល់​មួកសុវត្ថិភាព ការសម្អាត​ទីក្រុង ការដាំ​កូនឈើ ការសាងសង់​សាលារៀន បណ្ណាល័យ អណ្ដូង​ទឹកស្អាត ការផ្ដល់​បង់​អង្គុយ និង​ធុងសំរាម​នៅតាម​សួនច្បារ​សាធារណៈ ការបរិច្ចាគ​ឈាម និង​ការផ្ដល់​មូលនិធិ​គាំពារ ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជា​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល ទាក់ទង​នឹង​ការបើកបរ និង​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន អ អិ​ម អេ ក៏បានផ្តល់​អាហា​រូប​ករ​ណ៏ ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សម្រាប់​ការហាត់​ការ​នៅ​ប្រទេស​បារាំង​ផងដែរ​។ ក្នុងនោះ​ចំនួន​សិស្ស និស្សិត​ដែល​យើង​ធ្លាប់​បានផ្តល់​អាហារូបករណ៍​ជូន មាន​ចំនូ​ន ១២៥​នាក់ ក្នុង​ឆ្នាំ​២០១៨ និង​កើនឡើង​រហូតដល់ ២១៣ នាក់​ក្នុង​ឆ្នាំ ២០១៩៕
 

 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com