សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេនី អះអាងថា យន្តហោះតួកគី បាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿង តែតួកគីបដិសេធ
30, Sep 2020 , 1:10 pm        
រូបភាព
យន្តហោះចម្បាំង Su-25 (រូបពី TASS)
យន្តហោះចម្បាំង Su-25 (រូបពី TASS)
ដោយ:
អាមេនី នៅថ្ងៃទី២៩ ខែកញ្ញា បានអះអាងថា យន្តហោះចម្បាំង Su-25 របស់ខ្លួនត្រូវបានយន្តហោះចម្បាំង F-16 របស់តួកគីបាញ់ទម្លាក់ ដែលបណ្តាលឲ្យអ្នកបើកបរម្នាក់ស្លាប់។ ប៉ុន្តែតួកគី ដែលជួយអាស៊ែបៃហ្សង់ក្នុងជម្លោះទល់នឹងអាមេនី ច្រានចោលការអះអាងនេះដោយចាត់ទុកថាជារឿងមិនពិត។



ស្របពេលអាមេនី និងអាស៊ែបៃហ្សង់ កំពុងតទល់គ្នានៅតំបន់ Nagorno-Karabakh ក្រសួងការពារជាតិអាមេនី ក៏ប្រកាសថា យន្តហោះចម្បាំងតួកគី F-16 បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់ខ្លួន។ លោក Shushan Stapnya អ្នកនាំពាក្យក្រសួងការពារជាតិអាមេនី បានលើកឡើងថា យន្តហោះចម្បាំងតួកគី បានហោះចូលដែនអាកាសអាមេនីរហូតដល់ទៅ៦០គីឡូម៉ែត្រ និងក្នុងរយៈកម្ពស់៨,២គីឡូម៉ែត្រ។

យោងតាមរដ្ឋាភិបាលអាមេនី យន្តហោះF-16 របស់តួកគី ហោះចេញពីមូលដ្ឋានទ័ពអាកាស Ganja ក្នុងទឹកដីអាស៊ែបៃហ្សង់។ យន្តហោះF-16 នេះចេញប្រតិបត្តិការទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធា និងកងទ័ពអាមេនីនៅតាមបណ្តោយព្រំដែនអាមេនី-អាស៊ែបៃហ្សង់ មុននឹងត្រូវដេញតាមដោយយន្តហោះចម្បាំងអាមេនីធុន Su-25 ។ ប៉ុន្តែយន្តហោះF-16 របស់តួកគី ជោគជ័យក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងអាមេនីនោះ។

ពីខាងតួកគីវិញ លោក Fahrettin Altun ទីប្រឹក្សាប្រធានាធិបតី Recep Tayyip Erdogan បានច្រានចោលចោទនេះ ដោយអះអាងថាជារឿងមិនពិត។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Altun ប្រាប់ថា អាមេនីត្រូវដកទ័ពចេញពីទឹកដីដែលខ្លួនកាន់កាប់ជាបន្ទាន់ ជាជាងប្រើល្បិចបោកបញ្ឆោត។ ចំណែកក្រសួងការពារជាតិអាស៊ែបៃហ្សង់ បានចាត់ទុកកាចោទរបស់អាមេនី ជារឿងកុហកដែរ។ តួកគី និងអាស៊ែបៃហ្សង់ ក៏ទាមទារផងដែរឲ្យអាមេនីបង្ហាញភស្តុតាងយន្តហោះដែលធ្លាក់នោះ។

អាស៊ែបៃហ្សង់ ពុំមានយន្តហោះចម្បាំង F-16 ឡើយ ប៉ុន្តែតួកគីដែលជាសម្ព័ន្ធមិត្តមានយន្តហោះនេះ។ កាលពីខែកក្កដា និងសីហាកន្លងទៅ គេឃើញវត្តមានយន្តហោះF-16របស់តួកគី ស្ថិតក្នុងបន្ទាយទ័ពអាកាស Ganja ហើយប៉ុន្មានសប្តាហ៍មុន យន្តហោះ F-16 ជាច្រើនគ្រឿងត្រូវបានអ្នកស្រុករាយការណ៍ថា ហោះពីក្រុងនេះដែរ។

តួកគីមិនមែនជាភាគីក្នុងជម្លោះនេះទេ ប៉ុន្តែជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់អាស៊ែបៃហ្សង់ ដោយថែមទាំងអះអាងថានឹងជួយអាស៊ែបៃហ្សង់ ទាំងក្នុងសមភូមិ ក៏ដូចជាក្នុងការចចារ។ អាមេនីវិញ ក៏មានរុស្ស៊ីជួយដែរ។ 

ស្របពេលគ្នានេះ ការប្រយុទ្ធរវាងប្រទេសទាំងពីរកំពុងបន្តក្នុងតំបន់ Nagorno-Karabakh ដោយអាស៊ែបៃហ្សង់ បានចោទថា អាមេនីបានផ្លោងកាំភ្លើងធំចូលទឹកដីរបស់ខ្លួន។ សារព័ត៌មានរដ្ឋអាមេនីផ្សាយថា ត្រឹមថ្ងៃទី២៩ ខែកញ្ញា ទាហានតំបន់ផ្តាច់ខ្លួន Nagorno-Karabakh ដែលគាំទ្រដោយអាមេនីផ្ទាល់ ចំនួន៨៧នាក់ស្លាប់ និង១២០នាក់ទៀតរងរបួស ឯអាស៊ែបៃហ្សង់ មានមនុស្សស្លាប់ជិត៤០០នាក់ ហើយយន្តហោះមួយគ្រឿង ឧទ្ធម្ភាគចក្របួនគ្រឿង និងរថក្រោះជាច្រើនគ្រឿងត្រូវបានកំទេចដែរ។

ចំណែកឯរដ្ឋាភិបាលអាស៊ែបៃហ្សង់វិញ ពុំបានបញ្ចេញចំនួនទាហានដែលស្លាប់ឡើយ ប៉ុន្តែការិយាល័យរដ្ឋអាជ្ញាអាស៊ែបៃហ្សង់និយាយថា ជនស៊ីវិល១២នាក់ស្លាប់ និង៣៥នាក់រងរបួសដោយសារការវាយប្រហារពីសំណាក់អាមេនី៕

អត្ថបទទាក់ទង
 

Tag:
 តួកគី
 អាមេនី
  អាស៊ែបៃហ្សង់
© រក្សាសិទ្ធិដោយ thmeythmey.com