ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​រដ្ឋមន្ត្រី​យុត្តិធម៌​កម្ពុជា ប្រាប់​ទូត​អូស្ត្រាលី ថា ការចាប់​បុគ្គល​ណា​ម្នាក់ គឺ​ធ្វើតាម​ច្បាប់​
24, Sep 2020 , 4:59 pm        
រូបភាព
ជំនួបរវាងលោក កើត រិទ្ធ និង លោក Pablo Kang (រូបពីទំព័រហ្វេសប៊ុករបស់លោក គឹម សន្តិភាព)
ជំនួបរវាងលោក កើត រិទ្ធ និង លោក Pablo Kang (រូបពីទំព័រហ្វេសប៊ុករបស់លោក គឹម សន្តិភាព)
​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្រា​ប់លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី ថា ការចាប់​បុគ្គល​ណាមួយ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើឡើង​ដោយ «​អនុលោម​តាមច្បាប់​កម្ពុជា​» ។ សម្តី​របស់លោក កើត រិ​ទ្ធ ត្រូវបាន​ដកស្រង់​យកទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។

 
​លោក Pablo Kang បាន​អញ្ជើញ​ទៅ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កើត រិ​ទ្ធ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​។ ឯកអគ្គរាជទូត​អូស្ត្រាលី សរសេរ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធើ (Twitter) ថា ក្នុងជំនួប​នោះ លោក បានបង្ហាញ​ក្តីបារម្ភ​ពី​ចាប់ខ្លួន​សកម្មជន នាពេល​ថ្មីៗ​នេះ​។​
  
លោក គឹម សន្តិភាព រំលេចក្នុងសំណេរ ពីការឆ្លើយតបរបស់​​របស់លោក កើត រិ​ទ្ធ ទៅកាន់លោកឯកអគ្គរាជទូត ថា សិទ្ធិសេរីភាព​បុគ្គល ត្រូវ​យកមកអនុវត្ត​ក្នុង​ក្របខណ្ឌ​ច្បាប់ ហើយ​ការអនុវត្ត​សិទ្ធិ​ហួស​ព្រំដែន ដែល​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ឬ​បំពាន​លើ​ច្បាប់ គឺ​ត្រូវ​ប្រឈម​នឹង​ច្បាប់​។ លោក គឹម សន្តិភាព ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដែរនោះ បាន​សរសេរ​ពីអ្វី ដែល​លោក​រដ្ឋមន្ត្រី​យុត្តិធម៌ ថ្លែង​ទៅកាន់​លោក​ទូត​ទៀតថា កម្ពុជា ប្រកាន់ខ្ជាប់​នូវ​នីតិរដ្ឋ ហេតុនេះ កម្ពុជា ត្រូវ​ចាត់វិធានការ ចំពោះ​ការប្រព្រឹត្ត​ខុសច្បាប់ ដើម្បី​ការពារ​ស​និ្ត​សុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​។ 
 
​រដ្ឋលេខាធិការ​រូបនេះ បានបញ្ជាក់​ពី​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ខ្លួន​ដូច្នេះ​ថា​៖«​ក្នុងសង្គម​នីតិរដ្ឋ ចំពោះ​បុគ្គល ដែល​ត្រូវបាន​ចាប់ខ្លួន ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​សិទ្ធិ​ពេញលេញ​តាមផ្លូវ​ច្បាប់ ដើម្បី​ការពារ​ខ្លួន ឬ​ពឹងពាក់​មេធាវី​ល្អៗ ដើម្បី​ការពារ​ខ្លួន នៅ​ចំពោះមុខ​តុលាការ​។ ការប្រមូល​ផ្តុំគ្នា​តាម​ដងផ្លូវ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​មានការ​ដោះលែង​បុគ្គល​ណាមួយ គឺជា​ការដាក់​សម្ពាធ​លើ​តុលាការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ដែល​នេះ​ពុំមែន​ជា​វិធី​ស្របច្បាប់​នោះ​ទ្បើ​យ ហើយ​ប្រាសចាក​ពី​គោលការណ៍​នៃ​នីតិរដ្ឋ​»​។​
 
