COVID-19
អន្តរជាតិ
ប្រធាន WHO ព្រមាន​និន្នាការ​ជាតិនិយម​លើ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩
27, Oct 2020 , 8:29 am        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ។ រូបភាព៖ AFP
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ។ រូបភាព៖ AFP
ដោយ:
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅ​ថ្ងៃទី ២៥ ខែតុលា បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គី​ភាពជា​សកល​ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩ ណាមួយ​នាពេល​អនាគត ខណៈ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បន្ត​កើនឡើង​នៅ​ជុំវិញ​ពិភពលោក​។ ប្រមុខ​ដឹកនាំ​អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​ព្រមាន​ពី​និន្នាការ​ជាតិនិយម​លើ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩ (vaccine nationalism) ផងដែរ​។​

 
​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​ស្តីពី​សុខភាព​ពិភពលោក ក្នុង​ទីក្រុង​បែរ​ឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់ វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus គូសបញ្ជាក់ថា វិធីសាស្ត្រ​តែមួយគត់​ក្នុងការ​ងើបឡើង​ពី​ជំងឺ​រាតត្បាត​សកល​នេះ គឺ​ការរួបរួម​សាមគ្គី​គ្នា​ជាស​កល ហើយ​ធានាថា បណ្ដា​ប្រទេស​ក្រីក្រ​អាច​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩​យកទៅ​ប្រើប្រាស់​ដោយ​ស្មើភាព​។  
 
«​វា​ជា​រឿង​ធម្មតា​ដែល​ប្រទេស​នានា​ចង់​ការពារ​ពល​រដ្ឋ​ខ្លួន​មុនគេ​នោះ ក៏ប៉ុន្តែ​ប្រសិនបើ​នៅពេល​យើង​មាន​ថ្នាំ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​នោះ យើង​ក៏ត្រូវ​ប្រើប្រាស់​វា​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​»​។  ប្រមុខ WHO អះអាង​ដូច្នេះ ដោយ​បន្ថែមថា ការចាក់​វ៉ាក់សាំង​មនុស្ស​មួយចំនួន​ក្នុងប្រទេស​ទាំងអស់ ជា​វិធីសាស្ត្រ​ល្អ​ជាង​ការចាក់​វ៉ាក់សាំង​មនុស្ស​ទាំងអស់​ក្នុងប្រទេស​តែមួយ​ចំនួន​ប៉ុណ្ណោះ​។​
 
​ក្នុងន័យនេះ លោក Tedros សង្កត់ធ្ងន់ថា និន្នាការ​ជាតិនិយម​លើ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩ នឹងធ្វើ​ឲ្យ​អូសបន្លាយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នៅពេល​យូរអង្វែង​ទៀត ដោយ​មិនមែន​កាត់បន្ថយ​ពេល​ឡើយ​។​
 
​និន្នាការ​ជាតិនិយម​លើ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​-១៩ សំដៅលើ​នៅពេល​ប្រទេសមួយ គិតគូរ​ចាត់ចែង​ថ្នាំ​វ៉ាក់សាំង​សម្រាប់តែ​ពលរដ្ឋ​ខ្លួនឯង ហើយ​ផ្ដល់​អាទិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ខ្លួន មុនពេល​ថ្នាំ​វ៉ាក់សាំង​មាន​ឲ្យ​ប្រើប្រាស់​ក្នុង​បណ្ដា​ប្រទេស​ដទៃទៀត ។ នេះ​គឺ​សម្រេចបាន​តាមរយៈ​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​ទុកជាមុន​រវាង​រដ្ឋាភិបាល​មួយ​និង​ក្រុមហ៊ុន​ផលិត ឬ​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​។ 
 
​ជា​ឧទាហរណ៍ សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ជប៉ុន និង​សហភាព​អឺរ៉ុប បាន​ចាយលុយ​រាប់ពាន់​លាន​ដុល្លារ​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​វ៉ាក់សាំង​ឈានមុខ​មួយចំនួន មុនពេល​ប្រសិទ្ធភាព​នៃ​ថ្នាំ​វ៉ាក់សាំង​ទាំងនេះ​ត្រូវបាន​ធានា​ផង​នោះ​។ ម្ល៉ោះហើយ​ទើប​មានការ​ព្រួយ​បា​ម្ភ​ថា ប្រទេស​ក្រីក្រ អាច​គ្មាន​លទ្ធភាព​ទិញ​វ៉ាក់សាំង​ទាន់​ប្រទេស​អ្នកមាន ហើយ​ត្រូវ​រង់ចាំ​យូរ​ទម្រាំ​ពលរដ្ឋ​ខ្លួន​អាច​ទទួលបាន​វ៉ាក់សាំង​ប្រើប្រាស់​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក បាន​បង្កើត​កម្មវិធី​អន្តរជាតិ​មួយ​ឈ្មោះថា COVAX តែ​បច្ចុប្បន្ន​មានការ​លំបាក​ក្នុងការ​រៃអង្គាសប្រាក់​តាម​តម្រូវការ​។ គោលដៅ​នៃ​កម្មវិធី COVAX​គឺ​បញ្ជា​ទិញ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​យ៉ាងតិច​២​ពាន់​លាន​ដូ​ស​ត្រឹម​ចុងឆ្នាំ​២០២១ សម្រាប់​ចែក​ឲ្យ​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​និង​ទាប​។​
 
​ក្នុងជំនួប​កំពូល​ដដែល​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ហៅ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​ថា វិបត្តិ​ធំ​ផុត​លេខ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ តាមរយៈ​សារ​វីដេអូ  លោក Guterres លើកឡើងថា ពិភពលោក​ត្រូវការ​សាមគ្គីភាព​រាល់​ជំហាន​ដែល​ខ្លួន​ដើរ ហើយ​លោក​សង្កត់ធ្ងន់ថា ថ្នាំ​វ៉ាក់សាំង ត្រូវតែ​ជា​ផលិតផល​សាធារណៈ​សកល​។ 
 
​គិត​ត្រឹម​ថ្ងៃទី ២៦ ខែតុលា ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​ទូទាំង​ពិភពលោក មាន​សរុប ៤២,៩​លាន​ករណី ក្នុងនោះ​ជាសះស្បើយ​មាន ២៨,៩​លាន​នាក់ ខណៈ​អ្នកស្លាប់ មាន​១,១៥​លាន​នាក់​។ តួលេខ​របស់ WHO បង្ហាញថា ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាង​៤៦​ម៉ឺន​ករណី ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​២៤ ខែតុលា ហើយ​ពាក់កណ្ដាល​នៅក្នុង​តំបន់​អឺរ៉ុប​៕ 
 
 

Tag:
 ​អង្គការ​សុខភាព​ពិភពលោក​
  UN
  វ៉ាក់សាំង​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com