ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន! អ្នកកំពុងទទួលទាន “តែបៃតង” ច្រើនពេកហើយ បើអាការៈទាំងនេះលេចឡើង
× ពិតណាស់មិនថាជាអ្វីក៏ដោយការទទួលទានច្រើនពេក គឺមិនល្អឡើយ។ ចំពោះតែបៃតងក៏ដូចគ្នា! ជាពិសេសប្រសិនបើអ្នកប្រតិកម្មនឹងជាតិកាហ្វេអ៊ីននោះការទទួលទានតែបៃតងអាចជះផលប៉ះពាល់គួរឱ្យបារម្ភមួយចំនួន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងនៅពេលអ្នកទទួលទានតែបៃតងច្រើនពេក ៖
១. គេងមិនលក់
ការទទួលទានតែបៃតងច្រើនពេក ឬការទទួលទានតែបៃតងមុនពេលចូលគេងអាចបណ្ដាលឱ្យគេងមិនលក់។ នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនមានឥទ្ធិពលរំញោចសសៃប្រសាទ ហើយអាចស្ថិតនៅក្នុងប្រព័ន្ធរាងកាយពី ៤ ទៅ ៦ ម៉ោងឯណោះ។ ហើយប្រសិនបើអ្នកទទួលទានតែបៃតងច្រើន ឬភេសជ្ជៈកាហ្វេអ៊ីនណាមួយកំឡុងម៉ោងប្រហែល ៣ ថ្ងៃនោះកាហ្វេអ៊ីនអាចស្ថិតនៅក្នុងលំហូរឈាមដល់ម៉ោង ៩ យប់ឯណោះ។
២. បញ្ហាថប់បារម្ភ
ទោះបីជាការទទួលទានតែបៃតងត្រូវបានណែនាំសម្រាប់អ្នកដែលមានបញ្ហាថប់បារម្ភ ប៉ុន្តែក៏ព្រោះភេសជ្ជៈនេះមានផ្ទុកជាតិកាហ្វេអ៊ីននោះការទទួលទានច្រើនពែងពេកក្នុងមួយថ្ងៃ ឬឆុងតែចាស់ពេកអាចបណ្ដាលឱ្យអាការៈនៃបញ្ហាថប់បារម្ភកាន់តែអាក្រក់ឡើង។
៣. រាគ
ការទទួលទានតែបៃតងច្រើនក្នុងរយៈពេលខ្លីមួយអាចបណ្ដាលឱ្យរាគបានយ៉ាងងាយ។ វាមិនត្រឹមតែប្រព័ន្ធសសៃប្រសាទប៉ុណ្ណោះទេដែលត្រូវបានរំញោចដោយកាហ្វេអ៊ីនក្នុងតែបៃតង ប៉ុន្តែប្រព័ន្ធរំលាយអាហារក៏ដូចគ្នា។ លើសពីនេះទៅទៀតតែបៃតងមានលក្ខណៈបន្ទន់លាមកដែលធ្វើឱ្យរាវនិងងាយបញ្ចេញ។ អាការៈឈឺក្នុងពោះក៏អាចកើតមានឡើងសម្រាប់អ្នកដែលមិនអាចគ្រប់គ្រងការទទួលទានតែបៃតងច្រើនពេកផងដែរ។
៤. ចង្វាក់បេះដូងលោតញាប់ និងសម្ពាធឈាមឡើងខ្ពស់
អាការៈបេះដូងលោតញាប់និងសម្ពាធឈាមឡើងខ្ពស់ គឺងាយនឹងកើតឡើងណាស់ប្រសិនបើអ្នកទទួលទានតែបៃតងច្រើនពែងក្នុងមួយថ្ងៃដែលជាលទ្ធផលនៃការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកកំពុងមានបញ្ហាណាមួយទាក់ទងនឹងបេះដូងស្រាប់នោះការទទួលទានជាតិកាហ្វេអ៊ីនច្រើនអាចបណ្ដាលឱ្យអាការៈនៃជំងឺកាន់តែធ្ងន់ធ្ងរ។ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញថាតើអ្នកអាចទទួលទានតែបៃតងបានប៉ុន្មានពែងក្នុងមួយថ្ងៃប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម ជំងឺសសៃឈាមបេះដូង ឬបញ្ហាសុខភាពណាមួយផ្សេងទៀត។
៥. ស្លេកស្លាំង អស់កម្លាំង និងភាពខ្លីនៃដង្ហើម
អ្នកក៏អាចប្រឈមមុខនឹងហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែកផងដែរប្រសិនបើទទួលទានតែបៃតងច្រើនពេកក្នុងមួយថ្ងៃៗ។ អ្នកជំងឺខ្វះគ្រាប់ឈាមក្រហម ឬអ្នកដែលកំពុងប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺនេះគួរចៀសវាងទទួលទានតែបៃង។ នេះក៏ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មដែលតែបៃតងមានផ្ទុកអាចរារាំងការស្រូបយកជាតិដែកដែលចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ រោគសញ្ញានិងអាការៈមួយចំនួននៃបញ្ហាខ្វះគ្រាប់ឈាមក្រហមដោយកង្វះជាតិដែករួមបញ្ចូលទាំងអស់កម្លាំង វិលមុខ ស្បែកស្លេកស្លាំង ត្រជាក់ដៃនិងជើង ឈឺទ្រូង ភាពខ្លីនៃដង្ហើម និងចង្វាក់បេះដូងលោតលឿន៕
© រក្សាសិទ្ធិដោយ thmeythmey.com