ក្នុងឱកាសដែលកម្ពុជា រម្លឹកខួបអាយុកាល២៧ឆ្នាំនៃរដ្ឋធម្មនុញ្ញ កាលពីថ្ងៃម្សិល (២៤កញ្ញា) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលទទួលបន្ទុកនិងធ្វើកិច្ចការផ្នែកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានបង្ហោះសារខ្លីមួយលើទំព័រហ្វេប៊ុករបស់ខ្លួន ជូនដល់សាធារណជន ពិសេសហាក់ចង់សំដៅទៅរដ្ឋាភិបាល។
ឧត្តមស្នងការអង្គការសហប្រជាជាតិ សរសេរថា៖«ស្របពេលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួប២៧ឆ្នាំ នៃការប្រកាសដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ អង្គការសហប្រជាជាតិ លើកទឹកចិត្តឲ្យព្រះរាជាណាចក្រកម្ពុជា បន្តប្រកាន់ខ្ជាប់និងគោរពសិទ្ធិមនុស្ស ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញាអន្តរជាតិនានា ក៏ដូចជាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលត្រូវបានទទួលស្គាល់ និងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន»។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកការបញ្ចេញមតិយោបល់នេះ ថាគ្រាន់តែជាការព្រួយបារម្ភរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ។ ជាការឆ្លើយតបនឹងឧត្តមស្នងការអង្គការសហប្រជាជាតិ លោក អះអាងថា បច្ចុប្បន្ន កម្ពុជា កំពុងមានការគោរពសិទ្ធិគ្នាទៅវិញមក។ លោក បន្តថា កម្ពុជា ក៏កំពុងពង្រឹងការគោរពសិទ្ធិមនុស្សបន្ថែមទៀត តាមរយៈការពង្រឹងការអនុវត្តច្បាប់។
ជាមួយគ្នានេះ លោក បានរម្លឹកពីតម្លៃនៃសន្តិភាព។ លោក សង្កត់ធ្ងន់ថា អ្វីដែលចាំបាច់បំផុត គឺកម្ពុជា ត្រូវរក្សាសន្តិភាព។ លោក ថ្លែងថា៖«បើគ្មានសន្តិភាព គ្មានស្ថិរភាពទេ ក៏គ្មានការគោរពសិទ្ធិមនុស្សដែរ»។
យ៉ាងណា លោក មើលឃើញថា ចំណុចខ្លះ ឧត្តមស្នងការអង្គការសហប្រជាជាតិ ក៏ដូចជា អង្គការអន្តរជាតិផ្សេងៗ មិនបានយល់ច្បាស់ពីការអនុវត្តច្បាប់នៅកម្ពុជាឡើយ។ មិនយល់ ដែលលោក ចង់មានន័យនោះ គឺនៅត្រង់ថា ពេលខ្លះ មានក្រុមណាមួយ ចង់បង្កចលាចល ឬធ្វើអ្វីខុសច្បាប់ ហើយកម្លាំងសមត្ថកិច្ច ក៏ចាត់វិធានការបង្ក្រាបទប់ស្កាត់ តែអង្គការអន្តរជាតិទាំងនោះ បែរជារិះគន់ថា ជាការរំលោភសិទ្ធិមនុស្សទៅវិញ។ លោក លើករណីមួយ មកធ្វើជាឧទាហរណ៍ថា៖«ដូចជាញុះញង់ឲ្យទ័ពប៉ះបោរ គឺមិនមែនជាសិទ្ធិទេ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ សរសេរលើបណ្តាញទំព័រហ្វេសប៊ុករបស់លោកថា រយៈពេល២៧ឆ្នាំនេះ កម្ពុជា បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវរាល់គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើប ដែលបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ រួមមាន គោលការណ៍សិទ្ធិ សេរីភាព គោលការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍បែងចែកអំណាច និងគោលការណ៍នីតិរដ្ឋ ជាដើម។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានសរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមទៅកាន់ក្រុមអ្នកកាសែតថា ដោយសារការអនុវត្តរដ្ឋធម្មនុញ្ញបានត្រឹមត្រូវ ទើបដំណើរការជាតិ បានទៅមុខដោយរលូនគួរជាទីមោទនភាព សម្រាប់ប្រជាជនកម្ពុជា។
ចំពោះអ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) វិញ អ្នកស្រី សង្កេតឃើញថា ទោះប្រជាពលរដ្ឋ ទទួលបានសិទ្ធិមួយចំនួនពេញលេចតាមរដ្ឋធម្មនុញ្ញក៏ដោយ ប៉ុន្តែ សិទ្ធិផ្សេងៗទៀត ពុំទាន់ត្រូវបានធានាពេញនៅឡើយទេ។ អ្នកស្រី មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ ការពារយ៉ាងជាក់លាក់នូវសេរីភាពមូលដ្ឋា រួមមាន សេរីភាពបញ្ចេញមតិ ចងក្រងសមាគម និង ការជួបជុំដោយសន្តិវិធី តែសេរីភាពទាំងនេះ រងការរឹតត្បិតគួរឲ្យគត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
សម្រាប់អ្នកស្រី ការផ្តន្ទាទោស ដោយសារតែការអនុវត្តសិទ្ធិមនុស្ស គឺបានបង្កក្តីបារម្ភជាច្រើន។ សាររបស់អ្នកស្រី ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក រំលេចខ្លឹមសារថា៖«យើង ត្រូវតែបង្កើតបរិយាកាស ដែលប្រជាពលរដ្ឋគ្រប់រូប អាចអនុវត្តសិទ្ធិទាំងនេះ ដោយសេរីនិងដោយគ្មានការភ័យខ្លាច។ មិនត្រឹមតែប៉ុណ្ណោះ យើង ត្រូវធានាថា ប្រជាពលរដ្ឋគ្រប់រូប ពិតជាទទួលបានសិទ្ធិ ដូចដែលចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើងប្រាកដមែន»។
រដ្ឋាភិបាលកម្ពុជា រងការរិះគន់ជាហូរហែ ដោយសារមានការចាប់ក្រុមសកម្មជននិងក្រុមយុវជននានាជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណជាមួយខែចុងក្រោយនេះ។ មន្ត្រីរដ្ឋាភិបាល អធិប្បាយថា ការចាត់វិធានការលើអ្នកទាំងនោះ គឺធ្វើទៅតាមច្បាប់ ដោយសារតែពួកគេ បានប្រព្រឹត្តបទល្មើស។
មាត្រា៣១ នៃរដ្ឋធម្មនុញ្ញ ចែងថា កម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៣ កម្ពុជា បានប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ។ មកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៧ឆ្នាំហើយ ដោយបានឆ្លងកាត់ការធ្វើវិសោធានកម្ម៩លើក៕