ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) សង្កេតឃើញថា ទោះបីជាការជួបជុំឬការប្រមូលផ្តុំនៅកម្ពុជា មានលក្ខណៈសន្តិវិធីក្តី តែនៅតែមានការចាប់ខ្លួន និងឧប្បត្តិហេតុមួយចំនួន កើតឡើងពីការប្រើប្រាស់ «កម្លាំងហួសប្រមាណ» ទប់ទល់នឹងក្រុមបាតុករ ដែលភាគច្រើនជាស្ត្រីនិងជាយុវជន។
ឧត្តមស្នងការអង្គការសហប្រជាជាតិ បានបង្ហោះសារលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការឃ្លាំមើលរបស់ខ្លួន ទៅលើការជួបជុំដោយសន្តិវិធីនៅកម្ពុជា។ តាមរយៈសារនេះ ស្ថាប័នតំណាងអង្គការសហប្រជាជាតិដ៏ធំមួយនេះ បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ «គោរពសិទ្ធិអ្នកតវ៉ា» ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកសារខាងលើ ថាគ្រាន់តែជាការព្រួយបារម្មណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ។ ប៉ុន្តែ លោក បញ្ជាក់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិ មិនមែនជាអ្នកកំណត់ជោគវាសនាកម្ពុជាឡើយ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី៨ ខែកញ្ញា អ្នកនាំពាក្យរដ្ឋាភិបាល បកស្រាយថា ចំណាត់ការរបស់សមត្ថកិច្ចទៅលើអ្នកតវ៉ានាពេលថ្មីៗនេះ គឺជាការអនុវត្តច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ តែមិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ។ លោក សង្កត់ធ្ងន់ថា៖«ឲ្យតែបំពានច្បាប់ គឺគេបង្ក្រាបហើយ»។
លោក បានលើកករណីនៅសហរដ្ឋអាមេរិក និងនៅបារាំង ថា ប្រទេសធំៗទាំងពីរនេះ ក៏មានការបង្ក្រាបដែរ។ លោក មានប្រសាសន៍ថា៖«នាំគ្នាទៅតតាំងនឹងតុលាការ ប្រទេសណាក៏គេបង្ក្រាបដែរ»។
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសង្កេតមើលបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានបង្ហាញក្តីកង្វល់ចំពោះការចាប់សកម្មជនបរិស្ថាន៣នាក់ (នៃចលនាមាតាធម្មជាតិ) និងមនុស្សមួយចំនួនទៀត ដោយមានទាំងព្រះសង្ឃ១អង្គផងដែរ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម។ អ្នកស្រី ថ្លែងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និង ការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះ សរសេរលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែកញ្ញាថា៖«ខ្ញុំ សូមលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ធានាថា សិទ្ធិទាំងនេះ ត្រូវបានគោរពនិងការពារ ហើយបង្កើតបរិយាកាសមួយ ដែលបុគ្គលម្នាក់ៗ អាចអនុវត្តសិទ្ធិទាំងនេះ»។ អ្នកស្រី បន្តថា៖«ខ្ញុំ សូមជំរុញឲ្យបញ្ជូនអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះទៅតុលាការ ហើយត្រូវគោរពឲ្យបានពេញលេញនូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវរបស់ពួកគេ។ ខ្ញុំ កំពុងតាមដានព្រឹត្តិការណ៍ទាំងនេះយ៉ាងដិតដល់នៅក្នុងប្រទេសកម្ពុជា»។
