ភ្នំពេញ៖ ច្បាប់ស្ដីពី «កិច្ចការពារអ្នកប្រើប្រាស់» (Law on Consumer Protection) បង្កើតឡើងក្នុងគោលបំណងធានាឱ្យមានកិច្ចការពារអ្នកប្រើប្រាស់និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត។ «ច្បាប់កិច្ចការពារអ្នកប្រើប្រាស់» ត្រូវបានប្រកាសឱ្យប្រើប្រាស់ រយៈពេលជិត១ឆ្នាំមកហើយ ប៉ុន្តែការយល់ដឹងរបស់ពលរដ្ឋហាក់មានកម្រិតតិចតួចនៅឡើយ។ នេះបើតាមលោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា ។
ក្នុងពិធីសិក្ខាសាលាស្ដីពី«កម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាននៅប្រទេសកម្ពុជា» នៅថ្ងៃទី២ ខែកញ្ញា លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថាកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា មានភាពក្មេងខ្ចីនៅឡើយ ហើយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាជាប្រទេសចុងក្រោយដែលទទួលបានការអនុម័តឱ្យប្រើប្រាស់ច្បាប់នេះ។
បើតាមលោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា ការស្ទង់មតិរបស់អ្នកប្រើប្រាស់ ធ្វើឡើងតាមកម្រិតស្ដង់ដារអាស៊ាន ដែលមានកម្រង់សំនួរ និងបានជ្រើសរើសសំណាកដោយនីតិភាព ។
លោក ប្រាក់ សេរីវឌ្ឍន៍ បានបន្តថា សំណាកដែលបានជ្រើសរើស មានចំនួន២០០ ក្នុង៤រាជធានី-ខេត្តគឺ ភ្នំពេញ កំពង់ចាម បាត់ដំបង និងខេត្តសៀមរាប ដែលបានគ្របដណ្ដប់លើភូមិភាគសំខាន់ៗនៅកម្ពុជា ។
«លទ្ធផលបង្ហាញថា នៅកម្ពុជា យើងវាយតម្លៃជារួមបានពិន្ទុ ៦៨,៨១ អីចឹងពិន្ទុហ្នឹង អ្នកប្រើប្រាស់នៅកម្ពុជាមានការយល់ដឹងតិចតួចពីប្រព័ន្ធការពារអ្នកប្រើប្រាស់»។ នេះជាការអះអាងរបស់លោក ប្រាក់ សេរីវឌ្ឍន៍ អំពីលទ្ធផលនៃការស្ទង់មតិនៅកម្ពុជា ដោយលោកបានបញ្ជាក់ថា ការស្ទង់មតិនេះផ្ដោតលើ៣ជំពូកគឺ ការយល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់, ចំណេះដឹងអ្នកប្រើប្រាស់ និងឥរិយាបថក្នុងការជឿទុកចិត្តទៅលើប្រព័ន្ធនៃការការពារអ្នកប្រើប្រាស់។
ប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ លោក ផឹង វីរៈ បានបកស្រាយពីមូលហេតុនៃការយល់ដឹងរបស់អ្នកប្រើប្រាស់តិចតួច ដោយសារតែច្បាប់នេះទើបតែអនុម័ត និងមានបញ្ហាកូវីដ-១៩ ផងនោះ ទើបធ្វើឱ្យការផ្សព្វផ្សាយមិនទាន់ទូលំទូលាយ។
លោក ផឹង វីរៈ បានអះអាងថា នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កំពុងយកចិត្តទុកលើបញ្ហានេះ ដោយបានពង្រីកការផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ិនធឺណេត ចែកចាយសៀវភៅច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ដល់ពលរដ្ឋ និងធ្វើសិក្ខាសាលាផ្សព្វផ្សាយនៅតាមបណ្ដារាជធានី-ខេត្ត។ លោកសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនេះ នឹងធ្វើឱ្យពលរដ្ឋមានការយល់ដឹង ច្បាប់កិច្ចការពារអ្នកប្រើប្រាស់កាន់តែច្រើន និងប្រើប្រាស់សិទ្ធរបស់ខ្លួនបានត្រឹមត្រូវ។
គួរលម្លឹកថា ច្បាប់ស្ដីពី «កិច្ចការពារអ្នកប្រើប្រាស់» ត្រូវបានដាក់ឱ្យប្រើប្រាស់ជាប្រញាប់ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានគោលបំណងធានាឱ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត ដោយមាន១១ជំពូក និង៥១មាត្រា៕