អន្តរជាតិ
ប្រធានាធិបតី​ហ្សំ​ប៊ី​កាន់ទុក្ខ​ចំពោះ​ការស្លាប់​របស់​ត្រី​នាំ​សំណាង​
10, Sep 2020 , 2:20 pm        
រូបភាព
ត្រីនាំសំណាងដែលងាប់រហូតនាំឲ្យមានការកាន់ទុក្ខទ្រង់ទ្រាយធំនៅហ្សំប៊ី។ រូបភាពពីហ្វេសប៊ុកប្រធានាធិបតី Edgar Lungu
ត្រីនាំសំណាងដែលងាប់រហូតនាំឲ្យមានការកាន់ទុក្ខទ្រង់ទ្រាយធំនៅហ្សំប៊ី។ រូបភាពពីហ្វេសប៊ុកប្រធានាធិបតី Edgar Lungu
​ដោយ៖កង ម៉េង​ហុង
​ប្រធានាធិបតី​ហ្សំ​ប៊ី នៅ​ដើម​សប្តាហ៍​នេះ​បាន​ចូលរួម​កាន់ទុក្ខ​ជាមួយ​ប្រជាជន​ទូទៅ​ជាពិសេស​និស្សិត​ចំពោះ​ការស្លាប់​របស់​ត្រី​មួយ​ក្បាល​ដែល​គេ​ចាត់ទុកថា​ជា «​ត្រី​នាំ​សំណាង​»​។


 
​ការស្លាប់​របស់​ត្រី​មួយ​ក្បាល​ដែល​រស់នៅក្នុង​ស្រះ​មួយ​ក្នុង​បរិវេណ​សកលវិទ្យា​ល័យ Copperbelt University (CBU) នៃ​ប្រទេស​ហ្សំ​ប៊ី​ក្លាយជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​សូម្បីតែ​ប្រមុខរដ្ឋ​ហ្សំ​ប៊ី​លោក Edgar Lungu ចូលរួម​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​ត្រី​មួយ​ក្បាល​នេះដែរ​។  
 
​យោងតាម​សារព័ត៌មាន​អង់គ្លេស BBC ហេតុផល​ដែល​ធ្វើ​ឲ្យ​ត្រី​នេះ​មាន​កេរ​ឈ្មោះ​ល្បាញ​ល្បី គឺ ជំនឿ​របស់​សិស្ស​និស្សិត​នៃ​សាកលវិទ្យាល័យ CBU​។ ពួកគេ​ភាគច្រើន​ជឿថា​ត្រី​នេះ​នាំមក​នូវ​សំណាងល្អ បើសិនជា​ពួកគេ​បួងសួង​សុំ​មុនពេល​ប្រលង​។​
 
​ត្រី​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា #Mafishi ហើយ​សិស្ស​និស្សិត​ដែល​ធ្លាប់​សុំ​សំណាងល្អ​ពេល​ប្រលង​ក៏​នាំគ្នា​រៀបចំ​ពិធីបួងសួង​ឧទ្ទិស​កុសល និង​កាន់ទុក្ខ​ចំពោះ​ត្រី​នេះដែរ​។ 
​តំណាង​ក្រុមនិស្សិត​ឈ្មោះ Lawrence Kasonde រៀបរាប់ថា Mafishi ដែល​ន័យ​ថា « ត្រី​ធំ​» តាម​ភាសាជាតិ​នោះ​អាចមាន​អាយុ​ប្រហែល ២២ ឆ្នាំ​។ លោក​បន្តថា ត្រី​នេះ​ក៏បាន​រស់នៅក្នុង​ស្រះ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​ដែរ​។ 
 
​ប្រធាន​សហព័ន្ធ​និស្សិត​រូបនេះ បាន​បន្ថែមទៀតថា​ការស្លាប់​របស់​ត្រី​នេះ​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​នៅឡើយ ដើម្បី​ឈានទៅ​កំណត់​មូលហេតុ​ពិត​នៃ​ការស្លាប់​។​
«​វា​មិនទាន់​ត្រូវបាន​គេ​បញ្ចុះ​នៅឡើយ​ទេ យើង​កំពុង​រៀបចំ​ចាក់​សារធាតុ​គីមី​ដើម្បី​រក្សា​សាកសព​»​។ លោក Kasonde ថ្លែង​បែបនេះ​។​
 
​តាមពិត​ទៅកាន់​កាន់ទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់ Mafishi ក៏ត្រូវ​បានរៀបចំ​ទូទាំងប្រទេស​។ ក្នុង​សារ​រម្លែក​ទុក្ខ​របស់ខ្លួន ប្រធានាធិបតី Lungu បានបង្ហាញ​ភាព​សោកស្តាយ​ចំពោះ​ការស្លាប់​របស់​សត្វ​ត្រី​នេះ ក៏ដូចជា​កោតសរសើរ​សិស្ស​និស្សិត​ហ្សំ​ប៊ី​ដែល​យកចិត្តទុកដាក់​ចំពោះ​សត្វ​ត្រី​នេះដែរ​។​
 
​មេដឹកនាំ​រូបនេះ​បាន​ដកស្រង់​សម្តី​របស់លោក មហា​ត្មៈ គ​ន្ធី ថា​៖ « ភាព​អស្ចារ្យ​នៃ​ប្រជាជាតិ​មួយ និង​វឌ្ឍនភាព​ខាង​សីលធម៌​ក្នុងសង្គម​មួយ​អាច​ត្រូវបាន​គេ​វិនិច្ឆ័យ​ដោយ​ទង្វើ​របស់​ពួកគេ​ចំពោះ​សត្វ​»​។ 
 
​មិន​ត្រឹមតែ​ប្រធានាធិបតី​ប៉ុណ្ណោះ​ទេ​ដែល​កាន់ទុក្ខ មេដឹកនាំ​គណបក្សប្រឆាំង​ហ្សំ​ប៊ី​ឃើញ Hakainde Hichilema ក៏បាន​ចេញ​សារ​មួយ​បង្ហាញ​ស្មារតី​សាមគ្គីភាព និង​រម្លែក​ទុក្ខ​ចំពោះ​ការស្លាប់​នៃ​ត្រី​នាំ​សំណាង​របស់​សិស្ស​និស្សិត​នៃ​សាកលវិទ្យាល័យ CBC ដូចគ្នា​៕  
 
 

Tag:
 ត្រី​នាំ​សំណាង​
  ហ្សំ​ប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com