អន្តរជាតិ
ប្រធានសភា​អាមេរិក ព្រមាន​អង់គ្លេស​រឿង​ពាណិជ្ជកម្ម បើសិន​បំពាន​កិច្ចព្រមព្រៀង Brexit
10, Sep 2020 , 3:40 pm        
រូបភាព
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាមេរិក។ រូបភាព៖ AFP
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាមេរិក។ រូបភាព៖ AFP
ដោយ:
​ប្រធានសភា​តំណាង​អាមេរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​ថ្ងៃទី​៩ ខែកញ្ញា បាន​ព្រមាន​អង់គ្លេស​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​អង់គ្លេស​នាពេល​អនាគត នឹងមិន​លេច​រូបរាង​ឡើយ បើសិនជា​អង់គ្លេស​ហ៊ាន​រំលោភ​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប ដោយ​មិន​ខ្វល់​ពី​បញ្ហា​អៀរ​ឡង់​ខាងជើង​។​

 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​៩ ខែកញ្ញា លោ​ស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​តំណាង​របស់​អាមេរិក​បាន​លើកឡើង​ចំៗ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​អាមេរិក​នាពេល​អនាគត នឹងមិន​អាច​ឆ្លង​ផុត​សភា​តំណាង​ឡើយ បើសិនជា​អង់គ្លេស​បំពាន​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ អាមេរិក ជា​គោលដៅ​របស់​អង់គ្លេស​ក្នុងការ​ស្វែងរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ក្រោយ​ការចាកចេញ​អឺរ៉ុប​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០២០​ខាងមុខ​
 
​ការព្រមាន​របស់លោក​ស្រី Pelosi ធ្វើឡើង​បន្ទាប់ពី​អង់គ្លេស​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ទីផ្សារ​ទៅ​សភា​អង់គ្លេស​សម្រាប់​ពេល​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ សេចក្ដីព្រាងច្បាប់​នេះ នឹង​ផ្តល់​អំណាច​ឲ្យ​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អៀរ​ឡង់​ខាងជើង​របស់​ចក្រ​អង់គ្លេស មិនចាំបាច់​ចេញ​ក្រដាស​ពន្ធគយ​សម្រាប់​ទំ​និ​ញ​ពី​អៀរ​ឡង់​ខាងជើង​ទៅ​ទឹកដី​អង់គ្លេស​។ សេចក្តីព្រាងច្បាប់ ក៏​កំណត់​លទ្ធភាព​របស់​ស​ហ​ភាព​អឺរ៉ុប​ក្នុងការ​ឧបត្ថម្ភ​ធន​ដល់​ជំនួញ​ដែលមាន​ផលិតផល​ផលិត​នៅ​អៀរ​ឡង់​ខាងជើង​ដែរ​។​
 
​ចំណុច​ខាងលើ ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស (Brexit) ដែល​អនុញ្ញាត​ឲ្យ​អៀរ​ឡង់​ខាងជើង​ស្ថិតក្នុង​ទីផ្សារ​រួម​របស់​សហភាព​អឺរ៉ុប​បន្តទៀត ហើយ​ទំនិញ​ចេញចូល​អៀរ​ឡង់​ខាងជើង​ត្រូវបំពេញ​លិខិតស្នាម​ស្របតាម​ច្បាប់​ពន្ធគយ​អឺរ៉ុប​។ លើសពីនោះ សេចក្ដីព្រាងច្បាប់​ខាងលើ ក៏ត្រូវ​អនុវត្ត បើសិន​អង់គ្លេស និង​អឺរ៉ុប​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៅត្រឹម​ចុងឆ្នាំ​២០២០ នេះ​។ 
 
«​បើសិនជា​អង់គ្លេស​បំពាន​សន្ធិសញ្ញា​អន្តរជាតិ ហើយ Brexit ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង Good Friday នោះ គ្មាន​ឡើយ​ឱកាស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​»​។ លោកស្រី ផេ​ឡូ​ស៊ី បញ្ជាក់​បែបនេះ ជាមួយនឹង​ទទូច​ឲ្យ​អង់គ្លេស ធានា​លំហូរ​ចូល​ទំនិញ​ដោយ​សេរី​រវាង​អៀរ​ឡង់​ខាងជើង និង​អៀរ​ឡង់​។ កិច្ចព្រមព្រៀង Good Friday គឺជា​កិច្ចព្រមព្រៀង​សន្តិភាព​សម្រេចបាន​ក្នុង​ឆ្នាំ​១៩៩៨ ដើម្បី​បញ្ចប់​ជម្លោះ​ជាង​៣០​ឆ្នាំ​រវាង​អៀរ​ឡង់​ខាងជើង និង​អៀរ​ឡង់​។  
 
​អៀរ​ឡង់​ខាងជើង ជា​ផ្នែក​មួយ​នៃ​ចក្រភព​អង់គ្លេស​ដូចគ្នា​រដ្ឋ​បួន​ទៀត​មាន​ស្កុ​តឡែ​ន វែ​ល និង​អង់គ្លេស​។ 
 
​បើទោះបីជា​ចាក​ចេញពី​សហភាព​អឺរ៉ុប​កាលពី​ខែមករា​ឆ្នាំនេះ​ក្តី ក៏​អង់គ្លេស​បន្ត​ស្ថិតនៅក្នុង​ទីផ្សា​រួមជាមួយ​សហភាព​អឺរ៉ុប​រហូតដល់​ខែធ្នូ​ឆ្នាំ​២០២០ ហើយ​ភាគី​ទាំងពីរ​កំពុង​ចរចា​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច មុន​អង់គ្លេស​ចេញ​ទាំងស្រុង​ចាប់ពី​ឆ្នាំ​២០២១ ។ អង់គ្លេស បាន​គំរាមថា ខ្លួន​នឹង​ដើរចេញ បើសិនជា​ភាគី​ទាំង​២​មិនអាច​រក​កិច្ចព្រមព្រៀង​ដែល​សមស្រប​មួយ​នោះ​៕
 

Tag:
 អាមេរិក​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com