ជាតិ
អាជ្ញាធរខេត្ត​៖ កំពត​នៅតែ​ជា​គោលដៅ​ទេសចរ​នាំមុខ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​
04, Sep 2020 , 8:59 am        
រូបភាព
ដោយ:
​កំពត​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញនិយម​មួយ សម្រាប់អ្នកទេសចរ​នា​អំឡុង​សម្រាក​សង​ចូលឆ្នាំ​កន្លងទៅ​។ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត នៅតែ​មានការ​រំពឹងថា កំពត នៅតែ​ជា​ទិសដៅ​ទេសចរណ៍​អាទិភាព​សម្រាប់​ទេសចរ​ដដែល​។​



​កាលពី​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ​គឺ​ថ្ងៃ​១៧ រហូតដល់ ២១​សីហា ឆ្នាំ​២០២០ ខេត្តកំពត​បាន​ឈរ​លំដាប់​លេខ​២ ជា​ខេត្ត​ដែលមាន​ទេសចរ​ទៅ​កម្សាន្ត​ច្រើនជាងគេ ក្នុងប្រទេស​កម្ពុជា​។ សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​លោក​នៅតែ​រំពឹងថា​កំពត នឹង​ទទួលបាន​ទេសចរ​ច្រើន ទោះបី​ខេត្តកំពត​មិនមាន​រៀបចំ​កម្មវិធី​ដើម្បី​ទាក់ទាញ​ទេសចរ​ក៏ដោយ​។ 
 
​លោក​ថ្លែង​ដូច្នេះ​ថា​៖«​ជា​ទម្លាប់​ពេល​បុណ្យ​ភ្ជុំ យើង​មិនមែន​រៀបចំ​កម្មវិធី​អ្វី នៅតាម​រមណីយដ្ឋាន​ទេ​។ និយាយ​រួម យើង​ពង្រឹង​សេវាកម្ម​ដែលមាន​ស្រាប់​បន្ថែម​។ ឆ្នាំនេះ ខ្ញុំ​សង្កេតឃើញ​ទេសចរ​ក្នុងស្រុក ទៅ​ខេត្តកំពត​ក្នុងស្ថានភាព​មួយ​ល្អ ក្នុង​រយៈពេល​៨​ខែ ក្នុង​ឆ្នាំ​២០២០​។ អ៊ីចឹង​យើង​គិតថា​ខែកញ្ញា បុណ្យ​ភ្ជុំ​នេះ បើសិន​អាកាសធាតុ​អំណោយផល ភ្ញៀវទេសចរ​នឹង​កើនឡើង​»​។ 


 លោក​_សយ_ស៊ីណុល_ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត

​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ ក៏បាន​ណែនាំ​តំបន់​ទេសចរណ៍​២​កន្លែង ដែល​ទេសចរ​អាច​ទៅ​កម្សាន្ត​បាន​ទោះបី​មាន​បញ្ហា​អាកាសធាតុ គឺ​តាម​សហគមន៍​ទេសចរណ៍ និង​រមណីយដ្ឋាន ឋានសួគ៌​បូកគោ​។ បើ​ទេសចរ​ចង់​ជិះទូក ឬ​ទៅ​កម្សាន្ត​តាម​កោះ ពេល​មាន​ភ្លៀង​ធ្លាក់​នោះ​មិនមាន​ការអនុញ្ញាតិ​នោះទេ​។​
 
​សម្រាប់​បញ្ហា​បរិស្ថាន​វិញ លោក សយ ស៊ី​ណុល បាន​ឲ្យ​ដឹងថា កន្លងមក​មាន​ក្រុម​កា​ងារ​ជាច្រើន​បានធ្វើការ​លើ​រឿងនេះ ដូច​ជាមាន​អ្នកប្រមូល​សំរាម និង​ឡាន​ដឹក​សំរាម​ជាដើម ប៉ុន្តែ​បញ្ហា​សំរាម នៅតែ​កើតមាន​ខ្លះៗ​ព្រោះ​ទេសចរ​មួយចំនួន មិនបាន​សហការ​ក្នុងការ​សម្អាត​បរិស្ថាន​។ លោក​ក៏បាន​បន្ថែមថា ខាង​មន្ទីរ​ទេសចរណ៍ និង​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍ ដើម្បី​រៀបចំ​កន្លែង​បរិភោគ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្ការ​ការបរិភោគ​អាហារ ហើយ​បោះ​សំរាម​ពាសវាល​ពាសកាល​។​


រូបភាពពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត

  រូបភាពពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត

​សូម​ជម្រាប​ផងដែរ​ថា តំបន់​ទេសចរណ៍​២​កន្លែង ក្នុង​ខេត្តកំពត​បាន​ទាក់ទាញ​ទេសចរ​ប្រហែល​៨០​ភាគរយ​។ តំបន់​ទេសចរណ៍​ទាំង​២​នោះ​មានដូចជា តំបន់​ទេសចរណ៍​ទឹកឈូរ ដែលមាន​រមណីយដ្ឋាន​ទេសចរណ៍​ប្រមាណ​៦ ទៅ​៧​កន្លែង​ក្នុងនោះ​ទៀត និង​តំបន់​ទេសចរណ៍​មួយទៀត​នោះ​គឺ រមណីយដ្ឋាន ឋានសួគ៌​បូកគោ​៕


រូបភាពពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត


Tag:
 ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com