អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​៖ ជប៉ុន អាច​នឹង​រៀបចំ​បោះឆ្នោត​ថ្នាក់ជាតិ​មុន​អាណត្តិ​
10, Sep 2020 , 10:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក តូរ៉ូ កូណូ។ រូបភាព៖ Kyodo
រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក តូរ៉ូ កូណូ។ រូបភាព៖ Kyodo
​ប្រមុខ​ការពារជាតិ​ជប៉ុន លោក តា​រ៉ូ កូ​ណូ នៅ​ថ្ងៃទី​៩ ខែកញ្ញា បាន​ព្រលយ​ពាក្យ​ថា ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ជប៉ុន អាច​នឹង​រៀបចំ​នៅក្នុង​ខែតុលា​ខាងមុខនេះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថ្មី​ចូលកាន់​តំណែង​។ ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការពារជាតិ​ជប៉ុន​បែបនេះ ធ្វើឡើង​ស្របពេល​មាន​ពាក្យ​ចរាម​អា​រ៉ា​ម​ថា នាយករដ្ឋមន្ត្រី​ថ្មី ប្រហែលជា​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​សភាតំណាងរាស្ត្រ​មុន​អាណត្តិ​ផងដែរ​។

 
​ថ្លែង​នៅក្នុង​កម្មវិធី​មួយ​រៀបចំ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ​តាម​ប្រព័ន្ធ​អន​ឡាញ លោក តា​រ៉ូ កូ​ណា រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បាន​លើកឡើងថា លោក​រំពឹង​ការបោះឆ្នោត​ថ្នាក់ជាតិ ប្រហែលជា​រៀបចំ​ក្នុង​ខែតុលា​ខាងមុខ​។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ជប៉ុន​រូបនេះ មិនបាន​បញ្ជាក់​ពី​ហេតុផល​ច្បាស់លាស់​ឡើយ​ជុំវិញ​ការរៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ​នេះ​។ 
 
«​ខ្ញុំ​គិតថា វា​នឹង​មានឱកាស​តូច​ណាស់​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​។ ដូច្នេះ នាយករដ្ឋមន្ត្រី​ថ្មី នឹង​ក្តា​ប់យក​ឱកាស​តូច​ទាំងនោះ ហើយ​អ្នក​នឹងមាន​នាយករដ្ឋមន្ត្រី​ថ្មី ដែល​បោះឆ្នោត​ដោយ​ប្រជាជន មុខ​ពេល​បោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កូ​ណូ នៅ​ថ្ងៃទី​៩ ខែកញ្ញា ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ។​
 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស ប្រជាធិបតេយ្យ​សេរី (LDP) នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤ ខែកញ្ញា និង​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​សភា នឹងធ្វើ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​ខាងមុខ​។ បេក្ខជន​ប្រជែង​តំណែង​នេះ មាន​៣​រូប​ដូចជា លោក លោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ប្រធាន​លេខាធិការដ្ឋាន​គណៈរដ្ឋមន្ត្រី​, លោក​ស៊ី​ហ្កេ​រូ អ៊ី​ស៊ី​បា អតីតរដ្ឋមន្ត្រី​ការពារជាតិ និង​លោក​ហ្វូ​មី​អូ គី​ស៊ី​ដា អតីតរដ្ឋមន្ត្រី​ការបរទេស​។ 
 
​ក្នុងការ​ជ្រើសរើស​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី​នេះ ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី មាន​ភាគរយ​ខ្ពស់​ក្នុងការ​កាន់តំណែង​នេះ ដោយសារ​សម្លេង​របស់​បក្ស​នៅ​សភាតំណាងរាស្ត្រ មាន​គ្រប់គ្រាន់​។ នាយករដ្ឋមន្ត្រី​ថ្មី នឹង​កាន់តំណែង​ដែល​នៅសល់ ពី​នាយករដ្ឋមន្ត្រី លោក​ស៊ិន​ហ្សូ អា​បេ ពោលគឺ​ត្រូវ​កាន់តំណែង​ដល់​ខែកញ្ញា ឆ្នាំ​២០២១​ខាងមុខ​។ 
 
​តាម​ប្រភពព័ត៌មាន​ខាងលើ នាយករដ្ឋមន្ត្រី​ថ្មី អាច​នឹង​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​ថ្នាក់ជាតិ​មុន​អាណត្តិ ដើម្បី​ទាញយក​ប្រជាប្រិយភាព ក្នុងអំឡុងពេល​ផ្លាស់ប្តូរ​មេដឹកនាំ​ជប៉ុន​នេះ​។ យ៉ាងណាមិញ គណបក្ស Komeito ដែលជា​ដៃគូ​ក្នុង​សភា​របស់​បក្ស LDP ប្រកាស​ជំហរ​មិន​ចង់​ឲ្យ​មា​ការបោះឆ្នោត​មុន​អាណត្តិ​ឡើយ​។​
 
​សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ិន​ហ្សូ អា​បេ បានប្រកាស​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្រោម​ហេតុផល​ជំងឺ​ដំបៅ​ក្រពះ​។ ប៉ុន្តែ​លោក​អា​បេ នៅតែ​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​សិន រហូតដល់​មាន​អ្នក​មក​ស្នង​តំណែង​របស់លោក​៕ 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com