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ថែមទាំង​បកស្រាយ​ប្រាប់​លោក​ទូត​ផងដែរ អំពី​ការចាប់ខ្លួន​មនុស្ស ពាក់ព័ន្ធ​នឹង​ការ​បំភ្លៃ​រឿង​ព្រំដែន​។ «​សម្រាប់​កម្ពុជា ការ​មួលបង្កាច់ និង​ការ​បំភ័ន្ត​ការពិត​លើ​បញ្ហា​ព្រំដែន ក្នុង​ចេតនា​ញុះញង់​ឲ្យ​មាន​ចលាចល​សង្គម គឺជា​អំពើ​ខុសច្បាប់ បំផ្លាញ​សន្តិភាព និង ស្ថិរភាព​ប្រទេស ហើយ​ពុំមែន​ជាការ​អនុវត្ត​នៃ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នោះ​ទ្បើ​យ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី ទៅកាន់​លោក​ទូត ដែល​គេ​ឃើញ​ក្នុង​សំណេរ​របស់លោក គឹម សន្តិភាព​។ 
 
​លោក រ៉ុង ឈុន មេ​សហជីព​ដ៏​លេចធ្លោ និង លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយ​រង​ការចោទប្រកាន់ថា បាន​បំភ្លៃ​ខុស​ការពិត​ពី​រឿង​ព្រំដែន​។ ក្រោយមក មនុស្ស​ជិត​២០​នាក់​ទៀត ដោយ​ក្នុងនោះ ភាគច្រើនបំផុត គឺជា​យុវជន​យុវតី និង​៣​ទៅ​៤​នាក់ ជា​សកម្មជន​អតីត​គណបក្ស ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយសារតែ​ពួកគេ ចូលរួម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​លោក សួង សុ​ភ័​ណ្ឌ រួមទាំង​ទាមទារ​រក​យុត្ត​ធម៌​សង្គម​។ 
 
​អ្នកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) យល់ថា ការផ្តន្ទាទោស ដោយសារតែ​ការអនុវត្ត​សិទ្ធិមនុស្ស​ស្របច្បាប់ បាន​បង្កក្តី​បារម្ភ​ជាច្រើន​។ សារ​របស់​អ្នកស្រី ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ខ្លឹមសារ​ថា​៖«​យើង ត្រូវតែ​បង្កើត​បរិយាកាស ដែល​ប្រជាពលរដ្ឋ​គ្រប់រូប អាចអនុវត្ត​សិទ្ធិ​ទាំងនេះ ដោយ​សេរី​និង​ដោយ​គ្មាន​ការភ័យខ្លាច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង ត្រូវ​ធានាថា ប្រជាពលរដ្ឋ​គ្រប់រូប ពិតជា​ទទួលបាន​សិទ្ធិ ដូចដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​ប្រាកដ​មែន​»​។​
 
​ការបញ្ចេញមតិ​របស់​អ្នកស្រី គឺ​ស្ថិត​ក្នុងឱកាស ដែល​កម្ពុជា រម្លឹក​ខួប​២៧​ឆ្នាំ នៃ​ការប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។ អ្នកស្រី សង្កេតឃើញថា ទោះ​ប្រជាពលរដ្ឋ ទទួលបាន​សិទ្ធិ​មួយចំនួន​ពេញ​លេច​តាម​រដ្ឋធម្មនុញ្ញ​ក៏ដោយ ប៉ុន្តែ សិទ្ធិ​ផ្សេងៗ​ទៀត ពុំទាន់​ត្រូវបាន​ធានា​ពេញ​នៅឡើយ​ទេ​។ អ្នកស្រី ថ្លែងថា រដ្ឋធម្មនុញ្ញ ការពារ​យ៉ាង​ជាក់លាក់​នូវ​សេរីភាព​មូល​ដ្ឋា រួមមាន សេរីភាព​បញ្ចេញមតិ ចងក្រង​សមាគម និង ការជួបជុំ​ដោយ​សន្តិវិធី តែ​សេរីភាព​ទាំងនេះ រង​ការ​រឹតត្បិត​គួរ​ឲ្យ​គត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​
 