មួយរយៈចុងក្រោយនេះ គេ ឧស្សាហ៍ឃើញមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋនិងក្រុមយុវជន។ មួយឡែក គឺតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន ដែលជាប់ឃុំដោយសារលោក ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងរឿងព្រំដែន។ ការតវ៉ានេះ បានបណ្តាលឲ្យយុវជនមួយចំនួនទៀត ជាប់ឃុំជាមួយលោក រ៉ុង ឈុន ដែរ។ មួយឡែកទៀត គឺក្រុមស្ត្រី នាំគ្នាតវ៉ាសុំឲ្យដោះលែងស្វាមីរបស់ពួកគេ ជាអតីតមន្ត្រីគណបក្សប្រឆាំងជិត២០នាក់ ដែលកំពុងជាប់ឃុំ។
ក្នុងចំណោមស្ត្រីតវ៉ាទាំងនោះ មានស្ត្រីម្នាក់ឈ្មោះ សេង ចាន់ថន ត្រូវបានប្រជាការពារម្នាក់ឈ្មោះ ឆោម ពិសិដ្ឋ ក្នុងខណ្ឌ៧មករា រុញឲ្យដួល ហើយបែកក្បាលខាងក្រោយ។ ទង្វើរបស់ប្រជាការពារ ធ្វើឲ្យមានការរិះគន់ខ្លាំងពីមជ្ឈដ្ឋានានា។ រដ្ឋបាលខណ្ឌ៧មករា បកស្រាយថា ប្រជាការពាររូបនេះ បានជ្រុលដៃ។
មកដល់ពេលនេះ ការចាប់ខ្លួនយុវជន នៅតែចេះកើតមានជាហូរហែ។ ជាក់ស្តែងព្រះតេជគុណ កើត សារ៉ាយ និង យុវជន មាន ព្រហ្មមុនី សមាជិកនៃក្រុមយុវជនខ្មែរថាវរៈ ត្រូវឃាត់ខ្លួន។ បន្ទាប់មក ព្រះតេជគុណ ត្រូវបានផ្សឹក ហើយយកទៅឃុំនៅពន្ធនាគារព្រៃសជាមួយយុវជន មាន ព្រហ្មមុនី កាលពីថ្ងៃទី៧ ខែកញ្ញា។
មុនការចាប់ខ្លួន អ្នកទាំង២ បានប្រកាសជំហរថា នៅតែដឹកនាំធ្វើបាតុកម្មទាមទារឲ្យមានយុត្តិធម៌សង្គម ខណៈរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ថាមិនអនុញ្ញាត។ ទោះជាអ្នកទាំង២ ត្រូវចាប់ខ្លួន តែក្រុមយុវជន នៅតែបន្តនាំគ្នាឆ្ពោះទៅទីលានប្រជាធិបតេយ្យនៅសង្កាត់ឫស្សីកែវ តាមការគ្រោងទុក កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ដើម្បីសម្តែងមតិ។ ដំណើររបស់ពួកគេ មិនបានចូលទៅក្នុងទីលានប្រជាធិបតេយ្យឡើយ ដោយសារតែមានការរារាំងពីកម្លាំងសមត្ថកិច្ច។
គួរកត់សម្គាល់ថា ព្រះសង្ឃនិងយុវជន ដែលត្រូវចាប់ខ្លួន ភាគច្រើន ជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈនិងក្រុមយុវជនចលនាមាតាធម្មជាតិ។ ព្រះសង្ឃនិងយុវជន ដែលត្រូវចាប់ខ្លួន មានដូចជា យុវតី ឡុង គន្ធា យុវតី ភួន កែវរស្មី យុវជន ថុន រដ្ឋា (យុវជននៃចលនាមាតាធម្មជាតិ), អតីតព្រះតេជគុណ កើត សារ៉ាយ យុវតី ឈឿដារ៉ាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវជន មាន ព្រហ្មមុនី យុវជន ថា ឡាវី និង យុជន ហ៊ុន វណ្ណៈ (យុវជនខ្មែរថាវរៈ) ជាដើម។
នៅថ្ងៃទី៧ ខែកញ្ញា ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ខណៈបណ្តាញទាំង២ ដែលភាគច្រើនមានយុវជនជាសមាជិក មិនបានចុះឈ្មោះក្នុងបញ្ជីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃ រំលេចក្នុងសេចក្តីប្រកាសព័ត៌មានថា បណ្តាញយុវជនទាំង២នេះ ធ្វើសកម្មភាពបង្កចលាចលដល់សង្គម។
ដើម្បីទប់ស្កាត់រាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលក្នុងសង្គម ក្រសួងមហាផ្ទៃ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ ក្នុងករណីបណ្តាញយុវជនទាំង២នេះ ធ្វើសកម្មភាពខុសច្បាប់។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ អំពាវនាវកុំឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពខុសច្បាប់ទាំងនេះ៕