អន្តរជាតិ
តុលាការ​តួ​ក​គី កាត់ទោស​បុរស​ម្នាក់​ជាប់គុក​៤០​ជីវិត​ចំពោះ​ការបាញ់ប្រហារ​នៅ​ក្លិប​រាត្រី​កាលពី​ឆ្នាំ​២០១៧
09, Sep 2020 , 11:29 pm        
រូបភាព
ជនរងគ្រោះក្នុងការបាញ់ប្រហារនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីឆ្នាំ២០១៧ ។ រូបភាព Anadolu
ជនរងគ្រោះក្នុងការបាញ់ប្រហារនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីឆ្នាំ២០១៧ ។ រូបភាព Anadolu
ដោយ៖​កង ម៉េង​ហុង
​តុលាការ​តួ​ក​គី បាន​កាត់ទោស​ជនដៃដល់ Abdulkadir Masharipov ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​បាញ់​វាយប្រហារ​ដោយ​កាំភ្លើង​ទៅលើ​ក្លឹប​រាត្រី​មួយ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដែល​បណ្តាលឱ្យ​មនុស្ស ៣៩ នាក់​ស្លាប់​កាលពី​ឆ្នាំ ២០១៧​។ រយៈពេល​ជាប់ពន្ធនាគារ​មួយជីវិត​នេះ ស្មើនឹង​ការជាប់គុក​៤០​ជីវិត​។

 
Abdulkadir Masharipov ជា​ជនជាតិ​អ៊ូ​បេ​គី​ស្ថាន​ត្រូវបាន​កាត់ទោស​ឱ្យ​ស្មើ​ទៅនឹង​ទោស​ចំនួន ៤០ ដង​នៃ​ការដាក់ទោស​ក្នុង​ពន្ធ​ធានា​គារ​អស់​មួយជីវិត​ក្នុង​សវនាការ​ថ្ងៃទី​៧ ខែកញ្ញា​។ ការកាត់ទោស​នេះ​ធ្វើឡើង បន្ទាប់ពី​ការជំនុំជម្រះ​អស់​រយៈពេល ៣ ឆ្នាំ​លើ​ការបាញ់ប្រហារ​មួយ​នេះ ដែល​បាន​កើតឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​ឆ្នាំ​២០១៧ នៅ​ក្លឹប​រាត្រី​មួយ​ឈ្មោះ Reina ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី Anadolu ពលរដ្ឋ​អ៊ីស្រាអែល បារាំង ទុយ​នេ​ស៊ី លី​បង់ ឥណ្ឌា បែលហ្ស៊ិក ហ្ស៊​កដា​នី និង អារ៉ាប់​ប៊ី​សា​អូឌីត​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដល់​ជីវិត ហើយ​មនុស្ស​រាប់សិប​នាក់​បាន​រងរបួស​។ ចំណែក​ក្រុម​រដ្ឋ​ឥស្លាម (IS) បាន​និយាយថា ខ្លួន​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។ 
 
​អំឡុងពេល​សវនាការ លោក Masharipov ត្រូវបាន​កាត់ទោស​ពីបទ​ឃាតកម្ម​ដោយ​ចេតនា និង​ការរំលោភបំពាន​រដ្ឋធម្មនុញ្ញ ហើយនឹង​មិនមាន​សិទ្ធិ​ទទួលបាន​ការដោះលែង​នោះទេ​។ លើសពីនេះទៅទៀត បុរស​រូបនេះ​ក៏បាន​ទទួលទោស​បន្ថែម​ចំនួន​១៣៦៨ ឆ្នាំ​ទៀត​ពីបទ​ប៉ុនប៉ង​ធ្វើឃាត​មនុស្ស ៧៩ នាក់​ដែល​បាន​រងរបួស​ក្នុងការ​វាយប្រហារ និង​ពីបទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ផងដែរ​។ 
 
​ចំណែកឯ​បុរស​ម្នាក់ទៀត​ដែលមាន​ឈ្មោះថា Ilyas Mamasaripov ក៏​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ជាង ១៤០០ ឆ្នាំ​ផងដែរ​ពីបទ​ជួយ​រៀបចំ​គំរោង​ក្នុងការ​បាញ់ប្រហារ​ដ៏​សាហាវ​នេះ​។ ជាមួយគ្នានេះ​ផងដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​តួ​ក​គី​ខាងលើ បាន​រាយការណ៍​ថា ជនជាប់ចោទ​ចំនួន ៤៨ នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ដោយសារ​ពួកគេ​ជា​សមាជិក​នៃ​អង្គការ​ភេរវកម្ម ហើយ ១១ នាក់​ទៀត​ត្រូវបាន​ដោះលែង​៕
 
 

Tag:
 តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com