ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ចង់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន កុំ​រំលង​អត្ថបទ​នេះ​
02, Oct 2020 , 6:59 am        
រូបភាព
​មហារីក​មាត់ស្បូន​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​អាច​ឆាប​យកអាយុ​ជីវិត​មនុស្ស​ស្រី​បាន​ទៅ​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា​អ្នក​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​ដោយ​គ្រាន់តែ​អនុវត្តតាម​គន្លឹះ​ងាយៗ​និង​រួមបញ្ចូល​អាហារ​ចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ថា​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​និង​អាហារ​មួយចំនួន​ដែលមាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន ៖

 
១. រមៀត​
 
​ការរួមបញ្ចូល​រមៀត ឬ​ម្សៅ​រមៀត​ក្នុង​អាហារ​ពិតជា​អាចជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​បាន​យ៉ាង​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​សារធាតុ curcumin ដែល​ជួយ​ការពារ​កោសិកា​សុខ​ភាពល្អ​មិនឱ្យ​ក្លាយជា​កោសិកា​មហារីក​។​
 
២. បឺ​រី​និង​គ្រាប់​ធញ្ញជាតិ​
 
​ប្ល៊ូ​បឺ​រី ស្ត្រ​បឺ​រី និង​គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត ellagic ដែលមាន​ប្រសិទ្ធភាព​ធ្វើឱ្យ​អង់ស៊ីម​មួយចំនួន​ក្នុង​រាងកាយ​សកម្ម​ឡើង​បន្សា​ជាតិពុល​ដែល​បង្ក​ជំងឺមហារីក​។ ការរួមបញ្ចូល​បឺ​រី​និង​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​ទប់ស្កាត់​ប្រឆាំង​ជំងឺមហារីក​មាត់ស្បូន​និង​មហារីក​ដទៃទៀត​បាន​គួរឱ្យកត់សម្គាល់​។​
 
៣. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C
 
​វីតាមីន C មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ការវិវត្ត​នៃ​កោសិកា​មហារីក​។ ការទទួល​ទាន​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ផងដែរ​។ ខណៈដែល​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ​ជា​កត្តា​ចម្បង​មួយ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​។​
 
៤. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ស័ង្កសី​
 
​ស័ង្កសី​ជា​ជាតិ​រ៉ែ​មួយ​ជួយ​រាងកាយ​ក្នុង​ការផលិត​អង់ស៊ីម​បន្ថែម​ដែលមាន​សមត្ថភាព​កម្ចាត់​រាល់​ជាតិពុល​បង្ក​ជំងឺមហារីក​។​
 
៥. តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ជួយ​ប្រយុទ្ធប្រឆាំង​កោសិកា​មហារីក​។ តែ​បៃតង​ក៏មាន​សមត្ថភាព​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​ដែលជា​អ្វីមួយ​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​រួមទាំង​មហារីក​។​
 
៦. ឈប់​ជក់បារី​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការផ្ដាច់​បារី​អាចជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​និង​ជំងឺ​សួត​។ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹងថា​ការឈប់​ជក់បារី​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​ផងដែរ​។ នេះ​ក៏​ព្រោះតែ​បារី​មាន​ផ្ទុក​សារធាតុ​បង្ក​ជំងឺមហារីក​រាប់ពាន់​ប្រភេទ​។​
 
៧. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​
 
​ភាពធាត់​ជ្រុល​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​គួរឱ្យ​ព្រួយបារម្ភ​។ ជាតិ​ខ្លាញ់​ច្រើន​លើស​ក្នុង​រាងកាយ​អាច​បង្ក​ការផលិត​អ័រម៉ូន​មួយចំនួន​ដែល​ជះ​ផលប៉ះពាល់​កោសិកា​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​។​
 
៨. ចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​វីរុស HPV
 
​វិធី​ដ៏​ងាយ​និង​ប្រសើរ​បំផុត​មួយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន គឺ​ការចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​វីរុស HPV​។ គួរបញ្ជាក់​ផងដែរ​ថា HPV ជា​ប្រភេទ​នៃ​មេរោគ​ម្យ៉ាង​បង្កឱ្យមាន​ជំងឺមហារីក​មាត់ស្បូន​។​
 
៩. ប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួមភេទ​
 
​វី​ធី​ដ៏​ងាយ​ម្យ៉ាងទៀត​ដើម្បី​ទប់ស្កាត់​មេរោគ HPV គឺ​តាមរយៈ​ការប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួមភេទ​ជាមួយ​នរណាម្នាក់​ដែល​អាចមាន​ផ្ទុកមេរោគ​ប្រភេទ​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com