​ក្រៅពីការចាប់មនុស្សខាងលើ តុលាការខេត្ត​ត្បូងឃ្មុំ ទើបនឹង​កាត់ទោស​សកម្មជន​និង​មន្ត្រី​៥​នាក់ នៃ​អតីត​គណបក្សប្រឆាំង ឲ្យជាប់ពន្ធនាគារ​៧​ឆ្នាំ និង​២​នាក់​ទៀត ជាប់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​]​។ ចំពោះ​ទោស​៥​ឆ្នាំ លើ​មនុស្ស​២​នាក់ គឺ​ត្រូវ​ព្យួរ មានន័យថា ឲ្យ​នៅក្រៅ​ឃុំ​។ ចំណែក មនុស្ស​ទាំង​៥​នាក់ ដែល​ត្រូវ​ជាប់ពន្ធនាគារ​៧​ឆ្នាំ គឺ​មានតែ​ម្នាក់​ប៉ុណ្ណោះ ដែល​កំពុង​ស្ថិតក្នុង​ពន្ធនាគារ ឯ​៤​នាក់​ទៀត មាន​អ្នកខ្លះ លាក់ខ្លួន​ក្នុងប្រទេស និង អ្នកខ្លះ គេច​ទៅ​ក្រៅប្រទេស​។ 
 
​ចំណែក នៅ​ខេត្តកំពត ក៏មាន​មន្ត្រី​អតីត​គណបក្ស​ម្នាក់​ដែរ ដែល​ត្រូវ​តុលាការ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] នេះ​។ មន្ត្រី​អតីត​គណបក្ស​រូបនោះ កំពុង​ជាប់ឃុំ​។​
 
​តាមពិតទៅ រឿងក្តី​របស់​សកម្មជន​និង​មន្ត្រី​អតីត​គណបក្សប្រឆាំងទាំងនោះ មិនមែន​ទើប​កើតឡើង​នាពេល​ថ្មីៗ​នេះ​ទេ គឺ​កើតឡើង​តាំង​ចុងឆ្នាំ​២០១៩​មកម្ល៉េះ ដោយ​កាលនោះ ជា​ពេលដែល​លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​។ ក្នុងអំឡុង​ពេលនោះ ពួកគេ រួមទាំង​សកម្មជន​និង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ប្រមាណ​៧០​ទៅ​៨០​នាក់​ទៀត ត្រូវ​ចាប់ខ្លួន​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​]​។ 
 
​ភាគច្រើនបំផុត​ក្នុងចំណោម​អ្នក​ទាំង​៧០​ទៅ​៨០​នាក់​នោះ គឺ​ត្រូវ​ចាប់ខ្លួន ដោយសារ​បង្ហោះ​សារ​គាំទ្រ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី និង អ្នកខ្លះ ត្រូវ​ចោទថា បាន​ដើរ​បំផុសបំផុល​ឲ្យ​សកម្មជន​និង​អ្នកគាំទ្រ​ផ្សេងទៀត ត្រៀមចាំ​ទទួល​លោក សម រង្ស៊ី ដែរ ខណៈ​រដ្ឋាភិបាល​កម្ពុជា យល់ថា ការវិលត្រឡប់​របស់​លោក សម រង្ស៊ី គឺ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្នក​ទាំងអស់នោះ បាន​រួចខ្លួន​ពី​ពន្ធនាគារ​វិញ ដោយសារ​មានការ​ស្នើសុំ​ឲ្យ​ដោះលែង​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 
 
​យ៉ាងណា ពួកគេ គ្រាន់តែ​ឲ្យ​រស់នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ តែ​នៅតែ​ជាប់​បទ​ចោទ​ដដែល និង​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​តុលាការ​។ ដោយសារតែ​បទ​ចោទ​លើ​ពួកគេ មិនទាន់​ត្រូវបាន​ទម្លាក់ចោល ដូច្នេះ ក្នុងចំណោម​ពួកគេ អាច​នឹងមាន​អ្នក​ផ្សេងទៀត ដែល​ត្រូវ​តុលា​ការសើរើ​សំណុំរឿង​ឡើងវិញ​ដែរ​៕  
 
 

Tag:
 Pablo Kang
  កើត រិ​ទ្ធ​
  ការចាប់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com