អន្តរជាតិ
មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ស្នើ​យោធា​គាំទ្រ​ការធ្វើ​ពហិការ​ក្នុងការ​បោះឆ្នោត​ខែធ្នូ
10, Sep 2020 , 8:29 am        
រូបភាព
ដោយ៖​កង ម៉េង​ហុង
​មេដឹកនាំ​បក្សប្រឆាំង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក ហ័ន ក្វៃ​ដូ (Juan Guaido) បាន​អំពាវនាវ​ឲ្យ​យោធា​គាំទ្រ​ការធ្វើ​ពហិការ​ការបោះឆ្នោត​ស្ទង់​ជ្រើសរើស​សមាជិកសភា និង​ចូលរួម​ក្នុង​ការដាក់​សម្ពាធ​រប​ស់​អន្តរជាតិ​លើ​លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។​

 
​លោក ហ័ន ក្វៃ​ដូ នៅតែ​បោះដៃ​រក​ក្រុម​យោធា​ដែលជា​ខ្នងបង្អែក​រឹងមាំ​របស់​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ ក្នុងការ​ថ្លែង​តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃទី​៧ ខែកញ្ញា លោក មេដឹកនាំ​ប្រឆាំង​រូបនេះ បាន​ជំរុញ​ឲ្យ​យោធា​ជាន់ខ្ពស់​ចូលរួម​ជាមួយ​ក្រុមប្រឆាំង​ដើម្បី​បង្អាក់​ការបោះឆ្នោត​សភា​ដែល​ធ្វើ​នៅ​ថ្ងៃទី​៦ ខែធ្នូ​ខាងមុខ​។  
 
«​ឈប់​លាក់ខ្លួន​នៅ​ពីក្រោយ​មេដឹកនាំ​ផ្តាច់ការ និង​ឈប់​ព្រងើយកន្តើយ​ចំពោះ​ការពិត​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ ពួកយើង​សុខចិត្ត​អង្គុយ​ចុះ​ហើយ​ពិភាក្សាគ្នា​ម្តងទៀត​ជាមួយ​អ្នកណា​ដែល​ចង់បាន​ការផ្លាស់ប្តូរ​»​។ នេះ​ជាស​ម្តី​របស់លោក ក្វៃ​ដូ ក្នុង​សារ​ទៅកាន់​មេបញ្ជាការ​ជាន់ខ្ពស់​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន TRT ។ 
 
​លោក ក្វៃ​ដូ ដែលជា​មេដឹកនាំ​ប្រឆាំង​នោះ ក៏​ចាត់ទុក​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែរ ដោយ​ចោទ​លោក ម៉ា​ឌុយ​រ៉ូ ថា លួច​បន្លំ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨ ។ ចាប់ពី​ដើមឆ្នាំ​២០១៩ មក ក្រុមប្រឆាំង​បាន​ព្យាយាម​បណ្ដេញ​លោក ម៉ា​ឌុយ​រ៉ូ ប៉ុន្តែ​មិន​ជោគជ័យ​ឡើយ​ដែល​ក្នុងនោះ​រួមមាន​ទាំង​ការបះបោរ​យោធា​ដែល​រៀបចំឡើង​ដោយ​លោក ក្វៃ​ដូ ក្នុង​ខែមេសា​ឆ្នាំ ២០១៩ ហើយ​ត្រូវបាន​បរាជ័យ​ដោយសារ​មិនបាន​ទទួល​ការគាំទ្រ​ច្រើន​។ 
 
​ក្រុមប្រឆាំង​របស់លោក ក្វៃ​ដូ ក៏​ធ្វើ​យុទ្ធនាការ​ដើម្បី​ធ្វើ​ឲ្យ​រាំងស្ទះ​ការបោះឆ្នោត​ខែធ្នូ ហើយ​ប្រកូក​ប្រកាស​ឲ្យ​ប្រជាជន​ចូលរួម​ក្នុង​យុទ្ធនាការ​របស់ខ្លួន​។ ចលនា​នេះ ទទួលបាន​ការគាំទ្រ​ពី​អ្នកនយោបាយ​ក្នុងស្រុក​ខ្លះ ប៉ុន្តែ​ក៏មាន​មតិ​មិន​ពេញ​ដែរ​។ សមាជិកសភា​របស់​ប​ក្ស​ប្រឆាំង​លោក Stalin Gonzales លើកឡើងថា ការ​កៀរគរ​សម្លេងឆ្នោត​អោយ​បក្សប្រឆាំង មាន​ឥទ្ធិពល​ជាង​ការធ្វើ​ពហិការ​ការបោះឆ្នោត​៕
 

Tag:
 ហ័ន ក្វៃ​ដូ​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com