អត្ថបទពាណិជ្ជកម្ម
ប្រជាជន​កម្ពុជា ជាង​៤​ពាន់​នាក់ មាន​ទឹកស្អាត​ប្រើប្រាស់ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​
27, Oct 2020 , 3:32 pm        
រូបភាព
​ប្រជាជន​កម្ពុជា​រាប់ពាន់នាក់ មកពី​ភូមិ​ចំនួន​៣ អាច​រស់នៅ​ដោយមាន​សុវត្ថិភាព និង​សុខភាព​ល្អប្រសើរ​ជាង​មុន បន្ទាប់ពី​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់ តាមរយៈ​ការទទួលបាន​បច្ចេកវិទ្យា​បន្សុទ្ធ​ទឹក ក្រោម​គំនិត​ផ្ដួចផ្ដើម 20by2020 របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ គំនិត​ផ្ដួចផ្ដើម​នេះ ជា​ផ្នែក​មួយ​នៃ​ពានរង្វាន់ Zayed Sustainability Prize ដែល​បង្កើត​នៅ​ឆ្នាំ​២០០៨ ។​
 
​ប្រជាជន​ចំនួន ៤,៤០០​នាក់ ដែល​ទទួលបាន​ទឹកស្អាត និង​មាន​សុវត្ថិភាព​ប្រើប្រាស់​ជា​លើកដំបូង រស់នៅ​ក្នុងភូមិ​ឆ្នុកទ្រូ កំពង់ព្រះ និង​សេះ​ស្លាប់​។ ឧបករណ៍​បន្សុទ្ធ​ទឹក​ដែល​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ ត្រូវបាន​បំពាក់​ដោយ​ក្រុមហ៊ុន​បារាំង Safe Water Cube ដែលជា​ក្រុមហ៊ុន​ជាប់​បេក្ខភាព​ចុងក្រោយ​ផ្នែក​ទឹក នៃ​ពានរង្វាន់ Zayed Sustainability Prize របស់​ប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម​។​
 
​ពានរង្វាន់ Zayed Sustainability Prize បានបញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា បច្ចេកវិទ្យា​ដែល​បំពាក់​នៅ​កម្ពុជា​នេះ ជួយ​ឲ្យ​ទឹក​ដែល​ចេញពី​ប្រភព​នានា ដូចជា​ស្ទឹង បឹង ត្រពាំង អាច​ពិសា​បាន តាមរយៈ​ការបំបាត់​វីរុស និង​បាក់តេរី ដែល​បង្ក​ទៅ​ជំងឺ​រាករូស រាក​មួល គ្រុនចាញ់ និង​រលាក​ថ្លើម​ជាដើម​។ ឧបករណ៍​ដែល​ត្រូវបាន​បំពាក់​នេះ អាច​បន្សុទ្ធ​ទឹក​ដល់​ទៅមួយ​ពាន់​លីត្រ​ក្នុង​មួយ​ម៉ោង ដោយ​មិន​ត្រូវបាន​ថាមពល ឬ​ការថែទាំង ឬ​សា​ធាតុគីមី​ជំនួយ​ឡើយ​។ 
 
​ក្រោម​គំនិត​ផ្ដួចផ្ដើម 20by2020 សហគមន៍​ខាងលើ និង​សាលា​ឆ្នុកទ្រូ ព្រមទាំង​មណ្ឌល​សុខភាព​ផង​នោះ អាច​ទទួលបាន​ទឹកស្អាត ចៀសវាង​ការឆ្លង​ជំងឺ​ផ្សេងៗ​ដែល​កើតចេញពី​ការ​ពិសា​ទឹក​កខ្វក់​។ វា​ក៏​ផ្ដល់ឱកាស​ថ្មី សម្រាប់​ការទទួលបាន​អនាម័យ ពិសេស​ការ​មាន​ទឹកស្អាត​ដើម្បី​លាងដៃ សំដៅ​បង្ការ​ការឆ្លង​ជំងឺ COVID-19 ដែរ​។​


 
​រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ជឿនលឿន​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ជានា​យក Zayed Sustainability Prize លោក​បណ្ឌិត Sultan Al Jaber និយាយថា បច្ចេកវិទ្យា​បន្សុទ្ធ​ទឹក​ដ៏​មាន​នវានុវត្តន៍​នេះ មាន​ឥទ្ធិពល​វិជ្ជមាន​លើ​សុខភាព និង​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា នៅតាម​ជនបទ​។ លោក​បន្តថា​៖ «​តាមរយៈ​គំនិត​ផ្ដួចផ្ដើម 20by2020 យើង​កំពុង​បង្កើន​អនុភាព​ដំណោះស្រាយ ប្រកបដោយ​ចីរភាព​របស់​អ្នកឈ្នះ និង​បេក្ខជន​វគ្គ​ចុងក្រោយ នៃ​ពានរង្វាន់ Zayed Sustainability Prize ក្នុង​ការជួយ​ជីវិត​ជាច្រើន នៅលើ​ពិភពលោក​។​»
 
​លោក លឹម គានហោ រដ្ឋមន្ត្រី​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​កម្ពុជា បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម 20by2020 ដែល​វិភាគទាន​របស់​គំនិត​ផ្ដួចផ្ដើម​នេះ ស្របតាម​គោលដៅ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទ​ន្ល​សាប ដើម្បី​ជំរុញ​ការទទួលបាន​ស្អាត​បរិភោគ នៅ​ទី​ដាច់ស្រយាល នៅ​ជុំវិញ​ទន្លេសាប​។ លោក​បាន អរគុណ​ពានរង្វាន់​ខាងលើ និង​ដៃគូ​នៃ​គំនិត​ផ្ដួចផ្ដើម ដែល​បានផ្ដល់​ដំណោះស្រាយ​ច្នៃប្រឌិត​បែបនេះ​។ 
 
​ការទទួលបាន​ទឹកស្អាត​បរិភោគ ជា​គោលដៅ​មួយ ក្នុងចំណោម​គោលដៅ​ទាំង​១៧​របស់​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ​។ នៅ​កម្ពុជា ការទទួលបាន​ទឹកស្អាត នៅតែ​ជា​បញ្ហា​ប្រឈម​មួយ ដោយ​ប្រជាជន​ជាច្រើន​ខ្វះខាត​ទឹកស្អាត​។ ជាមួយ​គម្រោង​របស់​គំនិត​ផ្ដួចផ្ដើម 20by2020 វា​នឹង​ក្លាយជា​ជំហាន​ដ៏​សំខាន់ សម្រាប់​ភូមិ​ទាំង​៣ ក្នុង​ការទទួល​ទឹកស្អាត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com